ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៩នេះផងដែរ បងប្អូនប្រជាពលរដ្ឋ អាជីវករ អ្នកលក់ដូរ នៅផ្សារសុិន​ជូរី ប្រមាណជាង១០០នាក់ ផ្ទុះការតវ៉ា រឿងក្រុមហ៊ុនផ្សារខាងលើ តម្រូវរុះរើផ្សារ សាងសង់ថ្មី ជាហេតុធ្វើឲ្យពួកគាត់គ្មានកន្លែងលក់ដូរ ទើបពួកគាត់តវ៉ាទាមទាកុំឲ្យមានការរុះរើ ។

តាមបងប្អូនអាជីវករ បានឲ្យដឹងថា ពួកគាត់ លក់ដូរនៅផ្សារសុិនជូរី ម្នាក់ៗ ១០ឆ្នាំទៅ២០ឆ្នាំមកហើយ ស្រាប់តែនៅពេលថ្មីៗនេះ ខាងក្រុមហ៊ុន ម្ចាស់ផ្សារ មានផែនការរុះរើផ្សារ សាងសង់ថ្មី ដែលធ្វើឲ្យពួកគាត់គ្មានកន្លែងលក់​ដូរ ។

អាជីវករ បានឲ្យដឹងទៀតថា តូបលក់ដូរខាងក្នុងផ្សារ មានចំនួន៣៤១តូប នៅខាងក្រៅ ជុំវិញផ្សារ ទៀត មាន​តូប កន្លែងលក់ដូរ រាប់រយ បន្ថែមទៀត ហើយថ្មីៗនេះ ត្រូវបានក្រុមហ៊ុន ប្រកាសប្រាប់ថាត្រូវរុះរើ ផ្សារ ដើម្បី​សាង​សង់ថ្មី ដោយប្រើប្រាស់រយៈពេល២ឆ្នាំ ជាហេតុធ្វើឲ្យអាជីវករអត់មានកន្លែលក់ដូរ ។

តាមភ្នាក់ងារបុគ្គលិកផ្សារសុិនជូរីបានឲ្យដឹងថា ផ្សារសុិនជូរី តូបជួល ទាំងអស់ត្រូវបានបញ្ចប់កុងត្រាហើយ ហើយកន្លងមក២ដងហើយ អាជ្ញាធរហៅ អាជីវករ ដែលលក់ដូរតាមតូបក្នុងផ្សារចំនួន៣៤១តូប ទៅនិយាយ រឿងប្តូរទីតាំងថ្មី ស្រាប់តែនៅព្រឹកនេះ បងប្អូនអាជីវករ អ្នកលក់ដូរ ក្នុង ក្រៅ មកប្រមូលផ្តុំគ្នាតវ៉ា មិនឲ្យរុះរើទៅវិញ ។ ការតវ៉ារបស់បងប្អូន អាជីវករ នាព្រឹកនេះ ពុំមានដំណោះស្រាយឡើយ អាជ្ញាធរ សន្តិសុខ បានត្រឹមសម្របសម្រួល សណ្តាប់ធ្នាប់ ឈរ ប្រមូលម្តុំ ឲ្យនៅលើខឿនចញ្ចើមផ្លូវ ជៀសវាង មកលើផ្លូវ បង្កឲ្យកកស្ទះចរាចរណ៍ ៕