ខេត្តព្រះសីហនុ ៖ នៅព្រឹកថ្ងៃអាទិត្យ ១១កើត ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី ១១ ខែសីហា ឆ្នាំ ២០១៩ ឯកឧត្តម គួច ចំរើន ប្រធានគណៈកម្មាធិការសាខា រួមដំណើរដោយ សមាជិក សមាជិកាគណៈកម្មាធិការសាខា មន្ត្រីសាខា អនុសាខា បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់កាកបាទក្រហម ជូនដល់ប្រជាពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀង ចំនួន ២០គ្រួសារ នៅឃុំព្រៃនប់ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។

ក្នុងឱកាសនោះដែរ ឯកឧត្តមប្រធាន បានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខនិងក្ដីនឹករលឹក អាណិតអាសូរក្រៃលែងពីសំណាក់ឯកឧត្តម ប្រធានកិត្តិយសសាខា ពិសេសសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាល សម្ដេចតែងតែគិតគូសុខទុក្ខប្រជាពលរដ្ឋក្រីក្រមានទុក្ខលំបាក ជនរងគ្រោះ ជនងាយរងគ្រោះ ដោយយកចិត្តទុកដាក់ខ្ពស់ និងមិនមានការរើសអើង វណ្ណៈ ជាតិសាសន៏ ពណ៍សម្បុរ ឬនិន្នាការនយោបាយអ្វីឡើយ ។

បន្ថែមពីនេះ ឯកឧត្តមបានពាំនាំសេចក្តីអំពាវនាវពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលផ្តាំផ្ញើឱ្យប្រជាពលរដ្ឋទាំងអស់មានការប្រុងប្រយ័ត្នចំពោះគ្រោះថ្នាក់ធម្មជាតិ ទឹកជំនន់ ផ្គរ រន្ទះ ហើយត្រូវត្រៀមលក្ខណៈរកទីកន្លែងមានសុវត្ថិភាព គិតគូរថែទាំសុខភាពឱ្យបានល្អ ដោយត្រូវរស់នៅមានអនាម័យ ពិសាទឹកដាំឆ្អិន និងបរិភោគអាហារូបត្ថម្ភឱ្យបានត្រឹមត្រូវ បងប្អូនត្រូវប្រុងប្រយ័ត្នកូនចៅ ” ហាមកុមារា កុមារី និងមនុស្សចាស់” កុំបណ្តោយឲ្យលេងទឹក ការពារពីចរន្តអគ្គីសនី និងសូមប្រុងប្រយ័ត្នចំពោះសត្វអសិរពិសផ្សេងៗ បើសិនមាបបញ្ហា (ចិក ឬខាំ) សូមយកទៅមន្ទីរពេទ្យជាបន្ទាន់ ។

អំណោយដែលផ្ដល់ជូនក្នុងមួយគ្រួសារមាន៖ អង្ករ ២៥ គីឡូ មី ១កេះ ត្រីខ ១យួ តង់ ១ កន្ទេល ១ ឃីត ១(ក្រម៉ា១ សារ៉ុង១ មុង១ និងភួយ១) និងថវិកាចំនួន ១០ម៉ីនរៀល បន្ថែមពីនេះ មន្ទីរសុខាភិបាលបានផ្តល់មុងសវត្ថិភាពចំនួន ២មុងក្នុងមួយគ្រួសារផងដែរ៕