ថ្លែងក្នុងកម្មវិធីទទួលស្វាគមន៍កម្មសិក្សាការីកូរ៉េនាឱកាសនោះ ឯកឧត្ដមអគ្គនាយកបានជម្រាបគណៈប្រតិភូពីចក្ខុវិស័យរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការអភិវឌ្ឍខ្លួនទៅជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសដែលមានចំណូលកម្រិតខ្ពស់នៅឆ្នាំ២០៥០។

លើសពីនេះទៅទៀត ឯកឧត្ដមអគ្គនាយកបានបង្ហាញគណៈប្រតិភូពីតួនាទីរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន ក្នុងការចូលរួមអនុវត្តឱ្យសម្រេចបាននូវចក្ខុវិស័យខាងលើ ដោយផ្អែកលើផែនការយុទ្ធសាស្ត្រជាតិ ក៏ដូចជាផែនការមេរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន ជាពិសេសផែនការមេគ្រប់គ្រងទឹកកខ្វក់ និងទឹកភ្លៀង។

សូមបញ្ជាក់ថា៖ គណៈប្រតិភូកម្មសិក្សាការីកូរ៉េចុះមកបំពេញទស្សនកិច្ចសិក្សានៅក្រសួងសាធារណការ និងដឹកជញ្ជូននាពេលនេះ មានចំនួន១១រូប ដោយបំពេញទស្សនកិច្ចសិក្សារយៈពេល៣ថ្ងៃ គឺនៅថ្ងៃទី១៥ ទី១៦ និងទី១៩ ខែកក្កដា ឆ្នាំ២០១៩។ កម្មសិក្សានេះផ្ដោតជាសំខាន់លើការគ្រប់គ្រងទឹកកខ្វក់នៅកម្ពុជា ក៏ដូចជាការចែករំលែកបទពិសោធន៍ល្អលើវិស័យនេះពីសំណាក់គណៈប្រតិភូផងដែរ។

ឯកឧត្តមអគ្គនាយកបានសម្ដែងនូវការទទួលស្វាគមន៍យ៉ាងកក់ក្ដៅ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះគណៈប្រតិភូដែលបានសម្រេចជ្រើសរើសយកក្រសួងសាធារណការ និងដឹកជញ្ជូន ដើម្បីធ្វើកម្មសិក្សាលើប្រធានបទជាក់លាក់របស់ខ្លួន និងបានផ្ដាំផ្ញើដល់មន្ត្រីពាក់ព័ន្ធចូលរួមសួរដេញដោល ចែករំលែក និងក្រេបយកចំណេះដឹង និងបទពិសោធន៍ដ៏មានតម្លៃទាំងនេះទុកជាឈ្នាន់ក្នុងការអភិវឌ្ឍខ្លួន និងប្រទេសជាតិមាតុភូមិរបស់យើង។