កោះកុង÷រដ្ឋបាលខេត្តកោះកុង មន្ទីរ ពេទ្យបង្អែកខេត្ត និងមន្ទីរបង្អែកស្រុកស្រែអំបិល វិទ្យាល័យកោះស្ដេច បានរៀបចំពិធីអបអរសាទរដង្ហែរនិងប្រគល់ពាន រង្វាន់វិញ្ញាបនបត្រ ដែលដណ្ដើមបានជ័យលាភីថ្នាក់ជាតិ ជូនថ្នាក់ដឹកនាំខេត្ត វិធីនេះបានធ្វើឡើងនាព្រឹកថ្ងៃទី14 ខែសីហា ឆ្នាំ2019 ក្រោមអធិបតីភាពឯកឧត្តមកាយសំរួមប្រធានក្រុមប្រឹក្សាខេត្តកោះកុង និងលោកជំទាវ មិថុនាភូថង អភិបាលនៃគណៈអភិបាលខេត្តកោះកុង ដោយមានការចូលរួមពីសំ ណាក់លោកលោកស្រី អភិបាលនៃគណៈអភិបាល រងខេត្ត លោកលោកស្រី ប្រធានអនុប្រធានមន្ទីរអង្គភាពជុំវិញខេត្តលោកអភិបាល ក្រុង.ស្រុក លោកលោកស្រីប្រធានអនុប្រធានមន្ទីរ ពេទ្យបង្អែកខេត្តមន្ទីរពេទ្យបង្អែកស្រុកស្រែអំបិលនិងបុគ្គលិកមន្ទីរពេទ្យទាំងអស់ កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ លោកគ្រូអ្នកគ្រូ សិក្សានុសិស្ស និងបងប្អូនប្រជាពលរដ្ឋចូលរួមយ៉ាងច្រើនកុះករ។

លោកហៃ ឡៃសុន ប្រធានមន្ទីរពេទ្យបង្អែកខេត្តកោះកុង បានថ្លែងនៅក្នុងវិធីថា មុននឹងវិស័យសុខាភិបាល សាធារណៈមន្ទីរពេទ្យបង្អែកខេត្តកោះកុងឈានដល់ដំណាក់កាលនៃការប្រកាសទទួលស្គាល់ជាជ័យលាភីនេះ គឺថ្នាក់ដឹកនាំមន្ទីរពេទ្យនិងមន្ត្រីក្រោមឱវាទទាំងអស់បានយកចិត្តទុកដាក់ ខិតខំប្រឹងប្រែងយ៉ាងសកម្មដោយដៃម្ខាងបម្រើប្រជាពលរដ្ឋ ដៃម្ខាងចូលរួមរៀបចំកែលម្អហេដ្ឋារចនា សម្ព័ន្ធ ការងាររៀបចំអនាម័យ និងការងារផ្សេងៗជាច្រើនទៀត ដើម្បីអភិវឌ្ឍអង្គភាពខ្លួនឲ្យកាន់តែល្អប្រសើរនឹងត្រូវឆ្លងកាត់ការចូលរួមសេវាតម្លៃយ៉ាងសុក្រឹតយុត្តិធម៌ពីអន្តរក្រសួងជាច្រើនដំណាក់កាលផងដែរ។

ក្នុងនោះដែរ លោកហៃ ឡៃសុន បានធ្វើការបន្តនិងប្ដេជ្ញាចិត្តនិងរក្សាខំប្រឹងប្រែងឈានទៅយកចំណាត់ថ្នាក់ទទួលពានរង្វាន់នៅឆ្នាំក្រោយទៀតឲ្យបានសម្រេចសម្រាប់វិស័យសុខាភិបាល។ក្នុងឱកាសនោះដែរលោកជំទាវមិថុនា ភូថង អភិបាលខេត្តកោះកុង បានបញ្ជាក់ថា ការទទួលលទ្ធផលបានជ័យលាភី ពានរង្វាន់ក្នុងការប្រកួតប្រជែងល្អប្រសើរកម្រិតថ្នាក់ជាតិនេះ គឺជាមោទនភាពយ៉ាងខ្លាំងណាស់ចំពោះខេត្តកោះកុង លើការងារវិស័យសុខាភិបាលនិងវិស័យអប់រំ ។

លោកជំទាវមិថុនាភូថងក៏បានស្នើដល់ប្រធានអង្គភាពសេវាសាធារណៈទាំងពីរបន្តរិះរកវិធីសាស្ត្របន្ថែមទៀតដើម្បីបន្តដំណើរឈានទៅយកម្ចាស់ពាន់រង្វាន់ចំណាត់ថ្នាក់លេខ 1 នៅឆ្នាំក្រោយទៀតអោយបាន។