ខេត្តត្បូងឃ្មុំ៖ អគារសេនាធិការដ្ឋាននៃកងរាជអាវុធហត្ថខេត្តត្បូងឃ្មុំ ចាប់បើកការសាងសង់ហើយ នៅព្រឹកថ្ងៃទី​១៤ ខែកក្កដា ឆ្នាំ២០១៩នេះ អគារថ្មី មាន ទទឹងប្រវែង១១ម៉ែត្រ បណ្តោយប្រវែង៥៦ម៉ែត្រ និងកម្ពស់៣ជាន់ ដោ​យ​ប្រើប្រាស់ថវិកាសាងសង់អស់ចំនួន៦២ម៉ឺនដុល្លារនិងប្រើរយៈពេលសាងសង់ប្រមាណ៣៦ខែទើបរួចជាស្ថាពរ ។​នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង ខ.ភ.ម និងជាមេបញ្ជាការ អ.ហ.ផ.ទ បានបញ្ជាក់ថា ការប្រារព្ធខួបលើកទី២៦ ទិវាកងរាជអាវុធហត្ថឆ្នាំនេះ គឺបានបំផុសសកម្មភាពអប់រំចិត្តសាស្ត្រ ចាត់តាំងការប្រកួតកីឡាសិល្បះ បង្កើតនូវការសប្បាយរីករាយផង និងពង្រឹងសុខភាព ដើម្បីសម្រេចភាកិច្ចផង ។

ម៉្យាងវិញទៀត ក៏ឆ្លៀតយកឱកាដនេះផងដែរ គឺធ្វើពិធីបញ្ចុះបឋមសីលាកសាងអគារសេនាធិការដ្ឋាន កងរាជអាវុធហត្ថខេត្តត្បូងឃ្មុំ ដែលជាខេត្តបង្កើតថ្មីបំបែកចេញពីខេត្តកំពង់ចាម ជាសំណង់ជំហានដំបូងនៅលើផ្ទៃដី​៣០.៧០០ម៉ែត្រការ៉េទំហំអគារទទឹងន្រវែង១១ម៉ែត្រ បណ្តោយប្រវែង៥៦ម៉ែត្រ កម្ពស់៣ជាន់ ប្រើប្រាស់ថវិកាចំនួន​៦២ម៉ឺនដុល្លារអាមេរិក និងត្រូវប្រើរយៈពេលសាងសង់ប្រមាណ៣៦ខែ ។

ថវិកាសាងសង់នេះ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស គឺចូលរួមចំនួន ១០ម៉ឺនដុល្លារ ដើម្បីចាប់ផ្តើម​កាហេ​ដ្ឋាន ក្រៅពីនេះ និងបន្តចលនាសប្បុរសជន ។   នាយឯកឧត្តមសេនីយ៍ បានធ្វើការអំពាវនាវ សុំឱ្យមានការចូលរួមជាថវិកា សម្ភារៈក្តី  តាមសទ្ធា ដើម្បីឱ្យគម្រោងនៃសំណង់នេះ ដំណើរការទៅសម្រេចបានទាន់ពេលវេលាតាមការគ្រោងទុក ។ សំណង់នេះនិងក្លាយទៅជាសមិទ្ធិផលថ្មីមួយទៀតសម្រាប់បម្រើឱ្យវិស័យសន្តិសុខ សណ្តាប់​ធ្នាប់ និងការពារជាតិ ។ ហើយក៏ជាការឆ្លុះបញ្ចាំងនូវវឌ្ឍនភាពនៃការធ្វើកំណែទម្រង់កងយោធពលខេមរភូមិន្ទ​ថែម​ទៀតផង ។

សម្ដេចពិជ័យសេនា ទៀ បាញ់ បានថ្លែង ជំរុញឱ្យកម្លាំងកងរាជអាវុធហត្ថត្រូវសហការជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ រដ្ឋបាលមូលដ្ឋានគ្រប់លំដាប់ថ្នាក់ បន្ដចូលរួមថែរក្សានូវសន្ដិភាព ស្ថិរភាពនយោបាយ និងសន្ដិសុខជាតិ ដែលយើងប្រឹងប្រែងរកបាន ដោយលំបាកនេះ ត្រូវបន្ដខិតខំបង្កើនប្រសិទ្ធភាព និងគុណភាពនៃសេវាសាធារណៈ ព្រោះវាជាបេសកកម្មដ៏ធំចម្បងក្នុងការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជន។ ត្រូវប្រែក្លាយកងរាជអាវុធហត្ថឲ្យទៅជាកម្លាំងដែលផ្ដល់សេវាដ៏មានប្រសិទ្ធភាព សម្ដៅបម្រើប្រជាពលរដ្ឋឲ្យកាន់តែប្រសើរឡើង ដោយមានទឹកចិត្ត បម្រើការងារមុះមុត មានភក្ដីភាព ធ្វើជាអ្នកផ្ដល់សេវាគួរឲ្យគោរព និងមានសីលធម៌វិជ្ជាជីវៈ ។

ត្រូវធ្វើការផ្សព្វផ្សាយសភាពការណ៍ថ្មីៗ និងអប់រំនយោបាយសតិអារម្មណ៍ដល់នាយទាហាន ពលទាហាន នៃកងរាជអាវុធហត្ថនៅទូទាំងប្រទេស ។ ត្រូវធ្វើការហ្វឹកហ្វឺនតាមអង្គភាព ដើម្បីរំលឹកមេរៀន ពង្រឹងបរិមាណកម្លាំង ។ ធ្វើការបណ្ដុះបណ្ដាលជំនាញ ដល់នាយ និងពលអាវុធហត្ថទាំងក្នុង ក្រៅប្រទេស ដើម្បីពង្រឹងសមត្ថភាព សម្រាប់ចូលរួមបំពេញការងារជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ និងចូលរួមបំពេញបេសកកម្មជាលក្ខណៈអន្ដរជាតិប្រកបដោយវិជ្ជាជីវៈ ។

បើកថ្នាក់ឧត្តមសិក្សានៅវិទ្យាស្ថានកងរាជអាវុធហត្ថកំបូល ដើម្បីផ្ដល់ឱកាសជូននាយទាហាន ពលទាហាន នៃកងរាជអាវុធហត្ថបន្ដសិក្សាបង្កើនចំណេះដឹងទូទៅ និងជំនាញបច្ចេកទេសទៅតាមមុខសញ្ញា ដែលត្រូវបំពេញកន្លែងកំពុងខ្វះខាត នាពេលបច្ចុប្បន្ន ។ ត្រូវខិតខំថែរក្សាសំណង់ដែលមានស្រាប់ និងយកចិត្តទុកដាក់សាងសង់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តត្បូងឃ្មុំ និងនៅតាមខេត្តផ្សេងៗទៀត ឲ្យបានតាមលក្ខណៈបច្ចេកទេសធានាការប្រើប្រាស់ប្រកបដោយគុណភាព និងយូរអង្វែង ។

បន្ដសាងសង់អគារសេនាធិការដ្ឋាន ដែលកំពុងសាងសង់តាមខេត្ត និងមិនទាន់បានសាងសង់ និងជំរុញការ​សាង​សង់ទីលានបាញ់គ្រាប់ពិតរបស់កងយោធពលខេមរភូមិន្ទ ឲ្យបានរួចរាល់ទាន់ពេលវេលា សម្រាប់ឆ្ពោះទៅធ្វើម្ចាស់ផ្ទះក្នុងការប្រកួតកីឡាអាស៊ាន នាពេលខាងមុខ ៕  តាប៉ៃលិន CTV8 ខេត្តត្បូងឃ្មុំ