(កំពង់ធំ)៖លោក លឹម ភ័ណ្ឌ ដែលជាម្ចាស់សហគ្រាស «លឹមភ័ណ្ឌ ផលិតទឹកសុទ្ធ ទឹកក្រូច»នៅទីរួមខេត្តកំពង់ធំ បានអះអាងថាសហគ្រាសរបស់ខ្លួនមានច្បាប់ត្រឹមត្រូវហើយចាត់ទុកការចុះបង្ក្រាបរបស់មន្ត្រីនគរបាលដែលដឹកនាំដោយលោក កាន់ វឌ្ឍនាធ្វើឡើងដោយបំពានច្បាប់ មានចេតនាទុច្ចរិតព្រមទាំងសម្រេចចិត្តប្តឹងមន្ត្រីដែលចុះបង្ក្រាប ទាំងបំពានច្បាប់ទៅតុលាការ​និងស្ថាប័នមួយចំនួនទៀតដើម្បីរកភាពយុត្តិធម៌ និងទាមទារសំណងខូចខាតផងដែរ។

លោក លឹម ភ័ណ្ឌ បានអះអាងថា សហគ្រាសរបស់លោកមានច្បាប់ត្រឹមត្រូវចេញដោយក្រសួងឧស្សាហ៍កម្ម ក្រុមហ៊ុនមានច្បាប់ពីក្រសួងពាណិជ្ជកម្មមានបណ្ណប៉ាតង់ពន្ធដារ មានការទទួលស្គាល់ពីស្ថាប័នមាត្រដ្ឋានចំណីអាហារហើយមន្ត្រីសមត្ថកិច្ចចុះធ្វើការពិនិត្យរៀងរាល់ ៣ខែម្ដង។ប៉ុន្តែបែរជាមន្ត្រីនគរបាលខាងលើ ចុះទៅបង្ក្រាបដោយចោទថាលួចផលិតទឹកក្រូចទឹកសុទ្ធក្លែងក្លាយទៅវិញ។

លោកបានបន្តថា មិនតែប៉ុណ្ណោះ មន្ត្រីនគរបាលដែលមកពីភ្នំពេញចុះបង្ក្រាបមានភាពមិនប្រក្រតី ក្នុងចេតនាទុច្ចរិតដូចជាចុះទៅមិនសហការជាមួយមន្ត្រីអាជ្ញាធរពាក់ព័ន្ធនៅក្នុងខេត្តឡើយទាល់តែម្ចាស់ទីតាំងបញ្ចេញប្រតិកម្មទើបហៅនគរបាលមូលដ្ឋានមកចូលរួមហើយហៅព្រះរាជអាជ្ញាមកចូលរួមដឹកនាំ។

បន្ថែមពីនេះ ខណៈពួកគេសម្រុកចូលទៅក្នុងឃ្លាំងទីតាំងសហគ្រាសពួកគេហាមមិនឱ្យកម្មករនៅយាមឃ្លាំងថតរូបបញ្ជាឱ្យបិទកាម៉េរាសុវត្ថិភាពដែលថតពីសកម្មភាពនៅក្នុងឃ្លាំង​បញ្ជាឱ្យកម្មករដែលមានគ្នាតែ៤នាក់ទៅយកគ្រឿងផ្សុំមកផ្សុំផលិតទឹកក្រូច ដើម្បីពួកគេថតយកជាភស្តុតាងខណៈសង្វាក់ផលិតកម្មទឹកក្រូច ទឹកសុទ្ធ ខាងលើនេះ ត្រូវបានលោកបិទអស់ជិត១ខែមកហើយ ព្រោះតែផលិតលក់មិនចំណេញ ហើយការប្រកាសបិទនេះ​លោកបានឱ្យដឹងថាសម្រាប់ការបិទអាជីវកម្ម លោកបានជម្រាបទៅខាងមន្ទីរឧស្សាហកម្មដឹងឮទៀតផងដែរព្រោះបើសង្វាក់ផលិតកម្មនៅដំណើរការ គឺសហគ្រាសនេះមានកម្មករ ដល់ទៅជាង៥០នាក់ឯណោះ តែដោយសារបិទការផលិតទើបលោករំសាយបុគ្គលិកអស់ដោយទុកតែ ៤នាក់គ្រាន់បម្រើការផ្នែកដេប៉ូលក់ភេសជ្ជៈ ដែលលោកទទួលទិញទឹកក្រូចទឹកសុទ្ធពីក្រុមហ៊ុនផ្សេងៗ យកមកស្តុកទុក ដើម្បីចែកចាយនៅក្នុងខេត្តបន្តដែលករណីនេះនាំឱ្យមន្ត្រីដែលចុះបង្ក្រាបគ្មានធ្វើការសួរនាំហើយចោទទាំងបំពានថាផលិតទឹកក្រូច ទឹកសុទ្ធក្លែងក្លាយនោះ។ មិនតែប៉ុណ្ណោះថែមទាំងនាំខ្លួនកម្មករ ដែលគ្នាមិនដឹងអីយកទៅសួរគំរាមកំហែងថែមទៀតផង។

ពាក់ព័ន្ធទង្វើខាងលើ លោក លឹម ភ័ណ្ឌ ថា លោកមិនអាចទទួលយកបានឡើយបង្ខូចកិត្តិយសអាជីវកម្មរបស់លោកផ្ដល់ព័ត៌មានបំភ្លើសឱ្យសារព័ត៌មានផ្សព្វផ្សាយ ធ្វើឱ្យប៉ះពាល់ដល់កិត្តិយសសហគ្រាសដែលមានច្បាប់ត្រឹមត្រូវដូចនេះលោកសំរេចដាក់ពាក្យបណ្ដឹងទាមទារយុត្តិធម៌ ទៅប្រធានអង្គភាពរបស់គេនិងប្ដឹងទៅក្រសួងមហាផ្ទៃ និងតុលាការផងដែរ ដើម្បីទាមទារសំណងខូចខាតមកវិញ។
​សូមបញ្ជាក់ថា​កាលពីថ្ងៃទី១០​ខែកក្កដា​ម្សិលមិញ​មន្ត្រីនគរបាលមួយក្រុមមកពីក្រុមបង្ក្រាបផលិតផលក្លែងក្លាយដឹកនាំដោយលោកផ្កាយ១​កាន់​វឌ្ឍនា​បានចុះទៅបង្ក្រាបសហគ្រាសផលិតទឹកសុទ្ធ​ទឹកក្រូច​នៅកណ្ដលទីរួមខេត្តកំពង់ធំដោយចោទថាផលិតក្លែងក្លាយ​។