បន្ទាយមានជ័យ :កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ដឹកនាំដោយលោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង ប្រកបដោយឯកសណ្ឋានត្រឹមត្រូវ បានចុះល្បាតការពារសន្តិសុខសណ្តាប់ធ្នាប់ក្នុងភូមិសាស្ត្រក្រុងប៉ោយប៉ែតឃាត់ខ្លួនជនសង្ស័យជួញដូរ និងរក្សារទុកគ្រឿងញៀន ម្នាក់នៅក្នុងភូមិក្បាលកោះ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បញ្ជូនមកអាវុធហត្ថខេត្ត។ក្រោយពីធ្វើការឃាត់ខ្លួន ជនសង្ស័យត្រូវបានបញ្ជូនមកបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងដើម្បីធ្វើការសាកសួរ ។

លោកវរសេនីយ៍ត្រី នួន នីណារ៉ូ បានឲ្យដឹងថាជនសង្ស័យមានឈ្មោះ នួន ធីភេទប្រុស អាយុ ២០ឆ្នាំ ជនជាតិខ្មែរ ទីលំនៅបច្ចុប្បន្នស្ថិតក្នុងភូមិក្បាលកោះ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យឃាត់ខ្លួន ដោយបានដកហូតវត្ថុតាង គ្រឿងញៀន មេតំហ្វេតាមីន ទឹកកកចំនួន០៦ កូនថង់តូច និងគ្រឿងញៀន មេតំហ្វេតាមីនគ្រាប់ ចំនួន ០៣ គ្រាប់។

លោកវរសេនីយ៍ឯក ស ប៊ុនសឿង មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ ទទួលការងារបទល្មើសគ្រឿងញៀនបានឲ្យដឹងថា ដោយបានការអនុញ្ញាតិពីលោកឧត្តមសនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធខេត្ត និងដោយមានការសម្របសម្រួលដោយលោក មាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញា នៃអយ្យាការអបសារដំបូងខេត្ត លោកបានចាត់ឲ្យកម្លាំងជំនាញ សាកសួរចម្លើយលើជនសង្ស័យ ឈ្មោះ នួន ធី ។ ក្រោយពីការសាកសួរចម្លើយរួចមកជនសង្ស័យបានឆ្លើយសារភាពថា :ខ្លួនគេពិតជាបានទិញគ្រឿងញៀនយកមករក្សាទុក ដើម្បីលក់បន្តពិតប្រាកដមែន ។ លោកវរសេនីយ៍ឯក ស ប៊ុនសឿង បានបន្តទៀតថា :តាមចម្លើយសារភាពរបស់ជនសង្ស័យរួមទាំងវត្ថុតាងផងនោះ គឺមានភាពស៊ីសង្វាក់គ្នា បង្ហាញពីតម្រុយនៃបទល្មើសយ៉ាងជាក់លាក់ ដូច្នេះជនសង្ស័យត្រូវបានចោទប្រកាន់ពីបទជួញដូរ និងរក្សារទុកគ្រឿងញៀនដោយខុសច្បាប់ ។

បច្ចុប្បន្នជនសង្ស័យត្រូវបានកម្លាំងជំនាញបទល្មើសគ្រឿងញៀនកងរាជអាវុធហត្ថខេត្តកំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីចាត់ការតាមនីតិវិធី ៕