​ព្រះវិហារ៖ ដើម្បី​ជួយ​សម្រាល ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ នៅ​ថ្ងៃ​ទី​១០ ខែ​សីហា ឆ្នាំ​២០១៩​នេះ សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន​កាកបាទក្រហមកម្ពុជា បាន​ចាត់​ឱ្យ​លោកជំទាវ ម៉ែន នារី សោ​ភ័គ អគ្គលេខាធិការរង​ទី​១ កាកបាទក្រហមកម្ពុជា និង​សហការី រួម​ជាមួយ​សាខា​កាកបាទក្រហមកម្ពុជា ខេត្តព្រះវិហារ ចុះសួរសុខទុក្ខ និង​ផ្តល់​អំណោយ​មនុស្សធម៌​ជូន​ប្រជាពលរដ្ឋ​ងាយ​រងគ្រោះ​បំផុត​ចំនួន ២៥០​គ្រួសារ រស់នៅក្នុង​ឃុំ​ចំនួន​១២ នៃ​ស្រុក​រវៀង ខេត្តព្រះវិហារ​។​

​ពិធី​នេះ​បានរៀបចំ​នៅ​ទីតាំង​ពីរ​កន្លែង​គឺ នៅ​សាលាបឋមសិក្សា​របៀប មាន​ប្រជាពលរដ្ឋ​១៨១​គ្រួសារ និង​នៅ​សាលា​មធ្យមសិក្សា​កម្រិត​មូលដ្ឋាន​ត្រពាំង​ទន្ទឹម សម្រាប់​ប្រជាពលរដ្ឋ​ចំនួន​៦៩​គ្រួសារ​។​

​ក្នុងឱកាស​ជួប​សំណេះសំណាល​ជាមួយ​ប្រជាពលរដ្ឋ​ទាំងអស់ លោកជំទាវ​អគ្គលេខាធិការរង​ទី​១ បាន​ពាំ​នាំនូវ​ប្រសាសន៍​របស់​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែល​ផ្ដាំផ្ញើ​សួរសុខទុក្ខ ក្តី​នឹករលឹក​អាណិត​ស្រឡាញ់ យ៉ាង​ជ្រាលជ្រៅ និង​គិតគូរ​ជានិច្ច ដោយ​តែងតែ​ចាត់​ឱ្យ​មន្ត្រីក្រោមឱវាទ ចុះ​ជួប​ដោយផ្ទាល់​ជាមួយ​ប្រជាពលរដ្ឋ​ងាយ​រង គ្រោះ​បំផុត​ដែល​ត្រូវការ​ឱ្យជួយ​ជា​ចាំបាច់ ជាពិសេស​ប្រជាពលរដ្ឋ​រងគ្រោះ​ដោយ​ទឹកជំនន់​នៅតាម​បណ្តា​ខេត្ត​មួយចំនួន​។​

​ជាមួយគ្នានេះ លោកជំទាវ​អគ្គលេខាធិការរង​ទី​១ បាន​ពាំនាំ​សេចក្តីអំពាវនាវ​ពី​សំណាក់​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែល​ផ្តាំ​ផ្ញើឱ្យ​ប្រជាពលរដ្ឋ​ទាំងអស់​មានការ​ប្រុងប្រយ័ត្ន​ចំពោះ​គ្រោះថ្នាក់​ធម្មជាតិ ទឹកជំនន់ ផ្គរ រន្ទះ ហើយ​ត្រូវ​ត្រៀមលក្ខណៈ រក​ទីកន្លែង​មាន​សុវត្ថិភាព​។​

​ទន្ទឹមនឹងនេះ សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ទាំងអស់ គិតគូរ​ថែទាំ​សុខភាព ឱ្យ​បានល្អ​ដើម្បី​កាត់បន្ថយ​ការចំណាយ​ក្នុង​គ្រួសារ ដោយ​ត្រូវ​រស់នៅ​មាន​អនាម័យ ពិសា​ទឹក​ដាំ​ឆ្អិន និង​បរិភោគ​អាហារូបត្ថម្ភ​ឱ្យបាន​ត្រឹមត្រូវ ជៀសវាង​ជំងឺលើសឈាម ជំងឺ​បេះដូង ឈឺសន្លាក់ ឬ​ទឹកនោមផ្អែម​។​ល​។ សូម​សម្អាត​បរិស្ថាន​ជុំវិញ​ផ្ទះ លុបបំបាត់​ជម្រក​សត្វ​មូស គេង​ក្នុង​មុង​ជានិច្ច ជៀសវាង​ជំងឺគ្រុនឈាម​-​គ្រុនចាញ់ ហើយ​ប្រសិនបើ​ក្តៅខ្លួន ឬ​ចេញ​រោគសញ្ញា​ណាមួយ ត្រូវ​ប្រញាប់​ទៅ​មន្ទីរពេទ្យ ដើម្បី​ព្យាបាល​ជាបន្ទាន់ ជៀសវាង​បណ្តែតបណ្តោយ​ពេលវេលា​ធ្វើឱ្យប៉ះពាល់​ដល់​អាយុជីវិត​។ ចំពោះ​ស្ត្រី​មាន​ផ្ទៃពោះ ត្រូវ​ពិនិត្យ​ផ្ទៃពោះ​ឱ្យបាន​ទៀងទាត់ និង​អនុវត្តតាម​ការណែនាំរ​បស់​គ្រូពេទ្យ​ជៀសវាង​ជំងឺឆ្លង​ពី​ម្តាយ​ទៅ​កូន ឬ​ជំងឺ​តំណពូជ​ជាដើម និង​ទៅ​សម្រាលកូន​នៅ​មណ្ឌល​សុខភាព ដែល​នៅ​ជិត​បំផុត​។​

​បន្ថែម​ពីនេះ សូម​ប្រជាពលរដ្ឋ​ទាំងអស់​ប្រុងប្រយ័ត្ន​នៅ​តំបន់​ដែលមាន​គ្រាប់មីន ឬ​គ្រាប់​មិនទាន់​ផ្ទុះ ដែល បន្សល់ទុក​ពី​សង្គ្រាម ដែល​ករណី​គ្រោះថ្នាក់​នៅ​កើតមានឡើង​ជាយថាហេតុ​។ ម្យ៉ាងទៀត​ទន្ទឹមនឹង​ការអភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវថ្នល់​ស្អាត​ល្អ​គ្រប់​ទីកន្លែង ក៏​សូម​ប្រជាពលរដ្ឋ​គិតគូរ​ពី​សុវត្ថិភាព​ចរាចរណ៍ ដែលជា​បញ្ហា​ប្រឈម បង្កឱ្យមាន​ការស្លាប់ និង​ពិការ​ភាពជា​រៀងរាល់ថ្ងៃ​។​អំណោយ​ដែល​បាន​ចែកជូន​គ្រួសារ​នីមួយៗ​រួមមាន​៖ អង្ករ​៣០​គីឡូក្រាម មី​១​កេស ត្រីខ ១០​កំប៉ុង ឃី​ត​១ (​មុង ភួយ សារុង ក្រមា អាវយឺត​) និង​អាវ​ភ្លៀង​១៕