ភ្នំពេញ៖ លោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានប្រកាសប្រើវិធានការក្ដៅ ដើម្បីលុបបំបាត់ម៉ូតូទាំងឡាយណា ដែលកែច្នៃស៊ីម៉ាំងមានសំឡេងឮខ្លាំងៗ រំខានដល់ការរស់នៅរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋានរាជធានីភ្នំពេញ។

លោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ ប្រកាសដាក់ចេញវិធានការនេះ ធ្វើឡើងនៅព្រឹកថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៩នេះ ក្នុងពិធីប្រគល់លិខិតបញ្ជាក់ការសិក្សា វគ្គបំប៉នជំនាញ បច្ចេកទេសវិទ្យាសាស្រ្ត និងការគ្រប់គ្រងការស្នាក់នៅជំនាន់ទី៤ នៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។

ក្នុងឱកាសនេះ លោកឧត្តមសេនីយ៍ឯក ស ថេត បានលើកឡើងថា ការអនុវត្តចំពោះមុខ ខណ្ឌដូនពេញ ត្រូវមានវិធានការមុនគេ ក្នុងការលុបបំបាត់ម៉ូតូ ដែលបង្កសំឡេងរំពងខ្លាំង ជាពិសេស នៅពេលរាត្រី ព្រោះវាពិតជាបានរំខានដល់ពលរដ្ឋ ជាពិសេសចាស់ៗ ដែលពួកគាត់ពិបាកសម្រានទៅវិញ នៅពេលភ្ញាក់ពីដំណេក។ចុងក្រោយក្រៅពីនេះ ស្នងការនគរបាលរាជធានីភ្នំពេញ ក៏បានជំរុញឲ្យទប់ស្កាត់ការប្រណាំងម៉ូតូ ជាពិសេសក្រុមសិស្សសាលា នៅក្នុងរាជធានីភ្នំពេញ ហើយនៅពេលឃាត់បានហើយ ត្រូវហៅអាណាព្យាបាល ដើម្បីធ្វើកិច្ចសន្យា និងអប់រំ៕អត្ថបទ និងរូបភាព ទឹម វិបុល