ភ្នំពេញ ៖ បុរសជនជាតិចិន២នាក់ បានបើករថយន្តមួយគ្រឿងជ្រុលទៅបុកក្បាលក្បាលនាគ ពុះចែកទ្រូងផ្លូវពេញទំហឹង បណ្តាលឲ្យបាក់អស់២កង់ខូចខាតរថយន្តស្ទើរទាំងស្រុង។
ហេតុការណ៏នេះបានកើតឡើងកាលពីវេលាម៉ោង ០១និង៣០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃសុក្រ ទី១៦ ខែសីហា ឆ្នាំ២០១៩ ស្ថិតនៅតាមបណ្តោយមហាវិថីព្រះមុនីវង្ស កែងមហាវិថីកម្ពុជាក្រោម ក្នុងសង្កាត់ផ្សារថ្មីទី២ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុគេឃើញបុរសជនជាតិចិន២នាក់រួមដំណើរជាមួយគ្នា បានបើកមួយគ្រឿងម៉ាកសុីណា ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AR-8479 ធ្វើដំណើរតាមបណ្តោយមហាវិថីព្រះមុនីវង្ស ទិសដៅពីត្បូងទៅជើងក្នុងល្បឿនលឿន
ខណះមកដល់ចំណុចកើតហេតុ កែងមហាវិថីកម្ពុជាក្រោម បានរេចង្កូតមកខាងឆ្វេងដៃជ្រុលទៅបុកក្បាលនាគពុះចែកទ្រូវផ្លូវពេញទំហឹង បណ្តាលឲ្យ​បាក់អស់២កង់ ចំណែករថយន្តខូចខាតមួយកំណាត់មុខស្ទើរតែទាំងស្រុង។ ភ្លាមនោះជនជាតិចិនទាំង២នាក់ ក៏បាននាំគ្នាចេញពីរថយន្តមកអង្គុយផឹកទឹកក្រឡុកធ្វើមិនដឹងដូចគ្មានរឿងអ្វីកើតឡើង ផឹករួចហើយក៏នាំគ្នាឡើងជិៈកង់បីចេញពីកន្លែងកើតហេតុបាត់។

ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ ហើយទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែងយក រថយន្តបង្កទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក រាជធានីភ្នំពេញ រងចាំដោះស្រាយគ្នាទៅតាមផ្លូវច្បាប់៕