ភ្នំពេញ៖ កន្លងមករហូតដល់បច្ចុប្បន្ន ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានយកចិត្តទុកដាក់ពីបញ្ហា ការខូចខាតផ្លូវ ការកក់ស្ទះចរាចរណ៍និងរៀបចំសណ្ដាប់ធ្នាប់នៅតាមបណ្ដាមហាវិថីតូចធំនិងផ្លូវតូចៗមួយចំនួនធំក្នុងមូលដ្ឋានទាំង១៤ខណ្ឌ ដើម្បីកាត់បន្ថយការកក់ស្ទះចរាចរណ៍។ តែផ្ទុយទៅវិញ លោក សុខ ពេញវុធ អភិបាលនៃគណៈអភិបាលខណ្ឌដូនពេញ និង លោកវរៈសេនីយ៍ឯក ទៀង ច័ន្ទសារ អធិការខណ្ឌ មិនបានអនុវត្តតាមបទបញ្ជា របស់ឯកឧត្តម អភិបាលរាជធានីភ្នំពេញឡើយ បានបណ្ដោយអោយក្រុមអ្នកលក់រថយន្តមួយទឹក បានវិលមកយកចិញ្ជើមផ្លូវលេខ៩០ ទល់មុខអតីតសាលាខណ្ឌដូនពេញ ចតរថយន្តលក់ដូចដើមវិញជាធម្មតា បន្ទាប់ពីអាជ្ញាធខណ្ឌដូនពេញ ចាត់វិធានការក្ដៅបានជាង៩ខែ ចាប់ពីដើមខែវិច្ឆិកា ឆ្នាំ២០១៨ កន្លងមក។

ជាក់ស្ដែងនៅព្រឹកថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៩ ទីតាំង ដែលក្រុមអ្នកលក់រថយន្តមួយទឹកយកចិញ្ចើមផ្លូវ ស្ថិតនៅតាមបណ្ដោយផ្លូវលេខ៩០ (ទល់មុខអតីតសាលាខណ្ឌដូនពេញ) រហូតដល់កែងផ្លូវលេខ៦១ ក្នុងមូលដ្ឋានសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ។

ប្រជាពលរដ្ឋដែលរស់នៅក្បែរផ្លូវលេខ៩០ លើកឡើងថា រាល់ថ្ងៃពេលធ្វើដំណើរថ្មើរជើងទៅទិញរបស់របរបន្តិចបន្តួចប្រើប្រាស់ប្រចាំថ្ងៃ តែងតែលើផ្លូវជានិច្ច ព្រោះចិញ្ជើមផ្លូវសម្រាប់អ្នកថ្មើរ ត្រូវបានក្រុមអ្នកប្រកបអាជីវកម្ម លក់រថយន្តរំលោភយកចិញ្ជើមផ្លូវលើសពី១ភាគ៣ នៃចិញ្ជើមផ្លូវអស់ហើយសម្រាប់តាំងលក់រថយន្តដូចដែលឃើញជាក់ស្ដែងស្រាប់។ ដូច្នះសូមសំនូមពរដល់អាជ្ញាធរពាក់ព័ន្ធ ជួយមានវិធានការបន្តទៀតផង ដោយកន្លងមកអាជ្ញាធរខណ្ឌចាត់វិធានការក្ដៅម្ដង បានជោគជ័យ ធ្វើអោយបងប្អូនប្រជាពលរដ្ឋធ្វើដំណើថ្មើជើងងាយស្រួលដើរនិងជនពិការងាយស្រួលធ្វើដំណើរផងដែរ ជៀសវាងករធ្វើដំណើរតាមផ្លូវដែលអាចបង្កជា គ្រោះថ្នាក់ ហានិភ័យ ផ្សេងៗ-ល-។

ចំពោះបញ្ហានេះ លោកវរៈសេនីយ៍ត្រី អ៊ុន សំអាត នាយប៉ុស្តិ៍នគរបាលរដ្ឋបាលវត្តភ្នំ បានប្រាប់ភ្ញាក់ងារ ទូរទស្សន៍ កម្ពុជាប៉ុស្តិ៍លេខ ៨ ឲ្យដឹងថា ទីតាំងដែលក្រុមអ្នកលក់រថយន្តមួយទឹកនេះ លោកបានអោយមន្រ្តីជំនាញ ធ្វើរបាយការណ៍ស្នើរសុំ វិធានការទៅសាលាខណ្ឌរួចហើយ។

បន្ថែមទៀតនោះ ភ្ញាក់ងារ ទូរទស្សន៍កម្ពុជាប៉ុស្តិ៍លេខ ៨ កម្មវិធីតាមផ្លូវ យើងបានសុំការបំភ្លឺ ពីលោក សុខ ពេញវុធ អភិបាលខណ្ឌដូនពេញ លោកបានអោយដឹងថា បញ្ហានេះលោក នឹង ចាត់អោយក្រុមការងារខណ្ឌឲ្យចុះទៅអប់រំណែនាំ បន្ថែម។

ជាចុងក្រោយប្រជាពលរដ្ឋសំនូមអោយអាជ្ញាធរខណ្ឌដូនពេញ គួរមានវិធានការផង ចំពោះក្រុមអ្នកលក់រថយន្តមួយទឹក បាន យកចិញ្ជើមផ្លូវទល់មុខអតីតសាលាខណ្ឌដូនពេញ ជាកន្លែងចតរថយន្តសម្រាប់លក់ បង្កអោយមានភាពអនាធិបតេយ្យ គ្មានសណ្ដាប់ធ្នាប់ នៅតាមដងផ្លូវផង។

គួរំលឹកផងដែរ កាលពីថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០១៨ លោក យស យុទ្ធី អភិបាលរងនៃគណៈអភិបាលខណ្ឌដូនពេញ បានទទួលបទបញ្ជាពីលោក សុខ ពេញវុធ អភិបាលខណ្ឌដូនពេញ បានដឹកនាំកម្លាំងរបស់លោក យករថយន្តស្ទូច មកស្ទូចរថយន្តរបស់បងប្អូនក្រុមអ្នកលក់រថយន្តចេញពីទីតាំងផ្លូវលេខ៩០នេះ ក្រោយពីលោកអភិបាលរង បានធ្វើសេចក្ដីជូនដំណឹងដល់បងប្អូនអ្នកលក់រថយន្តមួយទឹកយកចិញ្ជើមផ្លូវលើសពី១ភាគ៣ ចតលក់ រថយន្ត នៅតាមបណ្ដោយផ្លូវលេខ៩០ (ទល់មុខអតីតសាលាខណ្ឌដូនពេញ) រហូតដល់កែងផ្លូវលេខ៦១ ក្នុងមូលដ្ឋានសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ អោយយកចេញពីចិញ្ជើមផ្លូវ ក្នុងរយៈពេល២ថ្ងៃអោយអស់ នៅថ្ងៃទី៣០និងទី៣១ ខែតុលា ឆ្នាំ២០១៨នេះ ជៀសវាងមានការប៉ះពាល់ ដល់ប្រជាពលរដ្ឋធ្វើដំណើរដោយថ្មើជើង រួមទាំងសោភ័ណ្ឌភាពទីក្រុងផងដែរ៕