ខេត្តស្វាយរៀង៖ ឯកឧត្តមទេសរដ្ឋមន្ដ្រី អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍បានថ្លែងនៅក្នុងសិក្ខាសាលាស្តីពីការឆ្លើយតបនឹងមេរោគអេដស៍និងជំងឺអេដស៍ជាពហុវិស័យរបស់គណៈកម្មាធិការប្រយុទ្ធនឹងជងឺអេដស៍ខេត្តស្វាយរៀង ឆមាសទី២ ឆ្នាំ២០១៩ ដែលបានធ្វើឡើងនៅមន្ទីរសុខាភិបាលខេត្តស្វាយរៀងបានលើកឡើងថា ទោះបីអត្រាអ្នកឆ្លងជំង្ងឺអេដស៍នៅខេត្តស្វាយរៀងមានការថយចុះក៏ពិតមែន តែយើងមិនត្រូវមើលស្រាលនោះទេដូច្នេះមន្ត្រីដែលពាក់ពន្ធ័ទាំងអស់ត្រូវបន្តសកម្មភាពប្រយុទ្ធនិងជំង្ងឺអេដស៍ឲ្យបានខ្លាំងខ្លាបន្ថែមទៀត ដើម្បីចូលរួមសំរេចគោលដៅថ្នាក់ជាតិ ៩៥ ៩៥ ៩៥ ឆ្នាំ២០២០ និងឈានទៅលុប បំបាត់ការឆ្លងថ្មីឆ្នាំ២០២៥-២០៣០។
ឯកឧត្តមទេសរដ្ឋមន្ត្រីអៀង មូលីលើកឡើងបែបនេះនៅរសៀលថ្ងៃទី១៣ខែសីហាឆ្នាំ២០១៩ដែលមានការចូលពីថ្នាក់ដឹកនាំអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ និងលោកតូច ប៉ូលីវ៉ា អភិបាលរងខេត្ត ជាប្រធានគណៈកម្មាធិការប្រយុទ្ធនឹងជំងឺអេដស៍ខេត្ត លោកប្រធានមន្ទីរសុខាភិបាលខេត្ត តំណាងលេខាធិការដ្ឋានប្រយុទ្ធនឹងជំងឺអេដស៍ខេត្ត តំណាងមន្ទីរពាក់ព័ន្ធក្នុងខេត្ត តំណាងអង្គការសង្គមស៊ីវិល (AHF និងCPN+) អាជ្ញាធរដែនដី និងកងកម្លាំងប្រដាប់អាវុធ ប្រមាណជាង ៥០នាក់។
ឯកឧត្តមអៀង មូលីបានថ្លែងនូវការកោតសរសើរដល់គណៈកម្មាធិការប្រយុទ្ធនិងជំង្ងឺអេដស៍ខេត្តនិងអង្គភាពដែលពាក់ពន្ធ័ទាំងអស់នៅក្នុងខេត្តដែលបានចូលរួមអនុវត្តភារកិច្ចនិង សកម្មភាពយ៉ាងផុសផុលប្រយុទ្ធនិងជំង្ងឺអេសដស៍ដែលធ្វើឲ្យអត្រាអ្នកឆ្លងជំង្ងឺនេះថយចុះ។
ឯកឧត្តមអៀង មូលីបានបញ្ជាក់ថាសិក្ខាសាលានេះធ្វើឡើងដើម្បីពិនិត្យមើលវឌ្ឍនភាព និងសិក្សាស្វែងយល់អំពីស្ថានភាពប្រយុទ្ធនឹងជំងឺអេដស៍ជាពហុវិស័យ នៅថ្នាក់ក្រោមជាតិ តាមរយៈការដាក់បញ្ចូលការងារប្រយុទ្ធនឹងជំងឺអេដស៍ក្នុងគោលនយោបាយភូមិឃុំមានសុវត្ថិភាព ឈានឆ្ពោះទៅសម្រេចគោលដៅ ៩៥-៩៥-៩៥ នៅឆ្នាំ២០២៥។
មួយវិញទៀតសូមគណៈកម្មាធិការប្រយុទ្ធនិងជំង្ងឺអេដស៍និងអ្នកដែលពាក់ពន្ធ័ទាំងអស់ត្រូវណែនាំដល់បណ្តារោងចក្រ កាសុីណូទាំងអស់នៅក្នុងខេត្តស្វាយរៀងកុំរើសអើសចំពោះអ្នកផ្ទុកមេរោគអេដស៍ត្រូវទទួលពួកគាត់ឲ្យបានបម្រើការងារនិងជំរុញ លើកទឹកចិត្តដល់ពួកគាត់ឲ្យខិតខំធ្វើការងារ ថែរក្សាសុខភាព ព្រមទាំងលេបថ្នាំប្រឆាំងមេរោគអេដស៍ឲ្យបានត្រឹមត្រូវទៅតាមការណែនាំរបស់គ្រូពេទ្យផងដែរ។
បើតាមការបញ្ជាក់ពីឯកឧត្តមតូច ប៉ូលីវ៉ាអភិបាលរងខេត្ត ជាប្រធានគណៈកម្មាធិការប្រយុទ្ធនឹងជំងឺអេដស៍ខេត្តបានឲ្យដឹងថាស្ថានភាពរាលដាលនៃមេរោគអេដស៍ក្នុងខេត្តស្វាយរៀង តាមការប៉ាន់ស្មាននិងព្យាករណ៍ នៅឆ្នាំ២០១៩មានអ្នកផ្ទុកមេរោគអេដស៍ចំនួន១៧៩១នាក់ ករណីឆ្លងថ្មី ១៤នាក់ និងស្លាប់៧៧នាក់ ។ ក្នុងការឆ្លើយតបនឹងការបង្ការនិងថែទាំព្យាបាលដល់អ្នកជម្ងឺអេដស៍ឆមាសទី១ឆ្នាំ២០១៩នេះមានសេវាធ្វើតេស្តឈាមរកមេរោគអេដស៍ មានអតិថិជនធ្វើតេស្តចំនួន ១២៨២២នាក់ វិជ្ជមានចំនួន ៣៣ ករណីនិងបានបញ្ជូនទៅទទួលសេវាផ្តល់ឱសថប្រឆាំងមេរោគអេដស៍ចំនួន៣០នាក់ ត្រូវជា៩០ភាគរយនិងអ្នកជម្ងឺអេដស៍សកម្ម កំពុងទទួលសេវា សរុបមានចំនួន ១៣៩៥នាក់ក្នុងនេះអ្នកទទួលឱសថប្រឆាំងមេរោគអេដស៍ចំនួន១៣៩៣នាក់ ៩៩ភាគរយ មានបន្ទុកមេរោគទាប ស្លាប់១៥នាក់ និងលះបង់៥នាក់។
ឯកឧត្តមបានបញ្ជាក់ថាបណ្តាញអ្នកផ្ទុកមេរោគអេដស៍ប្រចាំខេត្ត គ្រប់គ្រងអ្នកជម្ងឺអេដស៍ចំនួន១៣២៧នាក់ ក្នុងនោះ មាន២៣៥គ្រួសារមានបណ័្ណមូលនិធិសមធម៌ ។ហើយយើងទទួលបានលទ្ធផលល្អនាពេលនេះ ដោយសារមានការគាំទ្រពីថ្នាក់ជាតិ និង ក្រោមជាតិព្រមទាំងអង្គការដៃគូ រួមមាន អង្គការ AHF , អង្គការ CHC , បណ្តាញអ្នកផ្ទុកមេរោគអេដស៍ប្រចាំខេត្ត សាខាកាកបាទក្រហមខេត្ត និងសកម្មភាពចូលរួម របស់ វិស័យឯកជនផងដែរ។

ទន្ទឹមនឹងនោះ យើងក៏មានបញ្ហា ប្រឈមមួយចំនួន ដូចជា អ្នកផ្ទុកមេរោគអេដស៍/អ្នកជំងឺអេដស៍នៅមានជីវភាពក្រីក្រ ពុំមានពេលវេលា គ្រប់គ្រាន់ មកពិនិត្យ ដោយសារចំណាកស្រុករកការងារ ។ហើយអង្គការដៃគូ មួយចំនួនមានកាត់បន្ថយថវិកាពីមួយឆ្នាំទៅមួយឆ្នាំ ដែលពុំមានថវិកាគ្រប់គ្រាន់ក្នុងការអនុវត្តសកម្មភាពអោយបានគ្រប់ជ្រុងជ្រោយ។