រតនគិរី៖ ស្ថានភាពទឹកនៅឃុំសិរីមង្គល ស្រុកកូនមុំ និងឃុំមួយចំនួននៅស្រុកលំផាត់ ខេត្ដរតនគិរី បានស្រកទៅវិញហើយ ខណៈប្រជាពលរដ្ឋក៏កំពុងចាប់ផ្ដើមវិលត្រឡប់ ទៅកាន់ផ្ទះសម្បែងរៀងៗខ្លួនផងដែរ។
គួរបញ្ជាក់ថា ឯកឧត្តម គន់ គីម អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងឯកឧត្ដម លី ធុជ ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តរតនគិរី នៅព្រឹកថ្ងៃទី១១ ខែសីហា បានអញ្ជើញបន្តចុះមើលស្ថានភាពទឹកជំនន់ និងជួយប្រជាពលរដ្ឋ ដែលរងគ្រោះដោយទឹកជំនន់ នៅស្រុកកូនមុំ និងស្រុកលំផាត់ ខណៈដែលស្ថានភាពទឹកបានស្រកចុះជាបន្តបន្ទាប់។
គួរបញ្ជាក់ថា ស្ថានភាពទឹកជំនន់ទន្លេស្រែពក មកទល់ព្រឹកថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៩ ទឹកទន្លេបានចាប់ផ្តើមស្រកចុះជាបន្តបន្ទាប់ ដែលជន់លិចចាប់ពីថ្ងៃទី៩ ខែសីហា ឆ្នាំ២០១៩ បង្កឲ្យលិចលង់ភូមិឋាន ដីស្រែចំការប្រជាពលរដ្ឋសរុប ២.២៤៥គ្រួសារ ក្នុងនោះស្រុកលំផាត់ មាន២ឃុំ ៧ភូមិ មានប្រជាពលរដ្ឋចំនួន ១.៥៤៩គ្រួសារ ដំណាំស្រូវចំនួន ១.៦០៦ហិកតា ចំការចំនួន ២១៧ហិកតា។ ស្រុកកូនមុំ មាន៣ឃុំ ៦ភូមិ មានប្រជាពលរដ្ឋ ៦៩៦គ្រួសារ ដំណាំស្រូវ១.១៦៦ហិកតា ចំការសរុប២៦៣ហិកតា។
សរុបមកទល់ពេលនេះទឹកជំនន់បានជន់លិចដំណាំកសិកម្ម ៣.៥៣២ហិកតា ក្នុងនោះដំណាំស្រូវចំនួន ២.៧៨៤​ហិកតា ចំការសរុប៧៤៨ហិកតា និងសត្វចិញ្ចឹមបានមកទីទួលសុវត្ថិភាពពុំទាន់មានសត្វឈឺឬស្លាប់ឡើយ។
ឯកឧត្តម គន់ គីម បានឲ្យដឹងថា នៅពេលប្រជាពលរដ្ឋវិលត្រឡប់ចូលផ្ទះសម្បែងវិញនេះ កម្លាំងអាជ្ញាធរ និងសមត្ថកិច្ច នៅតែបន្ដផ្គត់ផ្គង់ទឹកស្អាត ដើម្បីឲ្យពួកគាត់ប្រើប្រាស់ដដែល និងបានណែនាំឲ្យប្រជាពលរដ្ឋទាំងអស់ ត្រូវបង្កើនការប្រយ័ត្ន ពិសេសត្រូវធ្វើអនាម័យផ្ទះសម្បែង ដើម្បីកុំឲ្យប្រឈមជាមួយជំងឺដង្កាត់ផ្សេងៗ។
បើតាមទេសរដ្ឋមន្ដ្រី គន់ គីម សម្រាប់បញ្ហាទឹកស្អាតនេះ សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុន សែន បានឧបត្ថម្ភប៊ីដុងសម្រាប់ដាក់ទឹក ចំនួន១,០០០ផងដែរ តាមរយៈលោក ដើម្បីយកទៅចែក​ជូនប្រជាពលរដ្ឋប្រើប្រាស់តាមតម្រូវការជាក់ស្ដែង។ ដោយឡែក ចំពោះទឹកវិញ រថយន្ដរបស់ស្នងការដ្ឋាននគរបាលខេត្តរតនគិរី បានដឹកយកទៅជូនជាបន្ដបន្ទាប់ផងដែរ៕