ភ្នំពេញ ៖ ដើមធ្នង់មួយដើមដ៏ធំដុះនៅកន្លែងខ្ទមអ្នកតា ដែលប្រជាពលរដ្ឋ អ្នកស្រុក តែងតែទៅគោរព បូជា ធ្វើពិធី តាមជំនឿសាសនា រាប់ឆ្នាំមកហើយ ស្រាប់តែនៅពេលនេះ ត្រូវបានជនសង្ស័យចំនួន៥នាក់ ប្រដាប់ដោយរថយន្តស្ទូច ឧបករណ៍ កាត់ ជីក កកាយ ប៉ុនប៉ងលួចលើកយក តែមិនទាន់ស្ទូចលើករួចផង ពលរដ្ឋប្រទះឃើញ រាយការណ៍ប្រាប់សមត្ថកិច្ច ចុះទៅឃាត់ខ្លួនជនសង្ស័យ៥នាក់ មធ្យោបាយ សម្ភារៈពាក់ព័ន្ធ កាលពីវេលាម៉ោង៦និង៣០នាទីព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៩ ស្ថិតនៅតាមប្រឡាយ ភ្លឺស្រែ ក្នុងចំណុចភូមិស្រែញ័រ៍ សង្កាត់ពងទឹក ខណ្ឌដង្កោ ។

តាមប្រជាពលរដ្ឋបានឲ្យដឹងថា ដើមធ្នង់មួយដើមចំណុចខ្ទមអ្នកតា មាត់ប្រឡាយ ភ្លឺស្រែ ច្រើនឆ្នាំមកហើយ សូម្បីពួកគាត់កើតមក ឃើញដើមធ្នង់នៅចំណុចខាងលើ មានខ្ទមអ្នកតា ដែលប្រជាពលរដ្ឋ អ្នកស្រុក ភូមិ គោរព ជំនឿសាសនា ធ្វើពិធី បែ បន់ស្រ៊ន់ ជារៀងរាល់ឆ្នាំ ស្រាប់តែនៅព្រឹកថ្ងៃទី១០ នេះបន្ទាប់ពីពលរដ្ឋដឹកគោមកចង ប្រទះឃើញ សង្ស័យ រាយការណ៍ប្រាប់សមត្ថកិច្ចតែម្តង ។ ពលរដ្ឋបន្តទៀតថា កាលពីល្ងាចថ្ងៃទី០៩ ម្សិលមិញ ឃើញរថយន្តស្ទូច បើកចូលមក ចំណុចក្បែរដើមធ្នង់ម្តងហើយ រួចចេញទៅវិញបាត់ ស្រាប់តែ ព្រលឹមថ្ងៃទី១០នេះ ប្រទះឃើញជនសង្ស័យ ៥នាក់ ប្រដាប់ដោយ រថយន្តស្ទូច ឧបករណ៍ កាត់ កកាយ វាយបំបាក់ ខ្ទមអ្នកតាចោល ហើយគាស់យក ដើមធ្នង់ ស្ទូចលើកមិនទាន់រួចផង ខណៈដែលរថយន្តស្ទូចហើបបះជើងម្ខាង សង្ស័យបារមី អ្នកតា ចាប់សង្កត់ ទើបលើកយកដើមធ្នង់មិនទាន់ សមត្ថកិច្ចឃាត់មនុស្សទាំង៥នាក់បានតែម្តង ។ ដើមធ្នង់មួយដើមខាងលើ ដុះរាប់រយឆ្នាំមកហើយ មុខកាត់ខាងគល់ ប្រមាណ៨០សង់ទីម៉ែត្រ ប្រវែងដើមជាង៤ម៉ែត្រ ជាឈើប្រណិត តម្លៃរាប់មុឺនដុល្លា នៅចំណុចមានខ្ទមអ្នកតា ជាកន្លែងគោរព បូជា ជំនឿសាសនា បែជាមានជនសង្ស័យប៉ុនប៉ង កាត់ផ្តាច់ លួចលើកយកទៅវិញ ។

តាមសម្តីជនទាំង៥នាក់ ខាងលើ បានឲ្យដឹងថា ពួកគេទិញដើមឈើនេះចំនួន១០០ដុល្លាពីជនម្នាក់តែមិនបានប្រាប់ថាជាអ្នកណាឡើយ។តាមសមត្ថកិច្ចបានឲ្យដឹងថា ក្រោយពីប្រជាពលរដ្ឋរាយការណ៍ ចុះមកសាកសួរពិនិត្យជាក់ស្តែង ពុំមានការអនុញ្ញាតពីខាងណា ឲ្យជនទាំង៥នាក់នេះ ជីក គាស់ កាត់យកដើមធ្នង់ ជាឈើប្រណិតនេះឡើយ សមត្ថកិច្ចរាយការណ៍បន្តតាមឋានានុក្រម រួចបញ្ជាពីស្នងការក្រុងភ្នំពេញ ឃាត់ជនសង្ស័យទាំង៥នាក់ រថយន្តស្ទូច សម្ភារៈពាក់ព័ន្ធ និងលើកដឹកដើមធ្នង់ ទៅប៉ុស្តិ៍នគរបាលពងទឹកដើម្បីសាកសួរ ស្រាវជ្រាវ រកមេខ្យល់ តាមនីតិវិធី ។  សមត្ថកិច្ចបន្តទៀតថា នេះជាបទល្មើសចោរកម្ម លួចទ្រព្យសម្បត្តិសាធារណៈ ឃាត់ខ្លួននាំទៅ អនុវត្តបន្ត ទៅតាមនីតិវិធី ៕ដោយៈសាវី