ឯកឧត្តម ប៉ែន កុសល្យ ប្រធានអចិន្រៃយ៍នៃគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើរជួញដូរមនុស្សខេត្តឧត្ដរមានជ័យ បានអំពាវនាវឲ្យសមត្ថកិច្ចនិងអាជ្ញាធរនៅតាមតំបន់ ត្រូវបន្តពង្រឹងច្បាប់ស្ដីពីការជួញដូរមនុស្ស និងធ្វើអាជីវកម្មផ្លូវភេទ ឲ្យមានប្រសិទ្ធភាព។

ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ របស់គណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើរជួញដូមនុស្ស និងអជីវកម្មផ្លូវភេទប្រចាំឆមាសទី១ ឆ្នាំ២០១៩ នៅក្នុងសាលប្រជុំសាលាខេត្តឧត្ដរមានជ័យ នៅរសៀលថ្ងៃទី ១៥ខែសីហា ឆ្នាំ ២០១៩នេះ។

បើតាមរបាយការណ៍សង្ខេបរបស់ លោកជំទាវ មុំ ពុទ្ធីតា អនុប្រធានអចិន្រៃយ៍នៃគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើរជួញដូរមនុស្សខេត្តឧត្ដរមានជ័យ បានឲ្យដឹងថា លទ្ធផលនៃការងារប្រយុទ្ធប្រឆាំងអំពើរជួញដូរមនុស្សប្រចាំឆ្នាំប្រចាំឆមាសទី១ ឆ្នាំ២០១៩ នៅខេត្តឧត្ដរមានជ័យ មានបទល្មើសកើតឡើងចំនួន០២ករណី គឺ ករណីឪពុកបង្កើតរំលោភកូនខ្លួនឯង រហូតដល់មានផ្ទៃពោះ នៅក្នុងស្រុកត្រពាំងប្រាសាទ និងករណីមួយទៀតគឺ ករណីរួមភេទជាមួយអនីតិជន ក្នុងស្រុកបន្ទាយអំពិល ដែលបង្កដោយជនសង្ស័យ ៤នាក់ ទៅលើកុមារអាយុ ១៤ឆ្នាំ។

ឯកឧត្ដម ប៉ែន កុសល្យ ក៏បានមានប្រសាសន៍លើកឡើងបន្ថែមថា កងកម្លាំងសមត្ថកិច្ចក៏ដូចជាអាជ្ញាធរនៅតាមមូលដ្ឋានទាំងអស់ ត្រូវបង្កើនការផ្សព្វផ្សាយច្បាប់ទប់ស្កាត់ការជួញដូរមនុស្ស និងធ្វើអាជីវកម្មផ្លូវភេទ ដើម្បី សុវត្ថិភាពចំណាកស្រុក ឲ្យបានទូលំទូលាយ ដល់ប្រជាពលរដ្ឋទូទាំងខេត្តនេះ និងចុះ ចងក្រង បណ្ដាញអ្នកស្ម័គ្រចិត្តតាមភូមិ ដើម្បីផ្ដល់យោបល់សម្របសម្រួល និង ទប់ស្កាត់អំពើហិង្សា ក្នុងគ្រួសារចំនួន ២៤ ឃុំក្នុងខេត្តដ៏មានជ័យ ជាពិសេស ត្រូវបន្តផែនការផ្សព្វផ្សាយស្ដីពី ការបង្ក្រាប អំពើជួញដូរមនុស្ស និងអំពើ ធ្វើអាជីវកម្មផ្លូវភេទ និងច្បាប់បង្ក្រាបអំពើហិង្សាក្នុងគ្រួសារ ឲ្យដល់មូលដ្ឋាន ដាច់ស្រយាល ក្នុងការផ្សព្វផ្សាយឱ្យបានស៊ីជម្រៅ ដល់សាលារៀន និងគ្រឹះស្ថានសិក្សាផងដែរ។