តាកែវ៖ មន្រ្តីជំនាញកាំកុងត្រូលខេត្តតាកែវ បានធ្វើការអះអាងថា ក្រុមអាជីវករភាគច្រើន គឺពួក គាត់ បាន យល់ ដឹងកាន់តែច្រើនអំពីសុវត្ថិភាពចំណីអាហារ ដោយដាក់លក់ទំនិញ និងចំណីអាហារ ដែល មាន អនាម័យ ត្រឹមត្រូវ និងរកពុំឃើញសារធាតុគីមីនៅលើចំណីអាហារដូចមុននោះទេ ។
ថ្លែងប្រាប់អ្នកសារព័ត៌មាន បន្ទាប់ពីបានបញ្ចប់ការត្រួតពិនិត្យទំនិញ និងចំណីអាហារជាច្រើនមុខ នៅក្នុងផ្សារត្រពាំងអណ្តើក ដែលស្ថិតនៅឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ ខេត្តតាកែវ នាព្រឹកថ្ងៃច័ន្ទ ទី១២ ខែសីហា ឆ្នាំ២០១៩​នេះ លោក ប៉ោ លាងគង់ ប្រធានសាខាកាំកុងត្រូលខេត្ត បានមានប្រសាសន៍ថា នៅ ក្នុង ការចុះត្រួតពិនិត្យទំនិញនេះ មន្រ្តីជំនាញរបស់យើងបានធ្វើត្តេស៍បឋមទៅលើចំណីអាហារមួយចំនួនធំ និងពិនិត្យទៅលើគ្រឿងកំប៉ុងឃើញថា មានភាពត្រឹមត្រូវច្រើន ពោលគឺរកពុំមានសារធាតុគីមី និងទំនិញ ហួស កាលបរិច្ឆេទអ្វីឡើយ ព្រោះតែពេលនេះពួកគាត់មានការយល់ដឹងច្រើនអំពីសុវត្ថិភាព និងគិតគូរអំពីសុខភាពរបស់ អ្នកទិញពិសេស​តាមរយៈការចុះមកត្រួតពិនិត្យជាប់ជាប្រចាំ ក៏ដូចជាការអប់រំណែនាំ បន្ថែម ពីមន្រ្តីជំនាញកាំកុងត្រូល ។
លោក ប៉ោ លាងគង់ បន្ថែមទៀតថា សុវត្ថិភាពចំណីអាហារនេះ វាពិតជាសំខាន់ខ្លាំងណាស់ សម្រាប់ មនុស្សទូទៅ ព្រោះបើកាលក្រុមអាជីវករ លក់ទំនិញ និងចំណីអាហារ ដែល មាន អនាម័យ ល្អ ត្រឹម ត្រូវ និងគ្មានសារធាតុគីមី វានឹងឲ្យយើងមានសុខភាពល្អរឹងមាំ ជៀសផុតពីជម្ងឺផ្សេងៗ ដូច្នោះបញ្ហា សុវត្ថិ ភាព ចំណីអាហារនេះ ក្នុងនាមយើងជាមន្រ្តីជំនាញកាំកុងត្រូល គឺនៅតែចុះត្រួតពិនិត្យទំនិញនៅ លើទីផ្សារ ជាប់ ជាប្រចាំ ពោលគឺមិនឲ្យទីផ្សាររបស់យើងពោរពេញទៅដោយអាហារគីមី និងទំនិញមិនស្អាតល្អនោះទេ ។
បើតាមលោកប្រធានសាខាកាំកុងត្រូលខេត្ត ប៉ោ លាងគង់ ការយល់ដឹងច្រើន របស់បងប្អូន អាជីវករ ចំពោះសុវត្ថិភាពចំណីអាហារ វានឹងនាំឲ្យទីផ្សាររបស់យើង ក្លាយជាទីផ្សារដែលមានសុវត្ថិភាព មាន អនាម័យ និងគ្មានការប៉ះពាល់ដល់សុខភាពរបស់អ្នកបរិភោគ៕