ក្រោមកិច្ចសហប្រតិបត្តិការជាមួយសាកលវិទ្យាល័យពេទ្យ Soon Chun Hyang នៃប្រទេសកូរ៉េ សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ(TYDA)បានធ្វើសកម្មមនុស្សធម៌តាមរយៈការពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃជាង៤ពាន់នាក់នៅលើទឹកដីឃុំស្យា ស្រុកកណ្តៀងខេត្តពោធិ៍សាត់ កាលពីចុងសប្តាកន្លងទៅ។

ឯកឧត្តម ម៉ៅ ធនិន បានលើកឡើងថាសម្តេចតេជោ ហ៊ុន សែនបានយកជីវិតធ្វើជាដើមទុនដើម្បីស្វែងរកសុខសន្តិភាពពេញលេញនៅទូទាំងប្រទេស។ ជំនួសមុខឲ្យប្រជាពលរដ្ឋនៅទូទាំងខេត្តពោធិ៍សាត់សូមថ្លែងអំណរគុណដ៏ជ្រាលជ្រៅចំពោះសម្ដេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតដែលបានយកចិត្តទុកដាក់ចំពោះសុខទុក្ខ និងសុខមាលភាពប្រជាពលរដ្ឋតាមរយៈការពិនិត្យ និងព្យាបាលប្រជាពលរដ្ឋដោយឥតគិតថ្លៃដែលសកម្មភាពមនុស្សធម៌នេះបានជួយសម្រាលដល់ការចំណាយនៅក្នុងជីវភាពប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ។

ឯកឧត្តម កែវ រតនៈ បានលើកឡើងថាហ៊ុនសែនបានខិតខំអភិវឌ្ឍប្រទេសជាតិនិយាយជារួម និងនិយាយដោយឡែកខេត្តពោធិ៍សាត់ ឲ្យមានការរីកចម្រើនដូចសព្វថ្ងៃនេះ។ លើសពីនេះសម្ដេចបានយកចិត្តទុកដាក់ចំពោះសុខទុក្ខ សុខមាលភាពរបស់ប្រជាពលរដ្ឋ និងការផ្ដល់សេវាសាធារណៈឲ្យបានល្អជូនប្រជាពលរដ្ឋ។

សូមបញ្ជាក់ថានេះជាលើកទី២ ហើយដែលសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ(TYDA)បានចុះពិនិត្យ និងព្យាបាលជូនប្រជាពលរដ្ឋដោយគិតថ្លៃនៅក្នុងស្រុកកណ្តៀង ខេត្តពោធិ៍សាត់ ដែលលើកទី១នៅឃុំស្តុកបានពិនិត្យនិងព្យាបាលជូនប្រជាពលរដ្ឋចំនួនជាង៣០០០នាក់ និងលើកទី២នេះ នៅឃុំស្យាបានពិនិត្យនិងព្យាបាល ជូនប្រជាពលរដ្ឋចំនួនជាង៤០០០នាក់។