នៅថ្ងៃព្រហស្បតិ៍ ១៥កើត ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៩
ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញជាអធិបតីក្នុងពិធីបើកការដ្ឋានជួសជុលកំណាត់ផ្លូវខ្នារចាស់ចេញពីផ្សារស្វាយធំចូលទៅដល់ក្រុងសៀមរាប ដោយមានការចូលរួមពីសំណាក់ឯកឧត្ដម លោកជំទាវគណៈប្រតិភូក្រសួង ឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្ដមអភិបាល នៃគណៈអភិបាលខេត្ត អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ថ្នាក់ដឹកនាំមន្ទីរជុំវិញខេត្ត ប្រជាការពារ សហភាពសហព័ន្ធយុវជនកម្ពុជា និងប្រជាពលរដ្ឋទាំងអស់ប្រមាណ២៥០នាក់។

កំណាត់ផ្លូវនេះមានប្រវែង ៤.៦០០ម៉ែត្រ និងពង្រីកទទឹងផ្លូវរហូតដល់១៥ម៉ែត្រ រត់បន្តពីផ្លូវ៧មករា ទៅភ្ជាប់ផ្លូវ២៦៥F ស្ថិតក្នុងសង្កាត់ជ្រាវ ក្រុងសៀមរាប ខេត្តសៀមរាប ជួសជុលដោយក្រាលកៅស៊ូពីរស្រទាប់DBST ព្រមទាំងសាងសង់បណ្ដាញលូដែលមានមុខកាត់១,២០ម៉ែត្រ ប្រវែង៤.៦០០ម៉ែត្រ និងបណ្ដាញលូដែលមានមុខកាត់១,០០ម៉ែត្រប្រវែង៤.៦០០ម៉ែត្រ និងដាក់លូកាត់ទទឹងផ្លូវសម្រាប់រំដោះទឹកចំនួន១០កន្លែង។

កំណាត់ផ្លូវខ្នារចាស់ជាកំណាត់ផ្លូវមេមួយដ៏សំខាន់សម្រាប់បញ្ជៀសការកកស្ទះចរាចរណ៍នៅក្នុងក្រុងសៀមរាប ក៏ដូចជារួមចំណែកកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ផងដែរ។ មិនត្រឹមតែប៉ុណ្ណោះ កំណាត់ផ្លូវនេះចូលរួមយ៉ាងសកម្មក្នុងការទ្រទ្រង់កំណើនសេដ្ឋកិច្ចរបស់បងប្អូនប្រជាពលរដ្ឋក្នុងតំបន់នេះ តាមរយៈការធ្វើពាណិជ្ជកម្ម និងការដឹកជញ្ជូនផលិតផលរបស់ខ្លួនទៅកាន់ទីផ្សារគោលដៅទាំងក្នុងស្រុក និងក្រៅស្រុក។

ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្ដមទេសរដ្ឋមន្ត្រី បានបង្ហាញពីគម្រោងសំខាន់ៗដែលត្រូវអនុវត្តឱ្យខាងតែបាននៅក្នុងខេត្តសៀមរាបដូចជា៖ ផែនការមេគ្រប់គ្រងទឹកកខ្វក់ គម្រោងប្រព័ន្ធរំដោះទឹកភ្លៀង គម្រោងប្រព័ន្ធការពារទឹកជំនន់ និងគម្រោងផ្សេងៗទៀត ដើម្បីលើកស្ទួយខេត្តដ៏មានសក្ដានុពលមួយនេះឱ្យមានភាពស្រស់បំព្រង ប្រកបដោយអនាម័យ និងបរិស្ថានល្អ សំដៅទាក់ទាញភ្ញៀវបន្ថែមទៀត។

លើសពីនេះទៀត ឯកឧត្ដមទេសរដ្ឋមន្ត្រីក៏បានជម្រាបជូនអង្គពិធីអំពីគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់នៅកម្ពុជា ដូចជាគម្រោងផ្លូវជាតិលេខ៣ លេខ៥ លេខ៥៥ លេខ១០ ផ្លូវល្បឿនលឿនភ្នំពេញខេត្តព្រះសីហនុ និងគម្រោងជាច្រើនទៀតដែលបានអនុវត្តរួច និងកំពុងអនុវត្ត។

ឯកឧត្ដមទេសរដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា សមិទ្ធផលទាំងនេះកើតចេញពីសុខសន្តិភាព ស្ថិរភាពនយោបាយ និងការអភិវឌ្ឍ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ ដូចនេះ យើងទាំងអស់គ្នាត្រូវចូលរួមជាមួយរាជរដ្ឋាភិបាល ដើម្បីការពារសុខសន្តិភាពឱ្យបានគង់វង្សជាអមតៈ សំដៅបន្តការអភិវឌ្ឍសម្រាប់កូនចៅយើងជំនាន់ក្រោយៗទៀត។

ឯកឧត្ដមទេសរដ្ឋមន្ត្រី បានថ្លែអំណរគុណដល់ក្រសួងស្ថាប័នពាក់ព័ន្ធ និងអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ដែលជំរុញឱ្យគម្រោងនេះលេចចេញជារូបរាង និងបានស្នើសុំឱ្យបងប្អូនប្រជាពលរដ្ឋដែលរស់នៅ និងអ្នកធ្វើដំណើរតាមបណ្ដោយផ្លូវនោះ មានការអធ្យាស្រ័យខ្ពស់ ចំពោះការរំខាននានាក្នុងអំឡុងពេលជួសជុល និងស្នើសុំឱ្យបងប្អូនចូលរួមយ៉ាងសកម្មដើម្បីឱ្យការអនុវត្តគម្រោងនេះប្រព្រឹត្តទៅដោយរលូន និងបញ្ចប់តាមកាលកំណត់។

ឯកឧត្ដមទេសរដ្ឋមន្ត្រីបានអំពាវនាវឱ្យបងប្អូនប្រជាពលរដ្ឋចូលរួមគោរពច្បាប់ចរាចរណ៍ឱ្យបានម៉ឺងម៉ាត់ ដើម្បី​ជៀស​វាងឱ្យផុតពីគ្រោះថ្នាក់នានា ដែលកើតឡើងពីការធ្វេសប្រហែសរបស់ខ្លួន និងផ្ទុកទំនិញមិនឱ្យលើស​ទម្ងន់កម្រិតដោយច្បាប់៕