ខេត្តស្ទឹងត្រែង:ក្នុងយុទ្ធនាការរបស់គណៈកម្មការទប់ស្កាត់បទល្មើសធនធានធម្មជាតិក្រោមការបញ្ជាពីលោកឧត្ដមសេនីយ៍សៅសុខាមេបញ្ជាការរងកងយោធពលខេមរៈភូមិន្ទនិងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេសក៏ជាប្រធានគណៈកម្មការទប់ស្កាត់បទល្មើសធនធានធម្មជាតិបញ្ជាឱ្យលោកឧត្តមសេនីយ៍ត្រីអៀងវ៉ាន់ឌីមេបញ្ជាការកងរាជអាវុធហត្ថខេត្តស្ទឹងត្រែងដឹកនាំកម្លាំងចម្រុះចុះបង្ក្រាបទីតាំងសិប្បកម្មទាំងមានច្បាប់និងអត់ច្បាប់ 174 កន្លែងក្នុងខេត្តស្ទឹងត្រែង។

លោកមេបញ្ជាការកងរាជអាវុធហត្ថខេត្តស្ទឹងត្រែងលោកឧត្តមសេនីយ៍ត្រីអៀងវ៉ាន់ឌីបានបញ្ជាក់ថានៅក្នុងយុទ្ធនាការចុះទប់ស្កាត់បទល្មើសធនធានធម្មជាតិនៅក្នុងខេត្តស្ទឹងត្រែងទាំងមូលកម្លាំងចម្រុះបានរកឃើញរោងសិប្បកម្មមានច្បាប់និងអត់ច្បាប់ចំនួន 174 កន្លែងទាំងក្រុង១ស្រុក៥ ទី១ក្រុងស្ទឹងត្រែងរកឃើញសិប្បកម្មចំនួន 63 កន្លែងក្នុងនោះមានសិប្បកម្មមានច្បាប់ 10 កន្លែងនិងដេប៉ូឈើមានច្បាប់ 2កន្លែងទី 2 ស្រុកសេសានមាន 28 កន្លែងអត់ច្បាប់ទី៣ស្រុកសៀមបូកមាន 10 កន្លែងអត់ច្បាប់ ទី4 ស្រុកសៀមប៉ាង 13កន្លែងអត់ច្បាប់ ទី៥ ស្រុកថាឡាបរិវ៉ាត់ 18 កន្លែងអត់ច្បាប់ 6 ស្រុកបូរីអូរស្វាយមាន 42 កន្លែងអត់ច្បាប់សរុបទូទាំងខេត្តស្ទឹងត្រែងមាន 174 កន្លែង។

លោកមេបញ្ជាការបានបន្តថារោងសិប្បកម្មដែលគ្មានច្បាប់ជាលក្ខណៈទ្រង់ទ្រាយតូចធំត្រូវបានរឹបអូសយកវត្ថុតាងឈើបទល្មើសនិងបានធ្វើកិច្ចសន្យាបញ្ឈប់សកម្មភាពការធ្វើសិប្បកម្មខុសច្បាប់បន្តទៀត។ចំណែកសិប្បកម្មមានច្បាប់ចំនួន 10 កន្លែងទៀតគណៈកម្មការទប់ស្កាត់បទល្មើសធនធានធម្មជាតិកំពុងតែត្រួតពិនិត្យទៅលើច្បាប់(PC)បានប្រភពឈើពីដីសម្បទានសេដ្ឋកិច្ចណាដែលផ្ដល់ឲ្យហើយឈើទាំងនោះពិតជាមានច្បាប់ដែរអត់។

លោកឧត្តមសេនីយ៍ត្រីអៀងវ៉ាន់ឌីបានបញ្ជាក់ថារោងសិប្បកម្មចំនួន 174 កន្លែងដែលមានសិប្បកម្មជាលក្ខណៈតូចមធ្យមធំដែលអត់ច្បាប់បានធ្វើកិច្ចសន្យាបញ្ឈប់ធ្វើសកម្មភាពបន្តទៀត។ចំណែកសិប្បកម្មមានច្បាប់ធំៗចំនួន 10មានសិប្បកម្មមួយកន្លែងឈ្មោះហុក គឹមហាក់មានច្បាប់អនុញ្ញាតធ្វើសិប្បកម្មតែឈើខុសយថាប្រភេទឈើ(ម៉ៃសាក់) តែឈើនោះសុទ្ធសឹងតែជាឈើប្រណិតនិងឈើលេខ 1 សមត្ថកិច្ចកំពុងតែធ្វើការដឹកជញ្ជូនមករក្សាទុកនៅខណ្ឌរដ្ឋបាលព្រៃឈើខេត្ត។

បច្ចុប្បន្នរោងសិប្បកម្មមានច្បាប់និងអត់ច្បាប់និងឈើដែលប្រមូលបានពីតាមរោងសិប្បកម្មទាំងអស់កំពុងរក្សានៅខណ្ឌរដ្ឋបាលព្រៃឈើខេត្តរង់ចាំគណៈកម្មការថ្នាក់ជាតិចុះពិនិត្យនិងធ្វើការវាស់វែងឲ្យដឹងចំនួនពិតប្រាកដ។បច្ចុប្បន្នឈើទាំងនោះយើងមិនទាន់ដឹងថាប្រមូលបានពីតាមរោងសិប្បកម្មទាំងអស់មានចំនួនប៉ុន្មានម៉ែត្រគូបនៅឡើយទេ៕ងិនលីម