ភ្នំពេញៈ នៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៩ គណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ដឹកនាំដោយលោក ឧត្តមសេនីយ៍ទោ តាន់ គុណតារា ប្រធានក្រុមប្រតិបត្តិការបង្រ្កាបបទល្មើស អនឡាញ (Online )បានសហការជាមួយមន្ត្រីជំនាញនៃប៉ុស្តិ៍នគរបាលមូលដ្ឋាន និងក្រោមការដឹកនាំរបស់លោកស្រី កែវ សុគន្ធា ព្រះអាជ្ញារងអមសាលា​​ដំបូងរាជធានីភ្នំពេញ បានចុះឆែកឆេរ បង្រ្កាប ដកហូតវត្ថុតាង និងបិទទីតាំងស្តុករក្សាទុក ចែកចាយនូវផលិតផលគ្រឿសបន្លាស់បូមរថយន្តក្លែងក្លាយម៉ាកKYB ចំនួន០២ទីតាំងក្នុងខណ្ឌសែនសុខ រាជធានីភ្នំពេញ។ ការចុះបង្រ្កាបទីតាំងខាងលើនេះត្រូវបានធ្វើឡើងយោងតាមពាក្យបណ្ដឹងរបស់ក្រុមហ៊ុនដើម និងជាម្ចាស់ម៉ាក KYB នៅប្រទេសជប៉ុន។

ជាលទ្ធផលគណៈកម្មាធិការចម្រុះបានរកឃើញវត្ថុតាងរួមមាន គ្រឿងបន្លាស់បូមរថយន្តម៉ាកKYBក្លែងក្លាយចំនួន ២៣១ ដើម (ក្លែងម៉ាកសញ្ញា) និងបូមរថយន្ដគ្មានម៉ាកសញ្ញា ដែលសង្ស័យថាក្លែងក្លាយចំនួនជាង ៧០០ ដើមទៀត។ គួរបញ្ជាក់ថា ផ្អែកលើការបកស្រាយរបស់អ្នកជំនាញពីក្រុមហ៊ុនដើម ផលិតផលបូមរថយន្ដក្លែងក្លាយដែលគ្មានគុណភាពអាចបង្កជាគ្រោះថ្នាក់ដល់សុវត្ថិភាពអ្នកប្រើប្រាស់បាន។ បច្ចុប្បន្នជនសង្ស័យត្រូវបានសមត្ថកិច្ចកោះហៅមកបំភ្លឺ ដើម្បីធ្វើការស៊ើបអង្កេតបន្ត។