ខេត្តព្រះសីហនុ៖ ប្រជាពលរដ្ឋដែលមានលំនៅដ្ឋាន ជាប់ចំណីផ្លូវសា ធារណៈ ដែលរស់នៅចំណុចក្រុមទី៥ ភូមិ៣ សង្កាត់លេខ៣ ក្រុង/ខេត្តព្រះសីហនុ នៅរសៀលថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៩ លោក សន កុសល អភិបាលរងក្រុងព្រះសីហនុ បានដឹកនាំមន្រ្តីកម្លាំងចម្រុះ និងគណៈបញ្ជាការក្រុងចុះទៅរៀបចំសណ្ដាប់ធ្នាប់ នឹងធ្វើការណែនាំអោយរុះរើសំយ៉ាបឬធ្វើតូបលក់ដូរ ដល់អាជីវករដែលយកចំណីផ្លូវសាធារណៈជាសម្បត្តិផ្ទាល់ខ្លួន។

ក្នុងការចុះណែនាំដល់អាជីវករដែលយកចិញ្ចើមផ្លូវសាធារណៈ ក្នុងនោះលោកអភិបាលរងក្រុង ក៏បានទុកឱ្យរយៈពេលមួយសប្តាហ៍ ដើម្បីរុះរើចេញ ប្រសិនបើមិនធ្វើតាមការណែនាំអាជ្ញាធម៌ និងប្រើនីតិវិធីច្បាប់ ក្នុងការចុះប្រតិបត្តិការរៀបចំសណ្ដាប់ធ្នាប់ និងធ្វើការណែនាំលោក សន កុសល អភិបាលរងក្រុងព្រះសីហនុ បានមានប្រសាសន៍ប្រាប់ទូរទស្សន៍កម្ពុជាប៉ុស្តិ៍លេខ៨ HD ថាដោយមានការចង្អុលបង្ហាញពីលោក អ៊ី សុខឡេង  អភិបាល នៃគណៈអភិបាល ក្រុងព្រះសីហនុ អោយដឹកនាំកម្លាំងគណៈបញ្ជាការក្រុងចុះរៀបចំសណ្ដាប់ធ្នាប់តាមបណ្ដោយផ្លូវសាធារណៈ និងធ្វើការណែនាំបងប្អូនអាជីវករ ដែលយកចឹញ្ចើមថ្នល់ជាចំណីផ្លូវសាធារណៈ ធ្វើជាសម្បត្តិផ្ទាល់ខ្លួននោះគឺត្រូវឲ្យរុះរើចេញជាបន្ទាន់។

ជាចុងក្រោយលោក សន កុសល អភិបាលរងក្រុងព្រះសីហនុ បានបន្តទៀតថា ចាប់ពីថ្ងៃនេះតទៅកំលាំងជំនាញរបស់គណៈបញ្ជាការក្រុង នឹងចុះល្បាតគ្រប់ពេលវេលា មិនបណ្តោយឱ្យបងប្អូនអាជីវករធ្វើអ្វីប្រាស់ចាកអំពីច្បាប់តទៅទៀតបាននោះទេ បើទោះបីជាមានការតវ៉ា និងអន្តរាគមន៍យ៉ាងណាក៏ដោយ ហេតុដូចនេះ រូបលោកសូមអំពាវនាវ យ៉ាងទទួចដល់អាជីវករ និងប្រជាពលរដ្ឋទាំងអស់មេត្តាគោរពច្បាប់ទាំងអស់គ្នា៕