កំពង់ចាម: សមិទ្ធផលនានា បានធ្វើការកសាង និងជួសជុល កែលម្អជាបន្តបន្ទាប់ ក្រោមដំបូល នៃសុខសន្តិភាព ។ កាលពីថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៩ កន្លងទៅនេះ ឯកឧត្តម ហ៊ុន ណេង អ្នកតំណាងរាស្រ្តមណ្ឌលខេត្តកំពង់ចាម អមដំណើរ ដោយថ្នាក់នាំមន្ត្រីរាជការ មន្ទីរ អង្គភាព ក្នុងខេត្ត និងអាជ្ញាធរមូលដ្ឋាន បានចុះពិនិត្យអគារស្នាក់ការគណបក្សឃុំ ១កន្លែង ស្ថិតនៅឃុំមេសជ្រៃ ស្រុកស្ទឹងត្រង់ និងពិនិត្យសកម្មភាព នៃការសាងសង់តំបូលវិហារ ស្ថិតនៅវត្តទួលរកា ឃុំពាមកោះស្នា ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ។
សូមរំលឹកថា ដើម្បី សម្រួលដល់ការបំពេញការងារ របស់មន្ត្រីមូលដ្ឋាន ឯកឧត្តម ហ៊ុន ណេង អ្នកតំណាងរាស្រ្តមណ្ឌល ខេត្តកំពង់ចាម ក៏បានផ្ដួចផ្ដើមកសាងស្នាក់ការគណបក្សមូលដ្ឋាន ១កន្លែង ឡើង ដែលមានទំហំ ១៨ គុណនឹង ៩ម៉ែត្រ រួមជាមួយនឹងបន្ទប់អនាម័យ របងខាងមុខ ក្រោមការជួយឧបត្ថម្ភថវិកាផ្ទាល់ ពីឯកឧត្ដមអ្នកតំណាងរាស្ត្រ ។ បច្ចុប្បន្ន អគារខាងលើនេះ សម្រេចការងារសង់សងរួចរាល់ជាស្ថាពរ និងបានប្រគល់ឲ្យថ្នាក់ដឹកនាំមូលដ្ឋាន ដើម្បី គ្រប់គ្រង ប្រើប្រាស់ ទៅតាមតម្រូវការជាក់ស្ដែង ។

ដោយឡែក ជាការឆ្លើយតបទៅនឹងសំណូមពរ របស់ព្រះសង្ឃ គណកម្មការ អាចារ្យ និងបរិស័ទចំណុះជើងវត្ត ជាពិសេស ការពិនិត្យស្ថានភាពជាក់ស្ដែង លើតំបូលវិហារ ស្ថិតនៅវត្តទួលរកា ឃុំពាមកោះស្នា ស្រុកស្ទឹងត្រង់ ដែលបានកសាងឡើង ប្រមាណជា ៨០ឆ្នាំ កន្លងទៅ មានសភាពចាស់ ទ្រុឌទ្រោម ធ្លុះធ្លាយ ជ្រាបទឹក នាពេលភ្លៀងមកម្ដងៗ ធ្វើឲ្យរំខានដល់ប្រជាពុទ្ធបរិស័ទ និងព្រះសង្ឃ ឯកឧត្ដម ហ៊ុន ណេង អ្នកតំណាងរាស្ត្រមណ្ឌល ខេត្តកំពង់ចាម និងលោកជំទាវ រួមជាមួយសប្បុរសជន បានរួមគ្នា ជួសជុល កែលម្អតំបូលវិហារនេះ សាជាថ្មីឡើងវិញ ។

ទន្ទឹមនឹងនោះដែរ អ្នកតំណាងរាស្ត្រ ក៏បានធ្វើការជួសជុលកែលម្អ ទីកន្លែងជុំវិញវិហារ ដែលមានបេតុងរបេះ បាក់បែក ឲ្យបានប្រសើរ ផងដែរ ។ យោងតាមការអះអាង ររបស់ក្រុមជាង ឲ្យដឹងថា តំបូលវិហារខាងលើ មានទំហំប្រមាណជា ៦៤៩ការ៉េ និងកំពុងជួសជុលឡើងវិញ ដែលមកដល់ពេលនេះ សម្រេចលទ្ធផលការងារ បានប្រមាណជា ៨០%ហើយ ។

ដោយឡែក ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្ដម ហ៊ុន ណេង និងថ្នាក់ដឹកនាំមន្ត្រីរាជការ អមដំណើរដោយអាជ្ញាធរមូលដ្ឋាន ក៏បានបន្តដំណើរចុះពិនិត្យ សកម្មភាព នៃការរៀបចំបូមខ្សាច់ ទប់ការពារបាក់ស្រុតច្រាំងទន្លេ នៅចំណុចឃុំពាមកោះស្នា និងឃុំព្រះអណ្តូង ក្នុងស្រុកស្ទឹងត្រង់ ។

សូមបញ្ជាក់ថា បច្ចុប្បន្ននេះ ដោយបានការយកចិត្តទុកដាក់ ពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី ក្រសួងធនធានទឹក និងឧតុនិយម ជាស្ថាប័នជំនាញ បាននឹងកំពុងបំពេញបេសកកម្ម យ៉ាងមមាញឹក ក្នុងការទប់ស្កាត់ការបាក់ស្រុតច្រាំងទន្លេ ដែលនាំឲ្យប៉ះពាល់លំនៅដ្ឋានប្រជាពលរដ្ឋ និងផ្លូវថ្នល់ នៅចំណុចទាំង ៣កន្លែង គឺ ៖ ទី១.នៅភូមិពាមក្រៅ នៃឃុំពាមកោះស្នា ដោយ រៀប បាវ តាមលក្ខណៈបច្ចេកទេស បានប្រវែង ៣៤៥ម ប្រើបាវអស់ចំនួន ៧៥១បាវ ។ ទី២.នៅភូមិព្រះអណ្តូងទី២ នៃឃុំព្រះអណ្តូង ដោយរៀបបាវបានប្រវែង ១៧១ម និងប្រើបាវអស់ចំនួន ៣៨៧បាវ ។ និងទី៣.នៅក្នុងភូមិព្រែកស្តី នៃឃុំព្រះអណ្ដូង ដោយរៀបបាវបានប្រវែង ២១៩ម ហើយប្រើបាវអស់ចំនួន ៤៩០បាវ នៅក្នុងផែនការទប់ច្រាំង ដែលមានប្រវែងសរុបរួម ចំនួន ៧៣៥ម និងបាវ ចំនួន ១.៦២៨ ផងដែរ ។ នេះ បើតាមប្រភព ឲ្យដឹងពី លោក អ៊ុម វិបុល ប្រធានមន្ទីរធនធានទឹក និងឧតុនិយម ខេត្តកំពង់ចាម ៕