ដើម្បីលើកកម្ពស់វិសយ័ព្រះពុទ្ធសាសនា និងគោរពប្រតិបត្តិតាមទំនៀមទំលាប់ ប្រពៃណីជាតិខ្មែរផងនោះ ឯកឧត្តម ប្រាជ្ញ ចន្ទ សមាជិកគណៈកម្មការទី១នៃរដ្ឋសភាជាតិ និងលោកជំទាវ ឯកឧត្តម ស៊ាក ឡេង ប្រធានក្រុមប្រឹក្សាខេត្តត្បូងឃ្មុំ ព្រមទាំងសហការី បានរៀបចំបុណ្យវេរទៀនចំណាំព្រះវស្សា ប្រគេនដល់ព្រះសង្ឃដែលគង់ចាំព្រះវស្សាអស់កាលត្រីមាស ក្នុងពុទ្ធសីមា៤វត្ត ស្ថិតនៅក្នុងឃុំស្រឡប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ។

ការប្រគេនទៀនវស្សាទាំង៤វត្ត របស់ឯកឧត្តម ប្រាជ្ញ ចន្ទ សមាជិកគណៈកម្មការទី១នៃរដ្ឋសភាជាតិ និងលោកជំទាវនេះ ធ្វើឡើងនៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៩ ដោយក្នុងនោះមាន៖ វត្តចំនួន៤ គឺវត្តគូសាលាហៅវត្តខ្នារ វត្តត្រពាំងសង្កែ វត្តចាន់ទូង វត្តប្រធាតុ ដោយក្នុង១វត្តៗប្រគេនទៀនព្រះវស្សា១គូ អង្ករ៥០គក្រ មី៣កេះ ត្រីខ២យួរ ទឹកត្រី៣យួរ ទឹកស៊ីអ៊ីវ៣យួរ ទឹកសុទ្ធ១កេះ ទឹកក្រូច១កេះ ទឹកដោះគោ១០កំប៉ុង តែស្ករស១០គីឡូ តែ១០កញ្ជប់ សាដក ២៥កញ្ជប់  និងបច្ច័យ២លានរៀល សរុបថវិការប្រមាណជាង១០លានរៀល។

ក្នុងឱកាសនោះដែរ ឯកឧត្តម ប្រាជ្ញ ចន្ទ បានអញ្ជើញសំណេះសំណាល ជាមួយប្រជាពលរដ្ឋ និងបានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសាកសួរសុខទុក្ខ ពីប្រមុខរាជរដ្ឋាភិបាល សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ។

ឯកឧត្តម បន្ដថា ប្រទេសជាតិយើងសព្វថ្ងៃនេះ កំពុងតែមានរីកចម្រើនជាលំដាប់ និងការកសាងលើគ្រប់វិស័យ ទាំងហេដ្ឋារចនាសម្ព័ន្ធ ផ្លូវថ្នល់ ផ្លូវដែក អគារខ្ពស់ៗ សាលារៀន មន្ទីរពេទ្យ វត្ដអារាម រោងចក្រក៏កាន់តែច្រើន -ល- នេះក៏ដោយសារតែប្រទេសមានសុខសន្ដិភាព ហើយសុខសន្ដិភាពនេះ គឺបានមកពីការដឹកនាំដ៏រឹងមាំក្រោមការដឹកនាំរបស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា។

ឯកឧត្តម ប្រាជ្ញ ចន្ទ បញ្ជាក់ទៀតថា ៖ កត្តាសុខសន្តិភាព មានសារៈសំខាន់ណាស់ សំរាប់ជម្រុញនូវការអភិវឌ្ឍន៍ ប្រទេសជាតិឱ្យឆាប់បានរីកចំរើន ប្រទេសជាតិយើងប្រសិនបើគ្មានសុខសន្តិភាពទេនោះ គ្មានការអភិវឌ្ឍន៍រីកចំរើនដូចសព្វថ្ងៃនេះដែរ។ ដូចនេះសូមបងប្អូនយើងជួយ ថែរក្សាការពារសមិទ្ធផលនានា របស់រាជរដ្ឋាភិបាល និងថែរក្សាសន្តិភាពឱ្យបានគង់វង្ស យើងទាំងអស់គ្នាត្រូវខិតខំការពារ ទោះត្រូវចំណាយតម្លៃណាក៍ដោយ។

ចប់ប្រសាសន៍សំណេះសំណាលឯកឧត្តម ប្រាជ្ញ ចន្ទ សមាជិកគណៈកម្មការទី១នៃរដ្ឋសភាជាតិ និងលោកជំទាវ  នាំយកអំណោយចែកជូន ដល់ព្រះសង្ឃ១៨អង្គ ក្នុង១អង្គៗទទួលបានថវិការ៥ម៉ឺនរៀល តាជី យាយជីចំនួន២០០​នាក់ ក្នុងម្នាក់ៗថវិកា១ម៉ឺនរៀលផងដែរ៕