ខេត្តព្រះសីហនុ៖ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអនុញ្ញាតឱ្យអង្គការសង្គមស៊ីវិលនិងប្រជាពលរដ្ឋសហគមន៍ចូលជួប ប្រជុំពិភាក្សាដើម្បីតស៊ូមតិរកដំណោះស្រាយ ជុំវិញវិវាទដីធ្លីក្នុងខេត្ត អាយុប្រជុំនេះធ្វើឡើងនាព្រឹកថ្ងៃទី១៣ ខែសីហាឆ្នាំ ២០១៩ នៅសាលាខេត្តព្រះសីហនុ។ ក្នុងកិច្ចប្រជុំផ្តោតសំខាន់ រវាងអង្គការសង្គមស៊ីវិលនិងប្រជាពលរដ្ឋសហគមន៍ដើម្បីឲ្យពួកគាត់លើកឡើងពីបញ្ហាប្រឈម ជាមួយនឹងទំនាស់ដីធ្លី ដែលនៅក្នុងខេត្តកំពុងតែជួបប្រទះនិងបានរាយការណ៍ ដោយផ្ទាល់ជូនអភិបាលខេត្ត និងមន្ទីរជំនាញពាក់ព័ន្ធដើម្បីរកដំណោះស្រាយ។

ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានថ្លែងនៅក្នុងអង្គប្រជុំថា រាល់បញ្ហាទំនាស់ដីធ្លីនៅក្នុងខេត្តព្រះសីហនុមានរឿងខ្លះ ផុតពីដែនរដ្ឋបាលខេត្តក៏ដូចជាមន្ទីសូរិយោដីហើយ ដោយសាររឿងបានបញ្ជូនទៅដល់ដៃតុលាការ ដូច្នេះគណបញ្ជាការខេត្តអត់មានសិទ្ធិ លូកដៃនៅក្នុងកិច្ចការរបស់តុលាការបាននោះទេ។ ឯកឧត្តមមានប្រសាសន៍ថា រឿងតុលាការនិងរដ្ឋបាលគឺមានដែនសមត្ថកិច្ចខុសគ្នា អញ្ចឹង ខេត្តមានសិទ្ធិត្រឹមសម្របសម្រួលចំពោះបញ្ហាដីធ្លីដែលមានលក្ខណៈស្រាលឬតិចតួចបើធ្ងន់ធ្ងរមានការប្ដឹងផ្ដល់ដល់តុលាការគឺរដ្ឋបាលខេត្តក៏ដូចជាអាជ្ញាធរខេត្តគ្មានសិទ្ធិលូកដៃក្នុងកិច្ចការកុលាការនោះទេ។ ឯកឧត្តមគូសបញ្ជាក់បន្ថែមថា ឯកឧត្តមធ្លាប់ធ្វើជាអាជ្ញាធរដោះស្រាយទំនាស់ទាំងនេះជិត ២០ ឆ្នាំមកហើយប៉ុន្តែមកដល់ខេត្តព្រះសីហនុនេះ ដូចជាមានរឿងទំនាស់ច្រើនបន្តិចដូច្នេះលោកបានចាត់ឲ្យមន្ត្រីជំនាញ អន្តរវិស័យសហការគ្នាដើម្បីលើករឿងទាំងអស់នេះមកដោះស្រាយ ប៉ុន្តែក្នុងរយៈពេលមួយខែជាងនេះ មន្ត្រីរបស់លោកស្ទើវិលមុខហើយ។

ឯកឧត្តម គួច ចំរើន បានបញ្ជាក់ធ្ងន់ៗទៅកាន់ មន្ត្រីក្រោមឱវាទ អង្គការសង្គមស៊ីវិល និងសហគមន៍ក្នុងខេត្តថា ដំណាក់កាលនេះ លែងមាន ឈ្នះបានដីចាញ់បានលុយទៀតហើយ ដំណាក់កាលនេះ គឺចោរត្រូវតែមានទោស។ អភិបាលខេត្តព្រះសីហនុបានថ្លែងបែបនេះ ស្របតាមគោលការណ៍របស់រាជរដ្ឋាភិបាល សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលដាក់ផែនការចំពោះអ្នកធ្វើការរំលោភបំពានយកដីរដ្ឋដីគម្របព្រៃឈើធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន។

លោកអុី ធារិទ្ធ ប្រធានក្រុមការងារអន្តរវិស័យខេត្តព្រះសីហនុបានថ្លែងថា ចំពោះដីដែលមិនមានឯកសារឬធ្វើការវាស់វែងហើយមិនទាន់ចេញប័ណ្ណកម្មសិទ្ធិដោយសារតែដីមួយចំនួននោះគឺជាប់ពាក់ព័ន្ធនឹងដីគម្របព្រៃឈើឆ្នាំ ២០០២ ហើយក្រុមការងារអន្តរវិស័យខេត្តចុះធ្វើការវាស់វែងគឺដើម្បីកំណត់អត្ដសញ្ញាណក្បាលដីនិងអ្នករស់នៅលើដីដែលជាប់ពាក់ព័ន្ធនឹងដីរដ្ឋ ម្យ៉ាងទៀតមូលហេតុដែលមានការយឺតយ៉ាវដោយសារដីដែលមានការជាប់ពាក់ព័ន្ធនឹងគម្របព្រៃឈើត្រូវបានធ្វើឯកសារដាក់ទៅប្រមុខរាជរដ្ឋាភិបាល ទើបមានការយឺតយ៉ាវ។

លោក សុខ សុខុម ប្រធានអង្គការស្រាវជ្រាវជាតិកម្ពុជាហៅកាត់ថា (ស៊ីអិនរ៉ូ) C.N.RO ប្រចាំខេត្តព្រះសីហនុ បានថ្លែងគាំទ្រចំពោះ ការអនុវត្តតាមផ្លូវច្បាប់របស់ឯកឧត្តម គួច ចំរើន លោកមានប្រសាសន៍ថា ប្រសិនជាខុសច្បាប់ អាចផ្ដល់ផលប្រយោជន៍ទៅឲ្យបុគ្គលម្នាក់ៗផ្សេងទៀត លោក សុខសុខុម បានបន្តថា អង្គការ (ស៊ីអិនរ៉ូ) របស់លោក បានធ្វើបច្ចុប្បន្នភាព ក្នុងមួយឆ្នាំមួយដង សម្រាប់សហគមន៍ ហើយក្នុងនាមលោកអង្គការសង្គមស៊ីវិល លោកសូមសហការជាមួយរដ្ឋបាលខេត្តជានិច្ចក្នុងការដោះស្រាយ រាល់វិវាទដីធ្លីក្នុងខេត្តព្រះសីហនុ លោកនឹងចាំផ្ដល់ជាឯកសារ ដល់ខេត្ត ពាក់ព័ន្ធនឹង ទំនាស់ដីធ្លីសហគមន៍។ លោកបន្ថែមថា អង្គការរបស់លោក មិនត្រឹមតែធ្វើការក្នុងសហគមន៍ទំនាស់ដីធ្លីប៉ុណ្ណឹងទេ លោកបានធ្វើការ ការពារបរិស្ថាន តំបន់ឆ្នេរព្រៃកោងកាង លោកខិតខំធ្វើយ៉ាងណាដើម្បី ឲ្យខេត្តព្រះសីហនុមានមុខមាត់ ជាខេត្តទេសចរណ៍ ដ៏ល្អមួយសម្រាប់ទិសនារតី។

លោក សុខ សុខុម បានក៏សុំគោលការណ៍របស់អភិបាលខេត្តឲ្យពិនិត្យ តំបន់ឆ្នេរសមុទ្រឡើងវិញ និងចរាចរណ៍លេខ ០១ របស់រាជរដ្ឋាភិបាល ចុះថ្ងៃទី ៣ ខែ ២ ឆ្នាំ ២០១២ ស្ដីពីការកំណត់តំបន់ដីចំណីឆ្នេរអោយបាន៥០ ម៉ែត្រ ក្នុងតំបន់នីមួយៗ អញ្ចឹងសារាចរលេខ ០១ ចុះហត្ថលេខាដោយរាជរដ្ឋាភិបាល បានកំណត់តំបន់ឆ្នេរសមុទ្រច្បាស់លាស់ណាស់ ពេលនេះឆ្នេរសមុទ្រក្នុងខេត្តព្រះសីហនុក៏កំពុងបាត់បង់ផងដែរ ប៉ុន្តែកន្លែងខ្លះមិនមែនបាន៥០ ម៉ែត្រនោះទេ មានខ្លះលប់ទាំងសមុទ្រទៀតផង ដូចជានៅស្រុកស្ទឹងហាវមានការចាក់លុបរំលោភយកឆ្នេរសមុទ្រ និងតំបន់មួយចំនួនទៀតក៏មានការចាក់ដីលុបព្រៃកោងកាងនៅ ព្រែកទឹកសាប ចំណុចនេះហើយដែលអង្គការ ស៊ីអិនរ៉ូ យើងខ្ញុំបានស្នើសុំទៅដល់ឯកឧត្តមអភិបាលខេត្ត។

ជាចុងក្រោយ ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុបានកោតសរសើរចំពោះលោក សុខ សុខុម ប្រធានអង្គការស្រាវជ្រាវជាតិកម្ពុជា C.N.RO ក្នុងការជួយដោះស្រាយបញ្ហាទំនាស់ដីធ្លី ក្នុងខេត្តព្រះសីហនុនិងសូមឲ្យរដ្ឋបាលខេត្ត មានបញ្ហាទំនាស់ដីធ្លីត្រូវចេញលិខិតអញ្ជើញលោក សុខ សុខុម មកជួយដោះស្រាយទំនាស់និងផ្ដល់ជាឯកសារពាក់ព័ន្ធសម្រាប់ដោះស្រាយទំនាស់និមួយៗ៕