ខេត្តត្បូងឃ្មុំៈ កម្លាំងសហការមានអាជ្ញាធរស្រុក និងនគរបាលស្រុកក្រូចឆ្មារបានបើកកិច្ចប្រតិបត្តិការបង្ក្រាបបទល្មើសនេសាទ បង្ក្រាបបាន ៣គោលដៅធំៗ តាមបទបញ្ជាលោកអភិបាលខេត្ត លោកព្រះរាជអាជ្ញា និងលោក ឧត្តមសេនីយ៍ទោ បែន រ័ត្ន ស្នងការនគរបាលខេត្តត្បូងឃ្មុំ អោយបង្ក្រាបអោយអស់រាល់បទល្មើសនេសាទខុសច្បាប់នៅរដូវទឹកឡើងពេលត្រីពងនេះ ។

លោកវរះសេនីយ៍ឯក សាំ ហេង អធិការនគរបាលស្រុកក្រូចឆ្មារ បានបញ្ជាក់ឲ្យដឹងថា កម្លាំងនគរបាលស្រុកក្រូចឆ្មាររួមនឹងកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំឈូក ឃុំជំនីក ឃុំស្វាយឃ្លាំង ចុះបង្ក្រាបបទល្មើសនេសាទខុសច្បាប់នៅចំនុចផ្សេងៗគ្នាតែចំពេលតែមួយ គឺ ជាលទ្ធផលបង្ក្រាបបាន៣គោលដៅ រួមមាន៖
១.ទីតាំងចំនុចកន្ទុយព្រែកអាជី ក្រោយភូមិបារាយរណ៍ ឃុំឈូក ស្រុកក្រូចឆ្មារ បង្ក្រាបបាន ឧបករណ៍នេសាទខុសច្បាប់ ដុំឆក់ត្រីចំនួន០៣ អាគុយចំនួន ០៣ ដុំឆក់បណ្ដែតទឹកចំនួន០៣ ដែកចាក់ចំនួន០៣គូរ ។ វត្ថុតាងខាងលើត្រូវបានដកហូតមករក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលឈូក ។ចំណែកអ្នកប្រព្រឹត្តបទល្មើសរត់គេចខ្លួនបាត់ ។
២.ទីតាំងចំណុចអូរក្ដា ក្រោយភូមិជំនីក ឃុំជំនីក ស្រុកក្រូចឆ្មារ បង្ក្រាបបានលបស្បៃមុងចំនួន ០៨ មាត់ ប្រវែង ២០០ម៉ែត្រ របាំងព្រួលប្រវែង ៦៨០ ម៉ែត្រ បង្គោលឬស្សី ២៤០ បង្គោល (សម្ភារៈខាងលើត្រូវបានកាប់បំផ្លាញចោលនៅហ្នឹងកន្លែង) ។ និងលែងកូនត្រីចំរុះចំនួន២៥គីឡូក្រាម ចូលទៅក្នុងទឹកវិញ ។
និងគោលដៅទី៣.ទីតាំងនៅចំណុចអូរផ្សោតមុខ ភូមិទី៣ ទី៤ និងទី៥ ដោយបង្ក្រាបបានចំនួន3ករណី ក្នុងកិច្ចសហការជាមួយក្រុមប្រឹក្សាឃុំ​ អាវុធហត្ថស្រុក និងជំនាញជលផល ដោយដឹកនាំដោយលោក ឃុត ឡាដែន អភិបាលរងស្រុកក្រូចឆ្មារ បង្ក្រាបបាន ៖
– លបស្បៃមុង បាន ចំនួន០៥មាត់ របាំងព្រួលស្បៃមុងប្រវែង ២៧៥ ម៉ែត្រ បង្គោលចំនួន ១២៥បង្គោល និងលែងកូនត្រីចម្រុះប្រមាណ០៣គីឡូក្រាម ចូលទឹកវិញផងដែរ ។
-រ៉ាវ បានរបាំងរ៉ាវប្រវែង៦០ម៉ែត្រ ឧបករណ៍រ៉ាវចំនួន០២មាត់ បង្គោលចំនួន៦៥បង្គោល ។
-របាំងព្រួលឬស្សី: របាំងបិតផ្ជិតមាត់អូរប្រវែង៥៥ម៉ែត្រ ចំនួន០២ខ្សែ ឧបករណ៍ទ្រូចំនួន០៧សម្រាប់ បង្គោលចម្រឹងចំនួន៧៥ដេីម​ ។ ចំពោះឧបករណ៍និងសម្ភារៈខាងលេីក្រុមយេីងបានកាប់បំផ្លាញ និងដុតចោលនៅហ្នឹងកន្លែងតែម្តង ។
ក្នុងនោះដែរ លោកអធិការក៏បានសំណូមពរ សូមឲ្យបងប្អូនប្រជាជនយើងកុំនេសាទដោយឧបករណ៍ខុសច្បាប់ និងនេសាទនៅរដូវទឹកឡើងដែលត្រីពងចន្លោះពេលហាមឃាត់ការនេសាទនេះផងដែរ ៕ តាប៉ៃលិនត្បូងឃ្មុំ