ខេត្តព្រះសីហនុ៖ មានការភ្ញាក់ផ្អើលដោយសារទទួលបានព័ត៌មានថា មានការចាក់ដីក្នុងស្រះឈូកស្ថិតនៅជាប់ផ្លូវជាតិលេខ៤ ភូមិ៣ សង្កាត់លេខ១ ក្រុង/ខេត្តព្រះសីហនុចំណុចមុខរោងចក្រស្រាបៀរអង្គរ។ បើតាមប្រភពពីប្រជាពលរដ្ឋដែល បានជូនដំណឹងមកអ្នកសារព័ត៌មានយើងនៅព្រឹកថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៩ ឱ្យដឹងថាគេឃើញមានការឃាត់រថយន្ត ចាក់ដីនៅក្នុងស្រះទឹកខាងលើនេះបានជាច្រើនគ្រឿង ហើយប្រភពបានបន្តពីប្រជាពលរដ្ឋ ក្នុងការសង្ស័យថារថយន្តដែលចាក់ដីទាំងនោះអាចយកទៅមន្ទីរសាធារណការឬក៏ទៅណាទៀតគាត់មិនទាន់ដឹងច្បាស់លាស់ទេ។

បើតាមប្រភពពីប្រជាការពារដែលកំពុងឈរជើងនឹងនៅកន្លែងចាក់ដីនោះបានប្រាប់ឲ្យដឹងថា ដំបូងឡើយគាត់បាន ធ្វើការសួរនាំនិងឃាត់តាមបញ្ជារបស់ចៅសង្កាត់ ក្រោយមកក៏លោកស្រីមេភូមិបានមកដល់ ហើយគាត់ក៏មិនបានដឹងអ្វីផ្សេងទៀតដែរ។ ឆ្លើយតបនឹងបញ្ហាខាងលើនេះ លោកស្រីមេភូមិ២ បានឲ្យដឹងថាលោកស្រីបានចេញពីប្រជុំនៅសង្កាត់ ហើយក៏បានឃើញប្រជាការពារជាច្រើននៅទីនោះលោកស្រីក៏បានចុះសួរនាំប៉ុន្តែមិនបានឃើញរថយន្តចាក់ដីនោះទេ។ លោកស្រីបានបន្ថែមទៀតថា មិនបានដឹងពីការបញ្ជាឲ្យចាក់ដីនៅ ចំណុចខាងលើនេះឡើយ។

ចំណែកឯលោក ឈិត សុផាត ចៅសង្កាត់លេខ១ បានប្រាប់ទូរទស្សន៍កម្ពុជាប៉ុស្តិ៍លេខ៨ HD ថាលោកក៏បានដឹងពីការចាក់ដីនេះហើយលោកក៏បានឃាត់រថយន្ដចំនួន ៣គ្រឿងប៉ុន្តែខាងបរិស្ថានបានស្នើសុំឲ្យយកទៅខាងក្រុងវិញទើបលោកប្រគល់ឱ្យខាងបរិស្ថានទៅ ហើយចំពោះការចាក់ដីនេះបើតាមលោកចៅសង្កាត់ប្រាប់ថាមិនទាន់ដឹងថា អ្នកណាជាអ្នកបញ្ជាឲ្យចាក់នោះទេ លោកនឹងមើលឯកសារឡើងវិញសិន។

ជុំវិញនឹងការលើកឡើងរបស់លោកចៅសង្កាត់លេខ១នេះ លោក សាមុត សុធារិទ្ធ ប្រធានមន្ទីរ បរិស្ថានខេត្តព្រះសីហនុ បានឲ្យដឹងថា លោកមិនបានទទួលដំណឹងនេះទេ ហើយក្រុមការងាររបស់លោក ក៏មិនមានការចាប់ រថយន្តណាមួយដែរ។ ចំណែកលោក អុី សុខឡេង អភិបាលក្រុងព្រះសីហនុ បានថ្លែងប្រាប់ក្រុមអ្នកព័ត៌មានយើងថា លោកមិនបានទទួលឯកសារអ្វីហើយក៏មិនមានការចាប់រថយន្តដឹកដីមកសាលាក្រុងដែរ លោកក៏បានបញ្ចាក់ថា ខាងក្រុងក៏អត់មានសិទ្ធិអនុញ្ញាតឱ្យមានការចាក់ដីទំហំធំៗដូច្នេះដែរ។

ពាក់ព័ន្ធនឹងរឿងរ៉ាវនេះ ត្រូវបានបងប្អូនប្រជាពលរដ្ឋដែលបានរាយការណ៍នោះបង្ហើបប្រាប់ថា ចោរលួចចាក់ដីទាំងថ្ងៃទាំងយប់មានទាំងអ្នកដែលចង្អុលឲ្យចាក់មានទាំងភស្តុតាងអាចម៍ដី ចាប់បានទាំងរថយន្តដឹកដីចំនួន ៣គ្រឿង ប៉ុន្តែបែរជារករថយន្ត ៣គ្រឿងនោះមិនឃើញ។ ហើយប្រជាពលរដ្ឋដដែលបានបន្ថែមថា អាជ្ញាធរពិតជាអសមត្ថភាពមែនឬយ៉ាងណា? ឬក៏មានអាជ្ញាធរមូលដ្ឋានណាម្នាក់ដែលត្រូវដងត្រូវផ្លែ ចាប់រថយន្តបានហើយស្ងាត់ដោះលែងទៅវិញបាត់ទើបរករថយន្តនោះមិនឃើញ៕