កណ្តាល៖សាហាវឃោរឃៅរណាស់ ជនដៃដល់ម្នាក់យកកាំបិតបុ័ងតោកាប់ជ្រូកកាប់បុរសម្នាក់ចំជាច្រើនកន្លែងស្លាប់ក្នុងថ្លុកឈាម ដោយសារធ្លាប់មានទំនាស់ពាក្យសម្តីនឹងគ្នា កាលទៅធ្វើការនៅប្រទេសថៃ។ហេតុការណ៌នេះបានកើតឡើងកាលពីថ្ងៃទី១០ ខែសីហា វេលាម៉ោង១១៖៣០នាទីនៅចំណុចក្បែរផ្លូវលំខាងជើងភូមិលេខ៥ ឃុំប្រាសាទ ស្រុកស្អាង ខេត្តកណ្ដាល ។ជនរងគ្រោះឈ្មោះពត ហ៊ង ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិលេខ៣ឃុំប្រាសាទ ស្រុកស្អាង ខេត្តកណ្ដាល ។ ជនសង្ស័យឈ្មោះ ងន សុវណ្ណ ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល ។
តាមការបំភ្លឺ របស់ប្រពន្ធជនរងគ្រោះ បញ្ជាក់ថា នៅថ្ងៃកើតហេតុ ជនរងគ្រោះបានយកលុយចំនួន២៩ម៉ឺនរៀល ប្រាប់ថាទៅទិញអាគុយនៅផ្សារព្រែកថ្មី ស្រុកកៀនស្វាយ មកប្រើប្រាស់ហើយ ក៏បាត់រហូត ដល់ម៉ោងប្រហែលជា១១៖៣០នាទីជនរងគ្រោះបានទូរស័ព្ទមកប្រាប់ប្រពន្ធថា ៖ “ខ្លួនត្រូវគេកាប់ហើយ នៅដេកក្បែរផ្លូវ ខាងជើងភូមិលេខ៥” ភ្លាមៗនោះប្រពន្ធ ជនរងគ្រោះបានជិះម៉ូតូឌុបមកដល់កន្លែងកើតហេតុ ឃើញជនរងគ្រោះ ដេកខ្លួនប្រឡាក់ សុទ្ធតែឈាម បន្ទាប់មកបានដឹកជនរង គ្រោះទៅមន្ទីរពេទ្យបង្អែក ឃុំគគីរធំ ស្រុកកៀនស្វាយ ពេលទៅដល់ជនរងគ្រោះ ស្លាប់បាត់ទៅហើយ ។ ករណីនេះជាករណីឃាតកម្ម មូលហេតុដោយសារគំនុំ ។
យោងតាមលទ្ធផល ពិនិត្យសពឈ្មោះ ពត ហ៊ង ភេទប្រុសអាយុ៣០ឆ្នាំ កំពស់ ១,៥០ម៉ែត្រ មានស្នាមរបួស៦កន្លែង ស្នាមរបួសលើបន្ទូលក្បាលប្រវែង៨ស.មx២,៥ស.ម ដល់លលាដ៏ របើកស្បែកក្បាល របួសលើដើមទ្រូង ខាងឆ្វេងប្រវែង២១ស.ម x ៧ស.ម ជម្រៅដល់ក្នុង លើកំភួនដៃខាងក្រោយខាងឆ្វេងមុតដាច់ដល់ឆ្អឹងប្រវែង ១២ស.ម x ១២ស.ម លើកួយដៃខាងឆ្វេងមានបែកនិងបាក់ឆ្អឹងរបួសកែងដៃខាងឆ្វេង មានជាប់ស្មៅរបួសលើឆ្អឹងស្លាបប្រចៀវ ខាងស្តាំប្រវែង២១ស.ម x ៦,៥ស.ម ជម្រៅដល់ក្នុង ។ បច្ចុប្បន្នជនសង្ស័យកម្លាំងជំនាញកំពុងកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់៕