ភ្នំពេញ៖ ឯកឧត្តម កេត សោផាន់ អ្នកនាំពាក្យ ក្រសួង ការ បរទេស បានថ្លែងថា លោក ស៊ិន ហ្សូអាបេ នាយករដ្ឋមន្ត្រីជប៉ុនបានប្រកាសបន្តគាំទ្រ ដល់ដំណើរការអភិវឌ្ឍន៍ នៅកម្ពុជាជាពិសេសលេី ដំណើរការប្រជាធិបតេយ្យ ។

ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាន ក្រោយជំនួប រវាងឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេសខ្មែរ និង លោក Hidehisa HORINOUCHI ឯកអគ្គរាជទូតជប៉ុន ចប់អាណត្តិប្រចាំកម្ពុជា កាលពី រសៀលថ្ងៃទី១៤ សីហាម្សិលមិញ ឯកឧត្តម កេត សោផាន់ អ្នកនាំពាក្យ ក្រសួង ការបរទេសកម្ពុជា បានគូសបញ្ជាក់ថា ក្នុងជំនួបនោះ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី បានលើកឡើងថា ដោយសារតែសមិទ្ធផលជាច្រើន ដែលសម្រេចបានក្នុងអាណត្តិបំពេញបេសកកម្ម រយៈពេល៣ឆ្នារបស់ លោក Hidehisa HORINOUCHI ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា ទើបទទួលបានមេដាយចំនួន ៣ ដែលមិនងាយមាន ឯកអគ្គរដ្ឋប្រទេសណាម្នាក់ ទទួលបាននោះទេ ។

ឯកឧត្តមអ្នកនាំពាក្យបញ្ជាក់ បន្ថែមថា “លោកHidehisa HORINOUCHI ក៏បានកត់សម្គាល់ដែរថា រយៈពេល ៣ឆ្នាំកន្លងមកនេះ កម្ពុជាបន្តរីកចម្រើន មានស្ថេរភាព និងការអភិវឌ្ឍលឿនខ្លាំង ។ ចំពោះជប៉ុន ក៏បានបន្តជួយគាំទ្រ នៅលើវិថីនៃប្រជាធិបតេយ្យ មានន័យថា ជាដំណើរប្រជាធិប តេយ្យ ភាវូបនីយកម្មនៅកម្ពុជា ហើយជប៉ុនតាមរយៈ នាយករដ្ឋមន្ត្រីជប៉ុន លោក ស៊ិន ហ្សូអាបេ ក៏បានប្រកាសថា នឹងបន្តគាំទ្រដំណើរប្រជាធិបតេយ្យនៅកម្ពុជាដែរ” ។

ពាក់ព័ន្ធបញ្ហា EBA វិញ ឯកឧត្តម កេត សោផាន់ ថ្លែងថា កម្ពុជា បានបន្តសម្របសម្រួល ទទួលតំណាងបេសកកម្មសហភាពអឺរ៉ុបគ្រប់ពេល នៅកម្ពុជា ជាពិសេសនៅតែបន្តសហការ ជាមួយអឺរ៉ុប ។

ឯកឧត្តមបន្តថា កាលពីថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៩កន្លងទៅនេះ ក្រសួងការបរទេស ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា បានបញ្ជូនរបាយការណ៍របស់រដ្ឋាភិបាល ដែលជាការឆ្លើយតបទៅនឹងឯកសារមួយ របស់សហគមន៍អឺរ៉ុប ដែលហៅថា Note to the file មានកំរាស់ ៣០ទំព័រ ។

ឯកឧត្តមបន្ថែមថា របាយការណ៍កម្ពុជា ដែលបានផ្ញើទៅសហគមន៍អឺរ៉ុប គឺឆ្លើយតបរាល់ចំណុចលំអិត នៅក្នុងឯកសារ Note to the file នោះ ជាពិសេសឆ្លើយតបនូវលទ្ធផល ដែលកម្ពុជាអនុវត្តន៍បាន នៅក្នុងដំណើរការពង្រឹងលំហូប្រជាធិបតេយ្យ ក៏ដូចជាការគោរពសិទ្ធិមនុស្ស នៅកម្ពុជា ៕