ឯកឧត្តមសុខ ឥសាន ប្រធានគណៈកម្មការទី ៤នៃព្រឹទ្ធសភាប្រាប់ឲ្យមន្ត្រីទាំងអស់ ទាំងខាងនិតិប្បញ្ញត្តិ និងនិតិប្រតិបត្តិត្រូវរួមគ្នាទប់ទល់រាល់នយោបាយវាយប្រហារមកលើកម្ពុជា ពិសេសគណបក្សប្រជាជនកម្ពុជា  ព្រោះបើទោះជារាជរដ្ឋាភិបាលខិតខំធ្វើយ៉ាងណាក៏ដោយ ក៏មិនអាចផ្គាប់ចិត្តក្រុមមនុស្សដេកចាំតែជំទាស់បានដែរ។

ថ្លែងនៅក្នុងជំនួបពិភាក្សាការងារ និងស្វែងយល់អំពីការអនុវត្តច្បាប់នៅក្នុងខេត្តកំពត  នៅថ្ងៃទី ១៣ ខែសីហា ឆ្នាំ២០១៩ ឯកឧត្តម សុខ ឥសាន ប្រធានគណៈកម្មការ ទី៤នៃព្រឹទ្ធសភាបានលើកឡើងថា មន្ត្រីទាំងអស់ត្រូវខិតខំរួមគ្នាអនុវត្តភារកិច្ចការ និងគោរពតាមច្បាប់ដែលបានចែក ពិសេសត្រូវស្វែងយល់អំពីសតិអារម្មណ៍ ក្រុមការងារ ក្នុងតំបន់ ឬ ខេត្ត ឬស្ថាប័ន អង្គភាពរបស់ខ្លួន ។

លើសពីនេះ ត្រូវយកចិត្តទុកដាក់លើមជ្ឍដ្ឋានប្រឆាំងទាំងឡាយ ទាំងអ្នកវិភាគនយោបាយ សេដ្ឋកិច្ច សង្គម  និងអ្នកនៅអង្គការសង្គមស៊ីវិល មួយចំនួនដែលមាននិន្នាការប្រឆាំង ។ លោកបានបន្តថា បើទោះជារាជរដ្ឋាភិបាលប្រឹងធ្វើយ៉ាងណាក៏ដោយ ក៏មិនអាចផ្គាប់ចិត្តពួកទាំងនោះបានទេ នៅពេលដែល ងាកទៅខាងស្តាំ គេវាយឆ្វេង នៅពេលដែលទៅខាងឆ្វេង គេវាយស្តាំ ។ ដូច្នេះមន្ត្រីទាំងអស់ត្រូវធ្វើអ្វីតាមការកំណត់ តាមគោលការផ្លូវច្បាប់ និងគោលការណ៍នៃកម្មវិធីនយោបាយ របស់គណបក្សប្រជាជនកម្ពុជា ។

ឯកឧត្តម បានស្នើដល់មន្ត្រីទាំងខាងនីតិប្បញ្ញត្តិ និងនីតិប្រតិបត្តិ ត្រូវរូមគ្នាទប់ទល់រាល់នយោបាយវាយប្រហារមកលើបក្ស និងរាជរដ្ឋាភិបាលកម្ពុជា ។

នៅក្នុងឱកាសនោះដែរ ឯកឧត្តម សុខ ឥសាន ក៏បានស្នើឲ្យរដ្ឋបាលខេត្ត គណៈបញ្ជាការឯកភាពខេត្តត្រូវបង្កើនការយកចិត្តទុកដាក់បន្ថែមទៀតលើបញ្ហា មួយចំនួនដូចជា ភូមិឃុំសុវត្ថភាព បញ្ហាដីធ្លី ទាំងបញ្ហាជម្លោះ និងការទន្ទ្រានយកដីរដ្ឋ (មានដីព្រែក សមុទ្រ ភ្នំ ឬដីព្រៃជាដើម) បញ្ហាគ្រោះថ្នាក់ចរាចរ គ្រឿងញៀន បើទោះជាំខេត្តកំពតមិនមានបាតុភាព ឬករណីណាមួយគួរឲ្យកត់សំគាល់ក៏ដោយ៕