នៅព្រឹកថ្ងៃទី៩ខែសីហា ឆ្នាំ២០១៩ សាខាកាកបាទក្រហមកម្ពុជាខេត្តកំពត ដឹកនាំដោយលោកជំទាវ លាង ហៃជាវ តាយ អនុប្រធានកិត្តិយសសាខាដោយមានការចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវ លោក លោកស្រី សមាជិក សមាជិកាគណៈកម្មាធិការសាខា ក្រុមប្រតិបត្តិសាខា អ្នកស្ម័គ្រចិត្ត និងយុវជនកាកបាទក្រហម បានចុះសួរសុខទុក្ខ និងនាំយកនូវអំណោយមនុស្សធម៌កាកបាទក្រហមកម្ពុជា ផ្តល់ជូនគ្រួសារប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់រំលំផ្ទះ ចំនួន២០គ្រួសារ នៅក្នុងឃុំព្រៃទន្ លេស្រុកបន្ទាយមាស ខេត្តកំពត។មានប្រសាសន៍សំណេះសំណាល​នាឱកាសនោះលោក ជំទាវ លាង ហៃជាវ តាយ អនុប្រធានកិត្តិយសសាខា បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាលសម្តេចតែងតែគិតគូរពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋជួបការលំបាក ទីទ័លក្រ មានជំងឺ ជនងាយរងគ្រោះ ជនរងគ្រោះដោយគ្រោះមហន្តរាយផ្សេងៗ ដោយមិនប្រកាន់រើសអើងវណ្ណៈ ជាតិសាសន៍ ពណ៌សម្បុរ ឬនិន្នាការនយោបាយអ្វីឡើយ។

លោក ជំទាវ លាង ហៃជាវ តាយ ក៏បានលើកបញ្ជាក់ថា បើទោះបី អំណោយទាំងនេះមិនបានឆ្លើយតបនឹងទំហំការខូចខាតទ្រព្យសម្បត្តិផ្ទះសំបែងបងប្អូនក៏ពិតមែន ប៉ុន្តែ ក៏វាអាចរួមចំណែកដោះស្រាយជួយសំរាលការលំបាកខ្វះខាតរបស់បងប្អូនមួយរយៈពេលផងដែរ។ ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋ សុំកុំអស់សង្ឃឹមត្រូវខិតខំប្រកបមុខរបររៀងខ្លួនបន្តទៀតពិសេសផ្នែកកសិកម្មគឺការដាំដុះនិងចិញ្ចឹមសត្វដើម្បីរួមផ្សំសម្រាប់បង្កើនជីវភាពគ្រួសារអោយកាន់តែប្រសើរឡើង។

ជាមួយឱកាសនោះលោក ជំទាវ អនុប្រធាន សាខាក៏បានសំណូមពរផ្ដាំផ្ញើសូមអោយបងប្អូនប្រជាពលរដ្ឋទាំងអស់ប្រកាន់យកនូវអនាម័យល្អ រស់នៅស្អាត ហូបស្អាត ផឹកស្អាត ។  ជាពិសេស រដូវនេះជារដូវវស្សាមានទឹកត្រពាំងឬទឹកស្រះត្រូវយកចិត្តទុកដាក់ប្រុងប្រយ័ត្នចំពោះ កូនចៅដើម្បីបង្កាគ្រោះថ្នាក់លង់ទឹកដោយយថសហេតុដែលបណ្ដាលមកពីការធ្វេសប្រហែសរបស់យើង។ អំណោយដែលបានផ្តល់ជូនគ្រសារប្រជាពលរដ្ឋនាពេលនោះរួមមាន ក្នុងមួយគ្រួសារ  អង្ករ២៥គីឡូក្រាម មី១កេស  ទឹកស៊ីអ៊ីវ១យួរ ត្រីខ ១០កំប៉ុង ស្ករស១គីឡូ ឃីត១មាន(មុង ភួយ ក្រមា សារុង) និងឧបត្ថម្ភមួយគ្រួសារដែលរលំផ្ទះទាំងស្រុងនូវតង់១និងថវិកា២០ម៉ឺនរៀល ចំណែក១៩គ្រួសារទៀតមួយគ្រួសារទទួលបានថវិកា១០ម៉ឺនរៀលផងដែរ។