ភ្នំពេញ៖ ជង្ហុកសំបុកមាន់មួយកន្លែង នៅផ្លូវ៣៧១ ក្នុងភូមិត្នោតជ្រុំ៥ សង្កាត់បឹងទំពន់ទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ កើតមាននិងខូចខាតរាប់ខែមកហើយ តែពលរដ្ឋរអ៊ូរទាំថា មិនដែលឃើញអាជ្ញាធរមូលដ្ឋាន ចុះមកធ្វើការជួសជុលទាល់តែសោះ ទុកឲ្យប្រជាពលរដ្ឋជួបគ្រោះថ្នាក់ទៅវិញ។

ក្នុងនោះ បងប្អូនប្រជាពលរដ្ឋ ដែលជាអ្នកធ្វើដំណើរតាមដងផ្លូវខាងលើ ដល់ចំណុចជង្ហុកនេះ បានរិះគន់ទៅដល់អាជ្ញាធរសង្កាត់ ជាពិសេសគឺអាជ្ញាធរខណ្ឌមានជ័យតែម្តង ថាមើលរំលង ទុកជង្ហុកទាំងនេះ ទុកឲ្យបង្កបញ្ហាគ្រោះថ្នាក់ជាយថាហេតុទៅដល់បងប្អូនប្រជាពលរដ្ឋ ដែលធ្វើដំណើរបើកបរដោយម៉ូតូងាយនឹងគ្រោះថ្នាក់ណាស់ ដោយសារតែរដូវនេះជារដូវវស្សា ពេលភ្លៀងមកក៏ដក់ទឹក មើលមិនដឹង ទើបកើតគ្រោះថ្នាក់ខ្លះដួលម៉ូតូក៏មាន ម្យ៉ាងផ្លូវនេះសម្បូរទៅដោយរថយន្តធុនធំ បើកចេញចូលណាស់ ខ្លាចពលរដ្ឋផ្សេងទៀតគាត់មិនបានដឹង ដួលខ្ទាតចូលរថយន្ត បាត់បង់អាយុជីវិតជាយថាហេតុ ក៏ថាបាន ។

ដូច្នេះហើយ ពលរដ្ឋបានស្នើសុំឲ្យអាជ្ញាធរសង្កាត់បឹងទំពន់ទី២ ក៏ដូចជាអាជ្ញាធរខណ្ឌមានជ័យ ជាពិសេសលោក ពេជ្រ កែវមុនី អភិបាលនៃគណៈអភិបាលខណ្ឌមានជ័យ មេត្តាចុះពិនិត្យមើល និងជួសជុលផ្លូវខាងលើនេះឡើងវិញផង ចៀសវាងកុំឲ្យមានការគ្រោះថ្នាក់ជាយថាហេតុទៅដល់បងប្អូនប្រជាពលរដ្ឋ ខណៈដែលជង្ហុកនេះមានរាប់ខែហើយ តែមិនដែលឃើញមានអាជ្ញាធរណាចុះមកពិនិត្យមើលនោះទេ ប្រហែលគាត់ជាប់រវល់ការងារច្រើន បានជាបណ្ដែតបណ្ដោយទុកផ្លូវហើយនៅជង្ហុកបែបនេះទៅវិញ៕