ឯកឧត្តម ចម ប្រសិទ្ធទេសរដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងឧស្សាហកម្មនិងសិប្បកម្មប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តកំពតនិងឯកឧត្តម ជាវតាយអភិបាលខេត្តកំពត ឯកឧត្ដមជឹងផល្លាប្រធានក្រុមប្រឹក្សាខេត្តកំពតនិងឯកឧត្តមកែនសត្ថាអភិបាលខេត្តកែប រួមមន្ត្រីថ្នាក់ដឹកនាំខេត្តទាំងពីរ នៅថ្ងៃទី១២ខែសីហា ឆ្នាំ២០១៩ បានអញ្ជើញចុះពិនិត្យដំណើរការស្ដារឡើងវិញនូវទំនប់ប្រទាក់ក្រឡាក្រោយទទួលរងការវាយប្រហាដោយទឹកជំនន់កាលវេលារៀបភ្លឺនាថ្ងៃទី១១ ខែសីហាឆ្នាំ២០១៩កន្លងទៅថ្មីនេះ។
មានប្រសាសន៍សំណេះសំណាល ជាមួយក្រុមការងារអន្តរាគមន៍ក្រសួងធនធានទឹកនិងឧតុនិយមនិងអាជ្ញាធរមូលដ្ឋានព្រមទាំងប្រជាពលរដ្ឋនាឱកាសនោះ ឯកឧត្ដមជាវ តាយអភិបាលខេត្តកំពត បានបញ្ជាក់ថា បញ្ហាទុកលំបាករបស់ប្រជាពលរដ្ឋគឺជាទុកលំបាករបស់ថ្នាក់ដឹកនាំនៃរាជរដ្ឋាភិបាលគ្រប់លំដាប់ថ្នាក់ពិសេសសម្តេចតេជោហ៊ុន សែននាយករដ្ឋមន្ត្រីតែងតែយកចិត្តទុកដាក់ខ្ពស់ចំពោះសុខទុក្ខលំបាកប្រជាពលរដ្ឋគ្រប់កាលៈទេសៈ ហើយសម្តេចតេជោតែងតែក្រើនរំលឹកណែនាំ ដល់មន្ត្រីមូលដ្ឋានគ្រប់លំដាប់ថ្នាក់ត្រូវចុះជួយប្រជាពលរដ្ឋជួបទុក្ខលំបាកគ្រប់ពេលវេលា។ ឯកឧត្តមជាវ តាយអភិបាលខេត្តក៏បានសូមការអធ្យាស្រ័យយោគយល់ពីសំណាក់ប្រជាពលរដ្ឋក៏ដូចក្រុមការងារដែលឯកឧត្តមអវត្តមានមិនបានចុះជាប់ផ្ទាល់នៅពេលទំនប់បាក់ភ្លាមៗដោយសារបញ្ហាសុខភាពដែលរយៈពេលប៉ុន្មានថ្ងៃនេះដោយសាររវល់ចុះជាប់ជាមួយប្រជាពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀងនេះក្នុងភូមិសាស្ត្រមួយចំនួនក្នុងខេត្ត។
ឯកឧត្ដមអភិបាលខេត្តក៏បានបញ្ជាក់ថា ប៉ុន្តែទោះបីយ៉ាងណាឯកឧត្តមតែងតែបានណែនាំចាត់បញ្ជូនអោយថ្នាក់ដឹកនាំនិងមន្ត្រីមូលដ្ឋាននៅជាប់ជាមួយសភាពការណ៍និងបងប្អូនជាប្រចាំជានិច្ច។
មានប្រសាសន៍សំណេះសំណាលនាឱកាសនោះដែរ់ឯកឧត្តមទេសរដ្ឋមន្រ្ដីចម ប្រសិទ្ធបានកោតសរសើរដល់អាជ្ញាធរនិងមន្ត្រីនៃខេត្តទាំងពីរកំពត-កែប ព្រមទាំងក្រុមការងារអន្តរាគមន៍ក្រសួងធនធានទឹករួមនឹងប្រជាពលរដ្ឋ ដែលបានរួមសហការគ្នាបានម្ចាស់ការគ្រប់គ្រងស្ដារជួសជុលឡើងវិញនូវការបាក់ទំនប់ទឹកដែលជានេះដែលជាសក្ដានុពលធនធានទឹកដ៏សំខាន់មួយសម្រាប់បម្រើសេចក្តីត្រូវការរបស់ខេត្តទាំងពីរកំពត-កែប។
ឯកឧត្ដម ទេសរដ្ឋមន្រ្តីក៏បានផ្ដាំផ្ញើអោយមន្ត្រីបច្ចេកទេសត្រូវខិតខំយកចិត្តទុកដាក់លើការស្ដារជួសជុលទំនប់នេះទាំងគុណភាពនិងបរិមាណទឹកអោយបានកាន់តែប្រសើរឡើងវិញដើម្បីបម្រើប្រយោជន៍ជូនប្រជាពលរដ្ឋពិសេសបម្រើអោយការវិស័យទឹកស្អាតជូនដល់ប្រជាពលរដ្ឋខេត្តទាំងពីរកំពត-កែបផងដែរ។ជាមួយនោះដែរ ថ្នាក់ដឹកនាំ ខេត្តកំពតក៏បាននាំយកនូវថវិកាមួយចំនួនជូនប្រជាពលរដ្ឋនិងក្រុមការងារផងដែរ។