បន្ទាយមានជ័យ ៖ អភិបាលស្រុកម៉ាឡៃ កាលពីព្រឹកថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៩ បានដឹកនាំកម្លាំងសមត្ថកិច្ច និងមន្ត្រីជំនាញ រួមមានមន្ត្រីបរិស្ថាន និងសូរិយោដី ចុះពិនិត្យ និងទប់ស្កាត់ ការកាប់រានដីព្រៃរនាមដូនសំ ដែលកំពុងធ្វើយ៉ាងគគ្រឹកគគ្រេង ពីសំណាក់ក្រុមអាណាធិបតេយ្យ ជាច្រើនក្រុម ក្នុងព្រៃរនាមដូនសំ។

ការចុះត្រួតពិនិត្យ ការកាប់ទន្ទ្រានដីព្រៃរនាមដូនសំ នៃដែនជម្រកសត្វព្រៃ ក្នុងព្រះរាជក្រឹយត្យនេះ គឺធ្វើឡើងដើម្បីទប់ស្កាត់មិនឲ្យមានការកាប់រាន ធ្វើឲ្យព្រៃរនាមដូនសំ មានការ រេចរិល និង អន្តរាយ ។

លោក ឯម សុខា អភិបាលស្រុកម៉ាឡៃ បានឲ្យដឹងថា ក្រោយពីទទួលបានព័ត៌មាន ពីប្រជាពលរដ្ឋ និងអ្នកសារព័ត៌មាន លើការកាប់រានទន្ទ្រានព្រៃ ដែនជំរកសត្វព្រៃ ក្នុងដែនទេសភាពរនាមដូនសំ ដែលធ្វើឡើងពីសំណាក់ប្រជាពលរដ្ឋជាច្រើនគ្រួសារ ដែលមានមេក្លោងនៅពីក្រោយខ្នង លោកក៏បានដឹកនាំក្រុមការងារ ចុះពិនិត្យជាក់ស្ដែង ដែលជាលទ្ធផលក្នុងការចុះពិនិត្យនេះ លោករកឃើញថា ពិតជាមានការកាប់ទន្ទ្រានដីព្រៃពិតមែន ហើយក្នុងនោះឃើញមានការសង់ខ្ទម ព្រោងព្រាតនៅតាមតំបន់ព្រៃដែលបានកាប់រុករានរួចរាល់ ហើយមានប្រជាពលរដ្ឋជាច្រើនគ្រួសារ បានប្រមូលផ្ដុំគ្នាកាប់រានដោយខ្លះប្រើដោយកាំបិតពូថៅ និងខ្លះទៀតប្រើដោយគ្រឿងចក្រ ។

ក្នុងនោះដែរលោកអភិបាលស្រុក បានធ្វើការអប់រំ និងប្រាប់ដល់ប្រជាពលរដ្ឋ ទាំងអស់ដែលបានមកកាត់រានហើយសាងសង់ខ្ទមអនាធិបតេយ្យ ដោយមិនមានការអនុញ្ញាតពីអាជ្ញាធរ បំពានទៅលើដីព្រះរាជក្រឹត្យនេះ គឺឲ្យរុះរើចេញជាបន្ទាន់បើមិនដូច្នោះទេ អាជ្ញាធរស្រុក នឹងបង្កើតគណៈកម្មការចម្រុះ ចុះរួសរើ ឈូសឆាយ ដោយប្រើកម្លាំងប្រដាប់អាវុធ ជាមិនខាន ។

ជាមួយគ្នានោះដែរលោកក៏បាន ស្នើសុំដល់ប្រជាពលរដ្ឋទាំងអស់ កុំជឿតាមការញុះញង់របស់អ្នកនៅពីក្រោយខ្នង ដែលបំផុសបំផុលឲ្យមកកាប់រានដីព្រៃ ដែលជាសម្បត្តិរបស់រដ្ឋឲ្យសោះព្រោះវា បង្កឲ្យមានភាពអនាធិបតេយ្យ នឹងមានបញ្ហាដល់ខ្លួនឯងផ្ទាល់ ជាពិសេសជាប់ជំពាក់ជំពិនជាមួយនឹងច្បាប់ ។

គួរបញ្ជាក់ថា ការកាប់រានទន្ទ្រានយកដីធ្វើកម្មសិទ្ធិច្រើនជាងគេ គឺនៅចាប់ពីអូររាំវង់ ទៅដល់ស្រះថៅកែយ៉ នៃដែនទេសភាពរនាមដូនសំ ស្ថិតក្នុងឃុំម៉ាឡៃ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ។អេបពៅ