ខេត្តព្រះសីហនុ៖ ជំនន់ទឹកភ្លៀង បណ្ដាលឱ្យប៉ះពាល់ដល់បងប្អូនប្រជាពលរដ្ឋ ក្នុងខេត្តព្រះសីហនុទទួលរងនូវ ផលការខូចខាតទ្រព្យសម្បត្តិលំនៅដ្ឋាន និងផ្លូវថ្នល់ ផ្លូវលំ រួមទាំងផ្លូវជាតិថែមទៀតផង ដោយហេតុមានការទទួលរង នឹងការខូចខាតទ្រព្យសម្បត្តិ មកពីប្រព័ន្ធប្រឡាយអូរ រួមតូច បណ្ដាលអោយមានការកកស្ទះជាខ្លាំង។

ភ្លៀងក្នុងខេត្តព្រះសីហនុប្រមាណជាង ៧ថ្ងៃមកហើយ  បណ្ដាលឱ្យមានផ្ទះបងប្អូនប្រជាពលរដ្ឋលិចលង់ជាច្រើននៅក្នុងសង្កាត់លេខ១ ស្ថិតក្នុងភូមិចំនួន៤ ហេតុការណ៍ខាងលើនេះលោក សន កុសល អភិបាលរងក្រុងព្រះសីហនុ បានចុះ ទៅដល់ទីតាំងផ្ទាល់ ហើយក៏បានជួបបងប្អូនប្រជាពលរដ្ឋ និងសួរសុខទុក្ខបងប្អូនដែលរស់នៅក្នុងសង្កាត់លេខ១ ដែលមានប្រជាពលរដ្ឋចំនួន ១១៨គ្រួសារ។

ក្នុងខណៈនោះលោកអភិបាលរងក្រុង បានមានប្រសាសន៍ និងជំរាបជូនដល់បងប្អូនដែលទទួលរងនូវជំនន់ទឹកភ្លៀង សូមប្រុងប្រយ័ត្នកូនចៅនិងខ្សែភ្លើងដែលធ្លាក់ចូលក្នុងទឹកបណ្ដាលឱ្យគ្រោះថ្នាក់ដល់ជីវិត នឹងឧប្បត្តិហេតុផ្សេងៗដែលមិនអាចដឹងមុន ហើយលោកបានបន្តទៀតថាការលិចលង់ ផ្ទះបងប្អូនប្រជាពលរដ្ឋដែលនៅក្នុងសង្កាត់លេខ១ ទាំងអស់លោកនឹងធ្វើរបាយការណ៍កំណត់ហេតុដើម្បីយកទៅរាយការណ៍ជូនដល់ឯកឧត្តមអភិបាលក្រុងអភិបាលខេត្ត នឹងជួយទៅដល់បងប្អូនប្រជាពលរដ្ឋដែលទទួលរងនូវជំនន់ទឹកភ្លៀង ក្នុងការខូចខាតសម្ភារៈទ្រព្យសម្បត្តិផ្សេងៗនិងផ្ទះសម្លាញ់បងប្អូនប្រជាពលរដ្ឋ។

ឆ្លៀតក្នុងឱកាសនោះមានបងប្អូនប្រជាពលរដ្ឋដែលរស់នៅក្នុងសង្កាត់លេខ១ បានសំណូមពរ ដល់ថ្នាក់ដឹកនាំខេត្តជួយដល់ពួកគាត់ផង ហើយសំណូមពរទៅដល់ក្រុមហ៊ុនអានកូ ជួយបើកទំនប់ទឹក ដើម្បីបង្ហូរទឹកដែលជន់​លិចផ្ទះរបស់ពួកគាត់ ហើយពួកគាត់បានបន្តប្រាប់ទូរទស្សន៍កម្ពុជាប៉ុស្តិ៍លេខ៨HD ថាហេតុបណ្ដាលមកពីមានការ លិចជន់ជំនន់ទឹកភ្លៀងដូច្នេះមកពីក្រុមហ៊ុនអានកូបានបិទទំនប់ទឹកមិនឲ្យទឹកចេញចូលទើបពួកគាត់ទទួលរងនូវការលិចលង់ ផ្ទះសម្បែង និងសម្ភារៈ ទ្រព្យសម្បត្តិផ្សេងៗទៀតផង៕