កំពង់ចាម : ដើម្បី ការពារជំងឺ រាតត្បាត ដែលតែងតែកើតមានឡើង ក្នុងរដូវវស្សានេះ នៅ ថ្ងៃទី១២ ខែសីហា ឆ្នាំ ២០១៩ ឯកឧត្ដម  អ៊ុន  ចាន់ដា  អភិបាលខេត្តកំពង់ចាម  ឯកឧត្ដម  តាន់  ផាន់ណារ៉ា  ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា  និងជាអគ្គនាយកដ្ឋានសុខភាពសត្វនិងផលិតកម្មសត្វ នៃក្រសួង  កសិកម្ម  រុក្ខាប្រមាញ់  និងនេសាទ  បានបើកយុទ្ធនាការចាក់ថ្នាំវ៉ាក់សាំងទប់ស្កាត់ជំងឺ ឆ្លងផ្សេងៗ ដល់សត្វ គោ ក្របី នៅភូមិទី៣ ឃុំកោះសំរោង ស្រុកកំពង់សៀម ខេត្តកំពង់ចាម ដើម្បីការពារសត្វគោក្របី ដែលជាកម្លាំងអូសទាញយ៉ាងសំខាន់របស់ប្រជាកសិករ ក្នុងការបង្កបង្កើនផល ហើយ ការចាក់វ៉ាក់សាំងការពារជំងឺអ៊ុចក្តាម លើសត្វគោ ក្របី ជូនប្រជាពលរដ្ឋនាពេលនេះ គឺមិន គិតថ្លៃឡើយ។

ឆ្លៀតក្នុងឱកាសនោះ ឯកឧត្ដម  អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានធ្វើការអំពាវនាវដល់ បងប្អូនប្រជាពលរដ្ឋទាំងអស់កុំឲ្យមានការព្រួយបារម្ភអំពីបញ្ហាជំងឺ ប៉េស្ដ្រជ្រូកអាហ្វ្រិក ព្រោះតាមការពិនិត្យតាមដានជាប្រចាំរបស់ក្រសួងជំនាញកម្ពុជា មកទល់នឹងពេលនេះគឺ ជំងឺប៉េស្ដ្រជ្រូកអាហ្វ្រិក  មិនមានឆ្លងមកមនុស្សទេ វាឆ្លងតែជ្រូកដូចគ្នាតែប៉ុណ្ណោះ។

ជាមួយគ្នានោះឯកឧត្តម អភិបាលខេត្ត ក៏បានសំណូមពរឲ្យអាជ្ញាធរ គ្រប់លំដាប់ថ្នាក់ ត្រូវជួយផ្សព្វផ្សាយដល់ប្រជាពលរដ្ឋឲ្យចូលរួមជាមួយជំនាញដើម្បីចាក់ថ្នាំ ការពារទប់ស្កាត់នូវជម្ងឺឆ្លង ដល់ សត្វ និងជួយរាយការណ៍ពី ស្ថានភាពជម្ងឺសត្វទៅកាន់ភ្នាក់ងារ សុខភាពសត្វភូមិ និងមន្ត្រីបសុព្យាបាល ប្រចាំស្រុក ត្រូវចូលរួមធ្វើការចាក់ថ្នាំការពារឲ្យបាន ទាន់ ពេលវេលា   ចៀសវាង បង្កឲ្យមានជំងឺ ឆ្លងរីករាលដាលធ្ងន់ធ្ងរ។

បើយោងតាមលោក ស៊ីម ថាវីរះ ប្រធានមន្ទីរកសិកម្ម  រុក្ខាប្រមាញ់ និងនេសាទ ខេត្តកំពង់ចាម  បានឲ្យដឹងថា  នៅក្នុងស្រុកកំពង់សៀម  មាន សត្វ គោក្របីចំនួន ៣៣ ៤៥៤ក្បាល ហើយត្រូវបានចាក់វ៉ាក់សាំងការពារ ជម្ងឺ ចំនួន១ ៩៨៤ក្បាល ដែលយុទ្ធនាការចាក់វ៉ាក់សាំងនេះ តែងតែធ្វើឡើងជាប្រចាំនារដូវទឹកឡើង៕