ភ្នំពេញ ៖ ក្នុងកិច្ចប្រជុំរវាងអភិបាល ក្រុមប្រឹក្សារាជធានីភ្នំពេញ ជាមួយនឹងប្រតិភូសមាជិកព្រឹទ្ធ សភាភូមិភាគ១ នៅរសៀលថ្ងៃទី៣១ ខែកក្កដានេះ ឯកឧត្តម ជា ជេដ្ឋ ប្រធានប្រតិភូសមាជិកព្រឹទ្ធសភាភូមិភាគ១បានឲ្យដឹងថា រដ្ឋបាលថ្នាក់ក្រោមជាតិក្នុងភូមិសាស្រ្តរាជធានីភ្នំពេញបាន អនុវត្តកញ្ចប់ថវិកាជាតិបានត្រឹមត្រូវទំាងថវិកាបុរេប្រទាន និងថវិកាអភិវឌ្ឍន៍។

ឯកឧត្តមបានបញ្ជាក់ថា ការវាយតម្លៃដូច្នេះក្រោយពេលដែលក្រុមសមាជិកព្រឹទ្ធសភាបានចុះទៅ ត្រួតពិនិត្យដោយផ្ទាល់នៅក្នុងភូមិសាស្រ្តសង្កាត់ទៀន ខណ្ឌដង្កោកាលពីពេលថ្មីៗ បានបង្ហាញពី ភាពជោគជ័យនៃការអនុវត្តកញ្ចប់ថវិកាជាតិមានតម្លៃភាព និងត្រូវតាមគោលការណ៍របស់ រាជរដ្ឋាភិបាល។ ជាក់ស្តែងការប្រើប្រាស់ថវិកាបុរេប្រទានគឺបើកបាន៤ជុំ ហើយចំណែកថវិកាអភិវឌ្ឍន៍វិញបំពេញបាន១០០ភាគទូទាត់ត្រឹមត្រូវ ដោយគ្មានការរំកិលទៅឆ្នាំបន្ទាប់ ខណៈខេត្តខ្លះនៅពុំទាន់អនុវត្តបានដូចនេះឡើយ។

ក្នុងឱកាសនោះដែរឯកឧត្តមក៏បានវាយតម្លៃខ្ពស់ចំពោះការគ្រប់គ្រងសន្តិសុខសណ្តាប់ធ្នាប់ក្នុងភូមិសាស្រ្តរាជធា នីភ្នំពេញ ថាមានភាពល្អប្រសើរ ដោះស្រាយបានទាន់ពេលវេលា ចំពោះបញ្ហាគ្រឿងញៀន ក្មេងទំនើង ចោរកម្ម។ បន្ថែមពីនេះគឺបានយកចិត្តទុកដាក់ក្នុងការផ្តល់ សេវាសាធារណៈគ្រប់ប្រភេទជូនដល់ប្រជាពលរដ្ឋតាមរយៈការិយាល័យច្រកចេញចូលតែមួយ ទំាងនៅថ្នាក់ខណ្ឌ និងថ្នាក់រាជធានី។

ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានអៈអាងថា ការប្រើប្រាស់កញ្ចប់ថវិកា ជាតិថ្នាក់រដ្ឋបាលរាជធានីភ្នំបេញត្រូវបានអនុវត្តន៍តាមគោលការណ៍របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ សារាចរណ៍ណែនាំ ស្តីពីអនុវត្តច្បាប់ហិរញ្ញវត្ថុរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ មូលនិធិបច្ចេកទេសនៃការវរៀបចំគម្រោងថវិកាថ្នាក់ក្រោមជាតិ រួមទំាងសេចក្តីប្រកាសស្តីពីការប្រគល់និងទទួលភារៈកិច្ចប្រមូលចំណូលនិងការបែងចែកឥណទានចំណាយនៅថ្នាក់រដ្ឋបាលរាជធានីភ្នំពេញ។

ឯកឧត្តមបានគូសបញ្ជាក់ថា ទោះបីកញ្ចប់ថវិកាជាតិ ដែលផ្តល់ឲ្យរដ្ឋបាលរាជធានីភ្នំពេញ មានទំហំធំក៏ពិតមែន ប៉ុន្តែបើប្រៀបធៀបទៅនឹងខេត្ត បើគិតទៅដល់ការអភិវឌ្ឍន៍ និងតម្រូវការ របស់ប្រជាពលរដ្ឋ គឺមានតម្រូវការខ្ពស់ ដោយសារប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញមានភាពស៊ីវីល័យ ទំាងការរស់នៅនឹងការហូបចុក ។

ឯកឧត្តមបានបញ្ជាក់ថា ផ្អែកតាមស្ថានភាពជាក់ស្តែង រដ្ឋបាលរាជធានីភ្នំពេញ បានអនុវត្តផែនការ ថវិកាចំណូលព្រមនឹងចំណាយ ហើយរាល់ការទូទាត់ទាល់តែមានសាច់ប្រាក់ឬបញ្ញើនៅក្នុង រតនាគារ ទើបអាចធ្វើការទូទាត់បាន៕