ប្រជាពលរដ្ឋដែលមានលំនៅដ្ឋានតាមបណ្តោយដងព្រែកកំពង់បាយ បានទទួលរងនូវការប៉ះពាល់ជន់លិចដោយជំនន់ទឹកភ្លៀងខ្លាំងជាងគេ  ព្រោះទ្វាររំដោះទឹកនៃទំនប់អាងស្តុបទឹកវារីអគ្គីសនីកំចាយត្រូវបើកមកផង ជំនន់ទឹកភ្លៀងដែលហូរមកពីស្ទឹងកែវផងបានហូរចាក់មកក្នុងព្រែកកំពង់បាយនេះ ដូច្នេះហើយទើបថ្នាក់ដឹកនាំខេត្តមានការព្រួយបារម្ភ ចំពោះសុខទុក្ខនិងបានចុះធ្វើដំណើទៅពិនិត្យស្ថានទឹក និងសួរសុខទុក្ខប្រជាពលរដ្ឋទាំងនោះ ។  ឯកឧត្តម  ជាវ  តាយ  អភិបាលខេត្តកំពត  និងជាប្រធានគណៈកម្មាធិការគ្រប់គ្រងគ្រោះមន្តរាយខេត្ត និង ឯកឧត្តម  ជឹង  ផល្លា  ប្រធានក្រុមប្រឹក្សាខេត្ត  បានដឹកនាំកម្លាំងសមត្ថកិច្ច  មន្ទីរ  អង្គភាពជំនាញ អាជ្ញាធរ  ក្រុង  ស្រុក ធ្វើដំណើរដោយទូកដើម្បីចុះពិនិត្យមើលស្ថានភាពទឹកនិងបងប្អូនប្រជាពលរដ្ឋដែលបានរងគ្រោះដោយជំនន់ទឹកភ្លៀង  នៅតាមបណ្តោយមាត់ព្រែកកំពង់បាយ ក្នុងភូមិបឹងព្រះ ឃុំកំពង់គ្រែង ខេត្តកំពត ។

ក្នុងដំណើរត្រួតនិនិត្យអំពីស្ថានភាពទឹកនោះ  ឯកឧត្តមអភិបាលខេត្ត  បានពាំនាំមកនូវការផ្តាំផ្ញើសាកសួរសុខទុក្ខ  ពីសំណាក់សម្តេចតេជោនាយករដ្ឋមន្ត្រី  និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត  ដល់បងប្អូនប្រជាពលរដ្ឋដែលកំពុងរងគ្រោះដោយជំនន់ទឹកភ្លៀង ។  ឯកឧត្តមអភិបាលខេត្តបានបញ្ជាក់ថា សម្តេចទាំងទ្វេរតែងយកចិត្តទុកដាក់ចំពោះសុខទុក្ខរបស់ប្រជាពលរដ្ឋ ទោះក្នុងកាលៈទេសៈណាក៏ដោយ  មិនទុកអោយបងប្អូនប្រជាពលរដ្ឋជួបការលំបាក ហើយមិនមានការជួយអន្តរាគមន៍ពីអាជ្ញាធរ  និងសមត្ថកិច្ចជំនាញគ្រប់លំដាប់ថ្នាក់ឡើយ។

ឯកឧត្តមក៏បានផ្តាំផ្ញើដល់បងប្អូនត្រូវបង្កើន ការយកចិត្តទុកដាក់ចំពោះបញ្ហាសុខភាពពិសេសរក្សានូវអនាម័យ ព្រោះគ្រោះទឹកជំនន់កើតឡើង តែងបង្ករនាំមកនូវមេរោគផ្សេងៗបង្កជាជំងឺ ហើយម្យ៉ាងទៀតត្រូវយកចិត្តទុក​ដាក់ចំពោះក្មេងតូចៗ  មិនត្រូវបណ្តោយឲ្យលេងទឹក  ឬនៅឆ្ងាយពីអាណាព្យាបាលទេ។ ឯកឧត្តមរួមជាមួយក្រុមការងារបានប្រគល់ជូននូវគ្រឿងឧបភោគ  បរិភោគមួយចំនួន ដើម្បីចែកជូនដល់បងប្អូនរងគ្រោះ ដើម្បីជួយ​សម្រួលនូវទុក្ខលំបាក  ក្នុងគ្រាជួបគ្រោះមហន្តរាយដោយជំនន់ទឹកភ្លៀងនេះ មានដូចជាមី៦៧កេះ  ត្រីខ១០០យួរ  ស្មើ១០០០កំប៉ុង  និងថវិកា៥០០, ០០០៛។

សូមបញ្ជាក់ថា៖ដោយសារកត្តាអាកាសធាតុក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ  នៅព្រះរាជាណាចក្រកម្ពុជា  ទទួលរងនូវឥទ្ធិពលព្យុះ  ជាបន្តបន្ទាប់ ក្នុងនោះខេត្តកំពតក៏បានទទួលរងនូវឥទ្ធិពលនៃបាតុភូតធម្មជាតិ នេះដែរ ដោយបង្ករឲ្យមានភ្លៀងជាប់ៗគ្នា  បណ្តាលឲ្យកើតមាននូវជំនន់ទឹកភ្លៀងនៅតាមភូមិសាស្ត្រមួយចំនួនក្នុងស្រុកទឹកឈូ និងក្រុងកំពត ពិសេសតំបន់ជាប់ដងព្រែកនេះឯង  ហើយរមណីយដ្ឋានមួយចំនួន នៅតាមដងព្រែកត្រូវផ្អាកដំណើរការ ៕