(សៀមរាប)៖ ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានផ្ដល់អភិក្រម ជាគោល ក្នុងការសិក្សារៀបចំ ផែនការមេអភិវឌ្ឍវិស័យទេសចរណ៍ខេត្តសៀមរាប ដើម្បីជំរុញគម្រោងផែនការមេនេះ ប្រព្រឹត្តទៅបានរលូន ប្រកបដោយប្រសិទ្ធភាពខ្ពស់ ។

ការថ្លែងផ្ដល់អនុសាសន៍ទាំងនេះធ្វើឡើងក្នុងពិធីបិទសិក្ខាសាលាពិគ្រោះយោបល់លើកទី១ ស្តីពីការរៀបចំផែនការមេអភិវឌ្ឍវិស័យទេសចរណ៍នៅខេត្តសៀមរាប កាលពី ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៩ ។ ពីធីនេះក៏មានការចូលររួមពីលោកសាស្ត្រាចារ្យ Harry Coccossis មកពីសាកលវិទ្យាល័យ Toulouse នៃប្រទេសបារាំង និងក្រុមអ្នកជំនាញការជាតិ-អន្តរជាតិផងដែរ ។

ឯកឧត្តមរដ្ឋមន្ត្រី ថោង ខុន មានប្រសាសន៍ថា ផែនការមេនេះ មានសារៈសំខាន់ ជាយុទ្ធសាស្រ្តចូលរួមគាំទ្រ ដល់កិច្ចអភិវឌ្ឍវិស័យទេសចរណ៍កម្ពុជា និង ចូលរួមគាំទ្រដល់ការសម្រេចឲ្យបានចក្ខុវិស័យនៃការទទួលភ្ញៀវទេសចរប្រមាណ ១១លាននាក់ ឆ្នាំ២០២៥, ១៥លាននាក់ នៅឆ្នាំ២០៣០ និង ២០លាននាក់ នៅឆ្នាំ២០៣៥ ហើយដែលក្នុងនោះប្រមាណជិត ៥០% នឹងធ្វើដំណើរមកទស្សនាខេត្តសៀមរាប ពីព្រោះសៀមរាបជាប៉ូលទេសចរណ៍ដ៏ចម្បងបំផុតរបស់កម្ពុជា។
ឯកឧត្តមបានបន្តថា ខេត្តសៀមរាបត្រូវពង្រឹងលក្ខណៈសម្បត្តិរបស់ខ្លួន សម្រាប់ចាប់យកកាលានុវត្តភាព ដែលមានលើទីផ្សារអន្តរជាតិ និង ត្រៀមខ្លួនឲ្យបានរួចរាល់ចំពោះបញ្ហាប្រឈមថ្មីៗ ដូចជានិន្នាការនៃការថយចុះ កំណើនសេដ្ឋកិច្ចពិភពលោក បណ្តាលមកពីសង្គ្រាមពាណិជ្ជកម្មនៃប្រទេសមហាអំណាច ជាដើម ។

ឯកឧត្តមបានគូសបញ្ជាក់ថា ក្រុងសៀមរាប គឺជាជ័យលាភីទីក្រុងស្អាតទាំងថ្នាក់ជាតិ (រំដួល៣ទង) និងជាជ័យលាភីទីក្រុងទេសចរណ៍ស្អាតអាស៊ាន ។ ដូច្នេះចាំបាច់ត្រូវបន្តយកចិត្តទុកដាក់បន្ថែមលើការរៀបចំ ឲ្យមានសោភ័ណភាព សណ្តាប់ធ្នាប់ របៀបរៀបរយ បរិស្ថានស្អាត ការរៀបចំប្រព័ន្ធលូរំដោះទឹកភ្លៀងកុំឲ្យលិចក្រុង និង រៀបចំចិញ្ចើមផ្លូវ និង ទុកឲ្យមានផ្លូវសម្រាប់ជិះកង់ បញ្ជៀសការកកស្ទះចរាចរណ៍នៅក្នុងក្រុងសៀមរាប បន្តពង្រឹងការគ្រប់គ្រង សំណល់រឹង និងសេវាប្រមូលសំរាម ដោយរៀបចំ ទីលានចាក់សំរាម តាមបទដ្ឋានបច្ចេកទេស ជំរុញដល់ការ កែច្នៃសំណល់រឹង ការរៀបចំអាងប្រព្រឹត្តកម្មសំណល់រាវ អាងចម្រោះធម្មជាតិ ការប្រើប្រាស់ Septic tank នៅតាមមូលដ្ឋានអាជីវកម្ម ព្រមទាំងការរៀបចំ និងការថែទាំប្រព័ន្ធបណ្តាញលូ ប្រឡាយទឹកភ្លៀង និងទឹកកខ្វក់នៅតាមតំបន់លំនៅដ្ឋានរបស់ប្រជាពលរដ្ឋផងដែរ៕