ខេត្តព្រះសីហនុ ៖ សាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ ដឹកនាំដោយលោកជំទាវ អ៊ូ ធីតាពៅ គួច ចំរើន ប្រធានគណៈកម្មាធិការសាខា និងសហការី បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ជូនដល់ប្រជាពលរដ្ឋរងគ្រោះដោយសារទឹកជំនន់ នៅឃុំវាលរេញ ចំនួន ៤៣គ្រួសារ និងបន្តទៅសួរសុខទុក្ខពលរដ្ឋចំនួន ៩នាក់ ដែលរងគ្រោះថ្នាក់ចរាចរណ៍ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

ក្នុងឱកាសនោះដែរ លោកជំទាវ អ៊ូ ធីតាពៅ គួច ចំរើន ប្រធានគណៈកម្មាធិការសាខា បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខនិងក្តីនឹករលឹកពីសំណាក់ឯកឧត្តមប្រធានកិត្តិយសសាខា ឯកឧត្តមប្រធានគណៈកម្មាធិការសាខា ពិសេសពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាល សម្តេចតែងតែគិតគូរពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋក្រីក្រ ដែលមានទុក្ខលំបាកជនរងគ្រោះ ជនងាយរងគ្រោះគ្រប់ប្រភេទ ដោយមិនប្រកាន់រើសអើងវណ្ណៈ ជាតិសាសន៌ ពណ៌សម្បុរ ឬនិន្នាការនយោបាយអ្វីឡើយ។

សម្ភារៈដែលបានផ្តល់ជូនមួយគ្រួសារដែលរងគ្រោះរួមមាន ៖ អង្ករ ២៥គីឡូក្រាម មី ១កេស ត្រីខ ១០កំប៉ុង តង់១ កន្ទេល ១ សារុង១ ក្រមា១ ភួយ១ មុង១ បាយមាន់ ១ប្រអប់ និងថវិកាមួយចំនួន។ សម្រាប់ពលរដ្ឋដែលរងគ្រោះថ្នាក់ចរាចរណ៍ មួយនាក់របួសធ្ងន់ទទួលបានថវិកា ២០ម៉ីនរៀល និងប្រាំបីនាក់ទៀតទទួលបាន ១០ម៉ីនរៀលក្នុងម្នាក់ ៕