ខេត្តបាត់ដំបង៖ ជំនន់ទឹកស្ទឹងសង្កែ នៅព្រឹកថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៩ បានហក់ឡើងខ្ពស់រហូតទៅដល់កម្ពស់១៣ម៉ែត្រគ្រាដែលរសៀលថ្ងៃទី១០ ម្សិលម៉ិញកម្ពស់ទឹកត្រឹមតែ១០.៦០ម៉ែត្រប៉ុណ្ណោះ។
គ្រាដែលជំនន់ទឹកស្ទឹងកំពុងបន្តហក់ឡើងនាព្រឹកនេះដែរ គេសង្កេតឃើញមានប្រជាពលរដ្ឋជាច្រើនគ្រួសារដែលរស់នៅតាមបណ្តោយដងស្ទឹងសង្កែក្នុងក្រុងបាត់ដំបងបាននិងកំពុងនាំគ្នាជញ្ជូនសម្ភារះនិងជម្លៀសកូនចៅដើម្បីរកទីទួលមានសុវត្ថិភាពផងដែរ។
លោក ឡុង ផលគុណ ប្រធានមន្ទីរធនធានទឹកនិងឧតុនិយមខេត្តបាត់ដំបងបានបញ្ជាក់ប្រាប់សារព័ត៌មានយើងនៅព្រឹកថ្ងៃទី១១ ខែសីហានេះថាដោយអំណាចទឹកភ្លៀងដែលធ្លាក់បន្ថែមមាននបរិមាណច្រើន នៅ​តាម​តំបន់​ព្រំដែន​កម្ពុជា​-​ថៃ ក្នុង​ភូមិ​សាស្ត្រ​ស្រុក​សំឡូត បណ្តាលអោយទឹកនៅចំណុចសំណង់ពហុបំណងសេកសកកម្ពស់ទឹកឡើងខ្លាំង ដូច្នេះទើបមន្ទីរធនធានទឹកនិងឧតុនិយមខេត្តបាត់ដំបងយើងបើកទ្វារទឹកបន្ធូរស្ថានភាពទឹកអោយធ្លាក់ចុះមកក្រោមច្រើន។
ហើយកម្លាំងទឹកទាំងនេះនៅតែបន្តហក់ឡើងរហូតដល់រសៀលថ្ងៃដដែលនេះទឹកនិងអាចថមថយស្រកចុះទៅវិញ។ដោយ៖ រៀម សាលី