ភ្នំពេញ៖ បុរសម្នាក់សង្ស័យងងុយដេក បានបើករថយន្តមួយគ្រឿង ក្នុងល្បឿនយ៉ាងលឿន ក៏ជ្រុលទៅបុកក្បាលនាគពុះចែកទ្រូងផ្លូវខ្ទាតចេញពីជួរមួយកង់ និង ខូចខាតរថយន្តស្ទើរតែទាំងស្រុង។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ០៣យប់ ថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៩ ចំណុចស្តុបអូរឬស្សី ស្ថិតនៅតាមបណ្តោយផ្លូវព្រះមុនីវង្ស កែងផ្លូវលេខ១៨៤ ក្នុងសង្កាត់បឹងរាំង ខណ្ឌដូនពេញ  រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនកើតគេឃើញរថយន្តមួយគ្រឿងម៉ាក លុច្សសុីស RX330 ពណ៍ស ពាក់ស្លាកលេខ ភ្នំពេញ 2AO-0211 បើកបរដោយបុរសម្នាក់សង្ស័យងងុយដេក ធ្វើដំណើរតាមបណ្ដោយផ្លូវព្រះមុនីវង្ស ទិសដៅពីត្បូងទៅជើងក្នុងល្បឿនលឿន លុះមកដល់ចំណុចកើតហេតុខាងលើ បានរ៉េចង្កូតជ្រុលទៅបុកក្បាលនាគពុះចែកទ្រូវផ្លូវបណ្តាលឲ្យខ្ទាតចេញពីជួរមួយកង់។  ចំណែករថយន្តបង្កបានរងការខូចខាតស្ទើរតែទាំងស្រុង តែសំណាងល្អមិនបង្កឲ្យអ្នកណាម្នាក់រងរបួសនោះទេ ហើយតៃកុងរថយន្តបង្កបានរត់គេចខ្លួនបាត់។

ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋានបានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែងយករថយន្តបង្កទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញរងចាំដោះស្រាយគ្នាទៅតាមផ្លូវច្បាប់៕អត្ថបទ និង រូបភាព ទឹម វិបុល