តាកែវ៖ លោក លី សាវ៉េត អភិបាលរងខេត្តតាកែវនិងជាប្រធានការងារគណនេយ្យភាពសង្គមបានធ្វើការជំរុញអោយបណ្ដាមន្ទីរអង្គភាពជុំវិញខេត្តនិងអង្គការសង្គមស៊ីវិលដែលជាដៃគូរត្រូវសហការគ្នាដោះស្រាយបញ្ហាប្រឈមដែលជាកង្វល់របស់ប្រជាពលរដ្ឋ ពោលគឺធ្វើយ៉ាងណាដើម្បីពួកគាត់មានទំនុកចិត្តមកលើអាជ្ញាធរមូលដ្ឋានរបស់យើងដែលជាអ្នកដោះស្រាយជូនគាត់។
ថ្លែងនៅក្នុងឱកាសអញ្ជើញ ជាអធិបតីភាពក្នុងកិច្ចប្រជុំប្រចាំឆមាសទី១ ឆ្នាំ២០១៩ ស្ដីពីវឌ្ឍនភាពនៃការអនុវត្ត​ន៍​ការងារគណនេយ្យភាពសង្គមនិងផែនការអនុវត្តបន្ត នៅសាលប្រជុំសាលាខេត្តតាកែវ លោក លី សាវ៉េត អភិបា​លរងខេត្តតាកែវ បានមានប្រសាសន៍ថា ក្នុងនាមអាជ្ញាធរមូលដ្ឋានជាអ្នកបំរើសេវាជូនប្រជាពលរដ្ឋ មិនមែនជាចៅហ្ចាយនាយទេយើងត្រូវតែចុះទៅដល់មូលដ្ឋាន របស់ពួកគាត់ផ្ទាល់ដើម្បីអោយដឹងពីបញ្ហាប្រឈមដែលជាកង្វល់ពួកគាត់។
លោកអភិបាលរងខេត្តបានបន្ថែមទៀតថា ដោយចង់ជួយសម្រួលការលំបាករបស់បងប្អូនប្រជាពលរដ្ឋទើបរាជរដ្ឋាភិបាលបង្កើតការិយាល័យច្រកចេញចូលតែមួយ នៅថ្នាក់ក្រោមជាតិដើម្បី ផ្តល់សេវាសាធារណៈជូនអ្នកប្រើប្រាស់ឲ្យមានភាពប្រសើរឡើងលើសពីនេះទៅទៀត អាចកាត់បន្ថយនូវអំពើពុករលួយដែលកើតមានឡើងនៅតាមមូលដ្ឋានផងដែរ។
ជាចុងក្រោយអភិបាលរងខេត្តតាកែវ លោក លី សាវ៉េត បានផ្តាំផ្ញើរដល់អង្គការសង្គមស៊ីវិល រួមនិងមន្ទីរអង្គភាព​ជុំវិញខេត្តសូមបង្កើនកិច្ចសហការណ៍នេះបន្តទៀត ទំាងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិដើម្បីផ្តល់សេវាសាធារ​ណៈ​ជូនប្រជាពលរដ្ឋ ឲ្យមានភាពប្រសើរឡើងស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជាបច្ចុប្បន្ន​៕