បន្ទាយមានជ័យះដើម្បីធ្វើការបញ្ជាក់ឲ្យកាន់តែច្បាស់ថា ជំងឺប៉េស្តជ្រូកអាហ្វ្រិកមិនឆ្លងមកមនុស្ស ឯកឧត្តម អភិបាលខេត្តបន្ទាយមានជ័យបានអំពាវនាវឲ្យពលរដ្ឋជឿជាក់លើពេទ្យសត្វទទួលទានសាច់ជ្រូកឡើងវិញ ។   ការអំពាវនាវនេះធ្វើឡើងកាលពីព្រឹកថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៩ក្នុងឧកាសដែល ឯកឧត្តម អ៊ុ រាត្រី អភិបាលខេត្ត និងលោកជំទាវ ជ័យ ណារី អ៊ុរាត្រី នឹងថ្នាក់ដឹកនាំគ្រប់មន្ទីរស្ឋាប័ណ្ណបានអញ្ជើញពិសាសាច់ជ្រូកសុវត្ថិភាព នៅមុខផ្សារចម្ការគរ  (ផ្សារថ្មី) ស្ថិតនៅភូមិ២ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណខេត្តបន្ទាយមានជ័យ ។

កម្មវិធីនេះរៀបចំឡើងដោយលោក ហ៊ុយ ទូច ប្រធានការិយាល័យបសុពេទ្យសហការណ៍ជាមួយក្រុមហ៊ុន សុី ភី( CP)សាខាខេត្តបន្ទាយមានជ័យ។លោក ប៉ាង វណ្ណសេដ្ឋ ប្រធានមន្ទីកសិកម្ម  រុក្ខាប្រមាញ់ និងនេសាទខេត្តបន្ទាយមានជ័យ បានឲ្យដឹងថា តាមការណែនាំពីឯកឧត្តមរដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអំពាវនាវដល់ប្រជាពលរដ្ឋពិសាសាច់ជ្រូកវិញ ព្រោះជំងឺប៉េស្តជ្រូកអាហ្វ្រិកមិនឆ្លងមកមនុស្សបានទេ បើទោះជាយើងបរិភោគក៏មិនឆ្លង ឬប៉ះពាល់ដល់សុខភាពអ្នកបរិភោគឡើយ។ហើយម៉្យាងទៀតជំងឺប៉េស្តជ្រូកអាហ្វ្រិកបានឆ្លងរាលដាលនៅប្រទេសភាគខាងកើត ហើយបណ្តាលឆ្លងមកកម្ពុជានៅខេត្តមួយចំនួនជាប់ព្រំដែនខាងកើតក៏ដោយ តែខេត្តបន្ទាយមានជ័យមិនទាន់មានករណីផ្ទុះជំងឺប៉េស្តជ្រូកអាហ្វ្រិកកើតមាននៅឡើយទេ។ មន្ត្រីជំនាញបានធ្វើការទប់ស្កាត់មិនឲ្យរាលដាលដល់ខេត្តបន្ទាយមានជ័យ បានឡើយ  ពីព្រោះមន្ត្រីជំនាញបានធ្វើការត្រួតពិនិត្យយ៉ាងល្អិតល្អន់ មុននាំសត្វជ្រូកដែលនាំចូល។

ទោះជាខេត្តបន្ទាយមានជ័យមិនមានផ្ទុះជំងឺប៉េស្តជ្រូកអាហ្វ្រិកក៏ដោយដើម្បីបញ្ជក់និងកាន់តែទុកចិត្តឯកឧត្តម អ៊ុ រាត្រី អភិបាលខេត្ត បានឲ្យមន្ត្រីជំនាញរៀបចំពិធីពិសាសាច់ជ្រូកសុវត្ថិភាព ដែលបានធ្វើជ្រូកចំនួន១០ក្បាល។ ក្នុងនោះមានចំនួន៩ក្បាលចម្អិនហើយរៀបចំពិសារួមគ្នា កុំឲ្យប្រជាពលរដ្ឋមានការភ័យខ្លាច និងព្រួយបារម្ភ និង១ក្បាលទៀតបោះត្រាមន្ត្រីជំនាញ ដើម្បីណែនាំដល់អាជីវករ និងប្រជាពលរដ្ឋបានដឹង និងស្គាល់ជ្រូកដែលកាប់លក់តាមទីផ្សារ គឺជ្រូកដែលធ្វើការត្រួតពិនិត្យពីមន្ត្រីជំនាញទើបឲ្យកាប់លក់តាមទីផ្សារ។

ក្រៅពីការអំពាវនាវខាងលើឯកឧត្តម អ៊ុ រាត្រី មានប្រសាសន៍ថា ដោយទទួលបានអនុសាសន៍ដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសឲ្យបងប្អូនប្រជាពលរដ្ឋត្រូវបរិភោគសាច់ជ្រូកបន្តទៀត។ដូចនេះសូមបងប្អូនប្រជាពលរដ្ឋ កុំឲ្យមានការព្រួយបារម្ភជំពោះជំងឺបេស្តជ្រូកអាហ្វ្រិកនេះ ព្រោះមន្ត្រីក្រសួងជំនាញបានធ្វើការពិនិត្យហើយ គឺជំងឺនេះឆ្លងពីសត្វជ្រូកទៅសត្វជ្រូកតែប៉ុណ្ណោះ មិនអាចឆ្លងមកមនុស្សឡើយ ដូច្នេះហើយ សូមឲ្យបងប្អូនបន្តពិសាសាច់ជ្រូកដូចធម្មតា៕អេបពៅ