ភ្នំពេញៈ ក្រុមប្រឹក្សាខណ្ឌច្បារអំពៅ នាព្រឹកថ្ងៃទី១៥ ខែសីហានេះ នៅក្នុងបរិវេណវត្តនិរោធរង្សី សង្កាត់និរោធ, បានបើកកិច្ចប្រជុំផ្សព្វផ្សាយ និង ពិគ្រោះយោបល់ អាណត្តិទី៣ ឆ្នាំ២០១៩ ជាមួយរដ្ឋ បាលសង្កាត់ទាំង៨ ក្នុងខណ្ឌច្បារអំពៅ, ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម អ៊ុច គឹមអន រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខណ្ឌច្បារអំពៅ, លោក អ៊ុ ម៉ារ៉េត ប្រធានក្រុមប្រឹក្សាខណ្ឌច្បារអំពៅ និង លោក ចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅ។

លោក អ៊ុ ម៉ារ៉េត បានអោយដឹងថាការរៀបចំវេទិការផ្សព្វផ្សាយ និង ពិគ្រោះយោបល់នាពេលនេះ គឺជាការបង្ហាញអំពីគណនេយ្យភាព របស់ ក្រុមប្រឹក្សាណ្ឌ និងប្រជាពលរដ្ឋជាងនេះទៅទៀត ក៍ជាឱកាសអោយក្រុមប្រឹក្សាសង្កាត់ ប្រជាពលរដ្ឋ និងអ្នកពាក់ព័ន្ធទាំងអស់ បានដឹងនូវសមិទ្ធិផលនៃកិច្ចខិតខំប្រឹងប្រែងអនុវត្តតួនាទី របស់ក្រុមប្រឹក្សាខណ្ឌ ក្នុងឆ្នាំ២០១៩។ ជាងនេះទៅទៀត វេទិការនេះ ក៍បានបង្ហាញផងដែរ នូវតួនាទី និងទំនាក់ទំនងការងារ របស់ក្រុមប្រឹក្សា និង គណៈអភិបាលខណ្ឌ ដើម្បីឆ្លុះបញ្ចាំងនូវការឆ្លើយតបរវាងការិយាល័យជំនាញ អង្គភាពជុំវិញខណ្ឌ ជូនប្រជាពលរដ្ឋនៅមូលដ្ឋាន។ បងប្អូនអាចមានឱកាសក្នុងការសាកសួរពីសមិទ្ធិផល, បញ្ហាប្រឈម និង ផែនការសកម្មភាពសំរាប់ អនុវត្តឆ្នាំខាងមុខរបស់រដ្ឋបាលខណ្ឌ ជាពិសេសគឺផលប៉ះពាល់ទៅលើការងារប្រកបរបរចិញ្ចឹមជីវិត របស់បងប្អូន។ វេទិការនេះ ក៍មានពេលវេលា សំរាប់ ផ្តល់ឱកាសដល់ក្រុមប្រឹក្សាសង្កាត់ ប្រជាពលរដ្ឋ និង អ្នកចូលរួមទាំងអស់ លើកជាសំណួរពាក់ព័ន្ធ នឹងប្រធានបទ និងមានការស្រាយបំភ្លឺពីអ្នកពាក់ព័ន្ធផងដែរ។

ក្នុងកិច្ចប្រជុំនេះ ក៏មានប្រជាពលរដ្ឋនៅតាមបណ្តាសង្កាត់មួយចំនួន បានសំណូមដល់អាជ្ញាធរសង្កាត់ ខណ្ឌ ជួយដោះស្រាយនូវបញ្ហាប្រឈមមួយចំនួនដែលទាក់ទងទៅនឹងការរស់នៅរបស់ពួកគាត់ ដូចជា៖ អោយជួយដាក់លូរដើម្បី រំដោះទឹកចេញពីភូមិឋាន ការធ្វើផ្លូវ, ការធ្វើសៀវភៅស្នាក់នៅ ,ការបង្ក្រាបក្មេងទំនើង, ល្បែងស៊ីសង, និងបញ្ហាគ្រឿងញៀនជាដើម។

លោក ចេង មុនីរ៉ា បានលើកឡើងថា រាល់សំណូមពរ របស់ប្រជាពលរដ្ឋ ទាំងអស់នេះ រដ្ឋបាលខណ្ឌ នឹងពិនិត្យដោះស្រាយជូនប្រជាពលរដ្ឋទៅតាមលទ្ធភាពជាក់ស្តែង ដោយមិនអូសបន្លាយឡើយ។ជាមួយគ្នានេះ លោកអភិបាលខណ្ឌ ក៍បានណែនាំដល់បណ្តារដ្ឋបាលសង្កាត់ទាំងអស់ ត្រូវតែជំរុញការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋអោយបានឆាប់ មានតម្លាភាព និង តាមនីតិវិធីសាមញ្ញស្របតាមអនុសាសន៍ដឹកនាំដ៍ខ្ពង់ខ្ពស់ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ធ្វើអោយលឿន ធ្វើអោយបាន និង ធ្វើអោយមានតម្លាភាព៕