ភ្នំពេញ ៖ ទំនាក់ទំនងការទូតរវាងកម្ពុជា-ជប៉ុន ត្រូវបានបង្កើតឡើងនៅឆ្នាំ១៩៥៣ មកដល់ឆ្នាំ២០១៩នេះ ប្រទេសទាំងពីរមានទំនាក់ទំនងការទូតជាមួយគ្នា គម្រប់ខួបទី៦៧ឆ្នាំ ទំនាក់ទំនងការទូត ប្រកបដោយមិត្តភាព កម្ពុជា-ជប៉ុន មានកិច្ចសហប្រតិបត្តិការល្អ ទាំងវិនិយោគ និងទេសចរណ៍។

បើតាមការបញ្ជាក់ របស់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍កម្ពុជា ឯកឧត្តម ថោង ខុន ក្នុងឱកាសទទួលជួប ឯកឧត្តម Hidehisa Horinouchi ឯកអគ្គ រាជទូតជប៉ុន ប្រចាំកម្ពុជា ដែលត្រូវបញ្ចប់អាណត្តិការទូតបានចូលជួបសម្តែងការគួរសម និង ជម្រាបលាកាលពីរសៀលថ្ងៃទី១២សីហាឆ្នាំ២០១៩ នៅទីស្តីការក្រសួងទេសចរណ៍ ។

ឯកឧត្តមរដ្ឋមន្ត្រី ថោង ខុន មានប្រយោជន៍ថា ទំហំនៃការនាំចេញរបស់កម្ពុជាទៅកាន់ប្រទេសជប៉ុនកាលពីឆ្នាំ ២០១៨ មានប្រមាណ ៤៤០លានដុល្លារអាមេរិក ដោយឡែកការនាំចូលពីជប៉ុនមកកម្ពុជាមានប្រមាណ ១,៦ ប៊ីលានដុល្លារអាមេរិក ហើយចំពោះទំហំវិនិយោគសរុប រួមទាំងការវិនិយោគក្នុងវិស័យទេសចរណ៍ផង ក្នុងឆ្នាំ២០១៨
កន្លងមក ក្រុមហ៊ុនវិនិយោគរបស់ភាគីជប៉ុនបានមកវិនិយោគលើវិស័យមួយចំនួននៅកម្ពុជា រួមមានចំនួន ៦ គម្រោង ដែលមានទុនវិនិយោគសរុបប្រមាណជាង ៨៨០លានដុល្លារអាមេរិក ក្នុងនោះគម្រោង វិនិយោគលើវិស័យទេសចរណ៍មានចំនួន ២ គម្រោង ដែលទុនវិនិយោគប្រមាណជាង ៨៦៦លានដុល្លារអា មេរិក ស្នើនឹង៩៨.៤% ធៀបនឹងទុនវិនិយោគទាំងអស់។

ឯកឧត្តមថា វិនិយោគិនជប៉ុនបច្ចុប្បន្ន ក្នុងឧស្សាហកម្មទេសចរណ៍រួមមានសណ្ឋាគារចំនួន ៩ ស្មើនឹង ៩៥៤ បន្ទប់ និងភោជនីយដ្ឋានចំនួន ៥៦កន្លែង ដែល សណ្ឋាគារ និងភោជនីយដ្ឋានទាំងនេះមានម្ចាស់សុទ្ធសឹងតែជាជនជាតិជប៉ុនតែម្តង។

ដោយឡែកក្នុងវិស័យ ទេសចរណ៍ កាលពីឆ្នាំ២០១៨កម្ពុជាទទួលបានភ្ញៀវទេសចរជប៉ុន ជាង២១ម៉ឺននាក់ រីឯ៦ខែ ឆ្នាំ២០១៩នេះ ទេសចរជប៉ុន មានជាង ១០ម៉ឺននាក់ ហើយបើគិតចាប់តាំងពីឆ្នាំ២០១៥ រហូត មកទល់ឆ្នាំ២០១៩ នេះទេសចរជប៉ុនបានមកទស្សនាកម្ពុជាស្ថិតក្នុងលំដាប់ទី៧ក្នុងរយៈពេល៥ឆ្នាំជាប់ៗគ្នាហើយកាលពីឆ្នាំ២០១៨ អ្នកទេសចរកម្ពុជាទៅជប៉ុនប្រមាណ ២ ម៉ឺននាក់ផងដែរ។

ក្នុងជំនួបនោះ ឯកឧត្តម Hidehisa Horinouchi បានសម្តែងនូវ ការពេញចិត្តចំពោះការរីកចំរើននៃទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរកម្ពុជា-ជប៉ុន ព្រមទាំងបានសាទរ ចំពោះការរីកចំរើននៅលើគ្រប់វិស័យរបស់ប្រទេសកម្ពុជា។ ឯកឧត្តមឯកអគ្គរាជទូតបានហៅជោគជ័យ នៃបេសកកម្មការទូតរបស់ឯកឧត្តមនៅកម្ពុជាក្នុងរយៈពេល៣ឆ្នាំនេះថា ជាជោគជ័យរួមនៃទំនាក់ទំនងរវាងប្រទេសយើងទាំងពីរ៕