កំពង់ចាម: នៅរសៀល  ថ្ងៃទី១០  ខែកក្តដា  ឆ្នាំ២០១៩  ឯកឧត្ដម  អ៊ុន  ចាន់ដា  អភិបាលខេត្តកំពង់ចាម  បានដឹកនាំមន្ត្រីជំនាញ  ចុះពិនិត្យមេីលហេដ្ឋារចនសសម្ពន្ធ័  ផ្លូវ  ប្រពន្ធ័បង្ហូរទឹក  ស្ថិតក្នុងសង្កាត់សំបួរ មាស  ក្រុងកំពង់ចាម  ដែលកន្លងមកមានការកក់ស្ទះ  នឹងដក់ទឹក  ដែលធ្វេីឲ្យស្ថានភាពផ្លូវរងការខូចខាត  និងពិបាកធ្វេីដំណេីររបស់បងប្អូនប្រជាពលរដ្ឋផងដែរ។

បេីតាមរបាយការណ៍នៃមន្ទីរសាធារណៈការ  និងដឹកជញ្ជូន  ខេត្តកំពង់ចាម  បានឲ្យដឹងថា  ប្រពន្ធ័រំដោះទឹកមានប្រវែង២.៩៤០ ម៉ែត្រ និងដាក់អណ្ដូងលូ ១២០ កន្លែងមុខកាត់ ១ ម៉ែត្រនៅសងខាងផ្លូវ ស្ថិតនៅភូមិនាងគង្ហីង រហូតដល់ភូមិព្រែកដើមចាន់ សង្កាត់សំបួរមាស ក្រុងកំពង់ចាម  ត្រូវបានរៀបចំសាងសង់ ឡើងនាពេលខាងមុខឆាប់ៗ ដែលជាលូរំដោះទឹកភ្លៀង ដើម្បីបញ្ជៀសការកកស្ទះប្រព័ន្ធលូក្នុងក្រុងកំពង់ចាម។

ដោយសារតែកន្លងមកក្នុងក្រុងកំពង់ចាម ក្រោយពេលមានមេឃភ្លៀងខ្លាំងម្តងៗ ធ្វើអោយប្រព័ន្ធលូក្នុងខេត្តមួយចំនួនមានការកកស្ទះ និងប្រព័ន្ធលូមួយចំនួនទៀតរំដោះទឹកភ្លៀងមិនទាន់ ដែលកត្តាទាំងអស់នេះបណ្តាលមកពីការកកស្ទះសំរាម និងដី ធ្វើអោយលូរំដោះទឹកមិនទាន់ ។ ដោយមើលឃើញបញ្ហាទាំងអស់នេះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម  បានបញ្ជាទៅមន្ត្រីជំនាញ រៀបចំសាងសង់ប្រព័ន្ធលូបន្ថែមទៀតក្នុងសង្កាត់សំបួរមាស ។

ឯកឧត្ដម  អ៊ុន  ចាន់ដា  អភិបាលខេត្តកំពង់ចាម  ក៍បានអញ្ជេីញ ចុះពិនិត្យមេីលបឹងស្នាយ  ស្ថិតនៅភូមិ តាណេងសង្កាត់ សំបួរមាសដេីម្បីរៀបចំគម្រោងអភិវឌ្ឍន៍តំបន់នេះឲ្យប្រែក្លាយទៅជាតំបន់ទេសចរណ៍ផង​ដែរ៕