លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានឲ្យដឹងថា ស្ពានច្រាំងចោត មានប្រវែង១៦២ម៉ែត្រ ទទឹង៨ម៉ែត្រ ស្ថិតក្នុងភូមិរូង ឃុំចែងមានជ័យ ស្រុកបាណន់ ខេត្តបាត់ដំបង ត្រូវបានអនុវត្តការសាងសង់ដោយបញ្ជាការដ្ឋានវិស្វកម្ម អគ្គបញ្ជាការ នៃក្រសួងការពារជាតិ និងត្រូវបានត្រួតពិនិត្យការសាងសង់ ដោយនាយកដ្ឋានហេដ្ឋារចនាសម្ព័ន្ធសាធារណៈ នៃក្រសួងសាធារណការ និងដឹកជញ្ជូន ដោយប្រើប្រាស់ រយៈពេលសាងសង់ ចំនួន០២ឆ្នាំ ដែលបានចាប់ផ្តើមសាងសង់ នៅថ្ងៃទី ២២ ខែកុម្ភៈ ឆ្នាំ២០១៧ និងបញ្ចប់រួចរាល់ជាស្ថាពរនៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៩ ចំណាយថវិការាជរដ្ឋាភិបាលសរុបប្រមាណជា ៤,៩៧១លានរៀល ប្រមាណជាង១លានដុល្លារអាមេរិក។

ដោយឡែក ស្ពាន៤កន្លែងផ្សេងទៀតរួមមាន ទី១៖ ស្ពានប្រវែង៤៥ម៉ែត្រ ទទឹង០៨ម៉ែត្រ ស្ថិតនៅភូមិមាក់ ឃុំព្រៃខ្ពស់ ស្រុកបវេល ខេត្តបាត់ដំបង ប្រើប្រាស់ថវិការាជរដ្ឋាភិបាលសរុបប្រមាណជា១,៧១២ លានរៀល ដោយបានចាប់ផ្តើមសាងសង់នៅថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០១៧ និងបានបញ្ចប់នៅ
ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៨។ ទី២៖ ស្ពានប្រវែង៧២ម៉ែត្រ ទទឹង១០ម៉ែត្រ ស្ថិតនៅភូមិព្រែកកញែង ឃុំព្រែកនរិន្ទ ស្រុកឯកភ្នំ ខេត្តបាត់ដំបង ប្រើប្រាស់ថវិការាជរដ្ឋាភិបាលសរុបប្រមាណជា ៣,១៥១លានរៀល ដោយបានចាប់ផ្តើមសាងសង់នៅថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០១៧ និងបានបញ្ចប់នៅ
ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៩។

ទី៣៖ ស្ពានប្រវែង៥៤ម៉ែត្រ ទទឹង០៨ម៉ែត្រ ស្ថិតនៅភូមិបឹងអូរជាង ឃុំកំរៀង ស្រុកកំរៀង ខេត្តបាត់ដំបង ប្រើប្រាស់ថវិការាជរដ្ឋាភិបាលសរុបប្រមាណជា ២,៤៥៩លានរៀល ដោយបានចាប់ផ្តើមសាងសង់នៅថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០១៧ និងបានបញ្ចប់នៅ
ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៨។ និងទី៤៖ ស្ថានប្រវែង១០២ម៉ែត្រ ទទឹង០៨ម៉ែត្រ ស្ថិតនៅភូមិអូររំចេកក្រោម ឃុំអូរសំរិល ស្រុកសំឡូត ខេត្តបាត់ដំបង ប្រើប្រាស់ថវិការាជរដ្ឋាភិបាលសរុបប្រមាណជា ៣,១៥១លានរៀល ដោយបានចាប់ផ្តើមសាងសង់នៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៧ និងបានបញ្ចប់នៅ
ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៨។

ឆ្លើយតបនឹងសមិទ្ធផលថ្មី សម្រាប់អ្នកខេត្តបាត់ដំបងនេះ សម្ដេចក្រឡាហោម ស ខេង បានលើកទឹកចិត្តដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវប្រើប្រាស់ស្ពានដែលទើបសម្ពោធនេះ ដើម្បីជាប្រយោជន៍ ពិសេសទាញយកនូវផលិតផលដែលបានមកពីការកសាងស្ពាននេះ ក្នុងន័យលើកកម្ពស់ជីវភាពរស់នៅប្រចាំថ្ងៃបន្ថែមទៀត។

សម្ដេចក្រឡាហោម ស ខេង បានគូសបញ្ជាក់ថា បច្ចុប្បន្នប្រទេសកម្ពុជា កំពុងតែមានសុខសន្ដិភាពពេញលេញ គ្មានក្រុមកងទ័ពក្រៅច្បាប់ ដើម្បីមកធ្វើសង្គ្រាមជាមួយរាជរដ្ឋាភិបាល ដែលនេះជាភព្វសំណាងរបស់ប្រជាជនកម្ពុជាទាំងអស់ ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា។ សម្ដេចសង្កត់ធ្ងន់ថា បើស្រុកគ្មានសុខសន្ដិភាព ប្រជាពលរដ្ឋមិនពេលដើម្បីប្រកបមុខរបរប្រចាំថ្ងៃបាននោះទេ។

ប្រមុខដឹកនាំក្រសួងមហាផ្ទៃ បានអះអាងថា ស្របពេលដែលប្រទេសជាតិមានសន្ដិភាព ប្រជាពលរដ្ឋត្រូវតែរួមគ្នាគិតដើម្បីកសាងជីវភាព ឲ្យសប្បូរសប្បាយ ហើយកុំទៅជឿការឃោសនាអូសទាញ ពីមជ្ឈដ្ឋានអ្នកនយោបាយខ្លះ ដែលគេមានបំណងដើម្បីគៀងគរប្រមូលប្រជាពលរដ្ឋទៅគាំទ្រគេ ឲ្យទៅប្រឆាំងរាជរដ្ឋាភិបាល តាមរយៈការធ្វើបាតុកម្ម៕