កណ្តាល៖ សមត្ថកិច្ចកំពុងបន្តស្វែងរកម្ចាស់ឃ្លាំង និងទំនិញនៅឃុំគគីរ មកទទួលខុសត្រូវ ខណៈចុះឆែកដេប៉ូកុងទីន័រ បែរជាឃើញទំនិញច្រើនប្រភេទរយៈពេលជិត៣ថ្ងៃហើយ គិតមកដល់ថ្ងៃទី២៣ ខែសីហានេះ ដែលកម្លាំងសមត្ថកិច្ចចម្រុះ សម្របសម្រួលនីតិវិធីដោយលោក ហោ លីណា ព្រះរាជអាជ្ញារង នៃអយ្យការសាលាដំបូងខេត្តកណ្តាល ដែលបានចុះប្រតិបត្តិការឆែកឆេរ និងត្រួតពិនិត្យឃ្លាំងកុងទីន័រដ៏ធំមួយ ស្ថិតនៅក្នុងភូមិចិនកោះ ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល តែមិនបានឃើញទូកុងទីន័រ ដូចស្លាកយីហោនោះទេ តែជារកឃើញទំនិញជាច្រើនប្រភេទ កំពុងស្តុកនៅក្នុងឈ្លាំងនោះទៅវិញ។

លោក ទិន សុចិត្រា អ្នកនាំពាក្យអយ្យការ អមសាលាដំបូងខេត្តកណ្តាល បានថ្លែងប្រាប់កាលពីថ្ងៃទី២២ ខែសីហា ម្សិលមិញថា ការចុះឆែកឆេរ ត្រួតពិនិត្យឃ្លាំងស្តុកទំនិញខាងលើនេះ បានកើតឡើងដោយសារតែ សមត្ថកិច្ចបានទទួលបានព័ត៌មានថា ស្លាកយីហោរបស់ទីតាំងនេះ ជាដេប៉ូកុងទីន័រ ប៉ុន្តែមានស្តុកទំនិញជាច្រើន។ ដូច្នេះហើយ ទើបកម្លាំងចម្រុះចុះប្រតិបត្តិការឆែកឆេរ និងបានឃើញទំនិញជាច្រើនប្រភេទដូច្នោះមែន ប៉ុន្តែមិនបានជួប​ម្ចាស់ទំនិញទេក្នុងខណៈនោះ និងរហូតមកដល់ពេលនេះ គឺជួបតែអ្នកយាមឃ្លាំងប៉ុណ្ណោះ។
ហើយបច្ចុប្បន្ននេះ ទំនិញទាំងអស់នេះ គឺស្ថិតក្នុងការស៊ើបសង្កេតរបស់សមត្ថកិច្ច នៅឡើយទេ ហើយក៍មិនទាន់ដឹងថា ទំនិញទាំងអស់ ខុសច្បាប់ ឬ ស្របច្បាប់នោះដែរ ។
លោក ទិន សុចិត្រា បានបន្ថែមថា ទំនិញដែលសមត្ថកិច្ចបានពិនិត្យឃើញទាំងនេះ មានដូចជា៖
១. គ្រឿងកង់ច្រើនប្រភេទ ចំនួន ១០៩,៩៩១ គីឡូក្រាម។
២. គ្រឿងកង្ហារ ១៦,៣០៤ គីឡូក្រាម។
៣. ប៉ាដាងម៉ូតូ ចំនួន ៣១២ គីឡូក្រាម ។
៤. បន្ទាសរថយន្ត ចំនួន ១,៥០០ គីឡូក្រាម ។
៥. កុងទ័រភ្លើង កូនជ្រូកអំពូលភ្លើង និង អំពូល LED ចំនួន ២០,១៩៣ គីឡូក្រាម ។
៦. ម្សៅបៀក TOCOMO putty power ចំនួន ២៤,០០០ គីឡូក្រាម ។
៧. ភេសជ្ជៈកំប៉ុង ឆាំងគូល័ង ៤,៤២៤ គីឡូក្រាម ។
៨. ក្រដាសអនាម័យ Shuzhiwen ៨៤០ គីឡូក្រាម ។
៩. បំពង់ទឹកក្តៅ-ត្រជាក់ ចំនួន ៨៤ គីឡូក្រាម ។
១០. ខ្សែភ្លើង ៣៥២ គីឡូក្រាម។
១១. ចានបង្គន់ ចំនួន ១.៧៦០ គីឡូក្រាម ។
១២. ចង្កឹះឬស្សី ចំនួន ១,៣៤៤ គីឡូក្រាម ។
១៣. ឧបករណ៍បំលែងអគ្គិសនី ចំនួន ៩៦ គីឡូក្រាម ។
១៤. ម៉ាស៊ីនភ្លើងផលិតនៅចិន ០១ គ្រឿង
១៥. សំបកបារី ៤៨០ កេះ និងទំនិញ ៣០មុខផ្សេងៗទៀត ចំនួន ២៣២,៨៣៩ គីឡូក្រាម៕