ខេត្តព្រះសីហនុ៖ ឃ្លាំងលក់ម៉ាសុីនភ្លើងចំនួន២កន្លែង ត្រូវបាន សមត្ថកិច្ចគយចលត័តំបន់៣ នៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា សហការជាមួយសាខាគយនិងរដ្ឋាករខេត្តព្រះសីហនុនិងចូលរួមពីកម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងកម្លាំងកងរាជអាវុធហត្ថ ៤០២ របស់កងរាជអាវុធហត្ថខេត្តព្រះសីហនុ ដោយមានការសម្របសម្រួលពីលោក សុខ កល្យាណ ប្រធានសាលាដំបូងខេត្តព្រះសីហនុ និងលោកព្រះរាជអាជ្ញា សៀង សុខ ហើយនិងលោកព្រះរាជអាជ្ញារង លឹម ប៊ុនហេង ដឹកនាំចុះអនុវត្តន៍ផ្ទាល់តាមដីកាលេខ(២៨០៥)ចុះថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៩ របស់សាលាដំបូងខេត្តព្រះសីហនុ បានចូលឆែកត្រួតពិនិត្យក្នុងឃ្លាំងលក់ម៉ាសុីនភ្លើងចំនួន២កន្លែង ។

ប្រភពបានបន្តទៀតថាឃ្លាំងលក់ម៉ាសុីនភ្លើងទាំង២កន្លែងនេះ ម្ចាស់ជាជនជាតិចិន ដែលមានទីតាំងនិងឈ្មោះដូចខាងក្រោម៖
ទី១-ឃ្លាំងស្តុកម៉ាស៊ីនភ្លើងមានឈ្មោះ ហាង ហ្វូលីស៊ឺថឹ ដែលថិតតាមបណ្ដោយផ្លូវជាតិលេខ៤ ភូមិ១ សង្កាត់១ ក្រុង/ខេត្តព្រះសីហនុ ទល់មុខនិងរោងចក្រផលិតសំបកកំប៉ុងក្រោន ។
ទី២-ឃ្លាំងស្តុកម៉ាស៊ីនភ្លើង(គ្មានឈ្មោះ)មានទីតាំងនៅតាមបណ្ដោយផ្លូវជាតិលេខ៤ ភូមិ១ សង្កាត់១ ក្រុង/ខេត្តព្រះសីហនុ ទល់មុខរោងចក្រផលិតសំបកកំប៉ុងក្រោន ដូចខាងលើឆៀងខាងលិច ស្ថិតនៅក្នុងសង្កាត់លេខ១ក្រុងព្រះសីហនុ ។

យោងតាមសម្ដីរបស់មន្ត្រីគយ បានថ្លែងថា ក្នុងពេលចុះឆែកត្រួតពិនិត្យកន្លែងលក់ម៉ាសុីនភ្លើងទាំង២កន្លែងនេះ សមត្ថកិច្ចរកឃើញមានម៉ាសុីនភ្លើងថ្មីទាំងតូចទាំងធំប្រមាណជាង៦០គ្រឿង ដែលមិនទាន់មានឯកសារបង់ពន្ធនាំចូលខុសនឹងនិតិវិធីគយ។ ក្នុងករណីខាងលើនេះសមត្ថកិច្ចគយបានដកហូតយកម៉ាសុីនភ្លើងទាំងអស់ទៅរក្សាទុកជាបណ្តោះអាសន្នរួចហើយតម្រូវអោយម្ចាស់ចូលទៅបង្ហាញឯកសារបង់ពន្ធនិងបើគ្មានឯកសារត្រឹមត្រូវ តម្រូវអោយម្ចាស់បង់ពន្ធជូនរដ្ឋ ជាមួយនឹងការផាកពិន័យតាមនិតិវិធីច្បាប់ ។

គួសបញ្ជាក់ផងដែរថា សកម្មភាពបង្ក្រាបទំនិញគេចពន្ធនេះ គឺអនុវត្តន៍តាមគោលការណ៍ណែនាំផ្ទាល់ពីប្រធាននាយកដ្ឋានបង្ការនិងបង្ក្រាបអំពើគេចពន្ធ និងឯកឧត្តមប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកអគ្គនាយកគយនិងរដ្ឋាករកម្ពុជា ដែលតម្រង់ទិសអោយប្រតិបត្តិការឯកជនទាំងអស់ ទាំងជនជាតិខ្មែរនិងជនបរទេសត្រូវគោរពច្បាប់ពន្ធគយ ដើម្បីប្រមូលប្រាក់ពន្ធជូនរដ្ឋ៕​