ក្រសួងបរិស្ថានបានបន្តដាំកូនឈើព្រៃ១៥០០០ដើមបន្ថែមទៀត នៅថ្ងៃសៅរ៍៩រោច ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹង ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៩ នៅក្នុងសហគមន៍តំបន់ការពារធម្មជាតិជីឱកបឹងប្រិយ៍ នៃដែនជម្រកសត្វព្រៃបឹងពែរ ស្ថិតក្នុងភូមិសាស្រ្តស្រុករវៀង ខេត្តព្រះវិហារ ។ ពិធីដាំស្តារកូនឈើព្រៃនេះរៀបចំឡើងដោយអគ្គនាយកដ្ឋានសហគមន៍មូលដ្ឋាន អគ្គនាយកដ្ឋានតំបន់ការពារ និងអភិរក្សធនធានធម្មជាតិនៃក្រសួងបរិស្ថាន ដោយមានការគាំទ្រ និងសហការពីគម្រោងមូលនិធិបន្សាំទៅនឹងការប្រែប្រួលអាកាសធាតុ ក្នុងគោលបំណងរក្សាគម្របព្រៃឈើ និងបង្កើនជីវៈចម្រុះ ក៏ដូចជាការទប់ស្កាត់សកម្មភាពកាប់ទន្ទ្រានយកដីព្រៃខុសច្បាប់។

ឯកឧត្តម ស៊ូ សិរី បានថ្លែងអំណរគុណដល់ក្រសួងបរិស្ថាន ដែលខិតខំប្រឹងប្រែងការពារ និងអភិរក្សធនធានធម្មជាតិសម្រាប់មនុស្សគ្រប់ជំនាន់ ជាពិសេសយុទ្ឋនាការដាំកូនឈើព្រៃនៅតាមតំបន់ការពារធម្មជាតិនាពេលនេះ មានសារៈសំខាន់ណាស់សម្រាប់បង្កើនគម្របព្រៃ និងចូលួមនៅក្នុងការឆ្លើយតបការបម្រែបម្រួលអាកាសធាតុ និងលើកកម្ពស់ជីវភាពប្រជាសហគមន៍នៅក្នុងខេត្តព្រះវិហារ។

ឯកឧត្តម សៅ សុភាព បានលើកឡើងថា សហគមន៍តំបន់ការពារធម្មជាតិមានតួនាទីរួមចំណែកយ៉ាងសំខាន់ក្នុងការគ្រប់គ្រង  ការពារ និងអភិរក្សធនធានធម្មជាតិ និងជីវ:ចម្រុះ  ហើយក្រសួងបរិស្ថាននឹងបន្តផ្តល់ការគាំទ្រដល់សហគមន៍ក្នុងការលេីកកម្ពស់ជីវភាពរស់នៅតាមរយ:ជម្រេីសមុខរបរថ្មីៗ  សកម្មភាពទេសចរណ៍ធម្មជាតិ  និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធមូលដ្ឋាននានា  ក៏ដូចជាការពង្រឹងសមត្ថភាពសហគមន៍ក្នុងការគ្រប់គ្រងតំបន់ការពារធម្មជាតិ ដេីម្បីធានាឱ្យមានការប្រេីប្រាស់ធនធានធម្មជាតិប្រកបដោយនិរន្តរភាព  និងរក្សាបាននូវតម្លៃនិងមុខងារនៃប្រព័ន្ធអេកូឡូស៊ីនៅក្នុងតំបន់ការពារធម្មជាតិ។ ឯកឧត្តមរដ្ឋលេខាធិការ បានចាត់ទុកថា ការចូលរួមដាំស្តារឈើព្រៃនេះគឺជាការប្តេជ្ញាចិត្តរួមគ្នាក្នុងការការពារ  និងអភិរក្សធនធានធម្មជាតិ  ដេីម្បីជាប្រយោជន៍ដល់សហគមន៍មូលដ្ឋានដោយផ្ទាល់  និងសង្គមជាតិយេីងទាំងមូល។

ជាមួយគ្នានេះដែរ ឯកឧត្តមរដ្ឋលេខាធិការក្រសួងបរិស្ថាន បានលើកទឹកចិត្តឱ្យប្រជាពលរដ្ឋដែលបានចូលរួមដាំកូនឈើព្រៃនៅថ្ងៃនេះ បន្តថែរក្សាការពារកូនឈើឱ្យបានលូតលាស់ល្អ និងចូលរួមកាត់បន្ថយការដាក់សម្ពាធទៅលើធនធានធម្មជាតិ និងផ្លាស់ប្តូរគំនិតចូលរួមថែរក្សាធនធាននេះឱ្យបានគង់វង្ស។សូមបញ្ជាក់ថា ព្រឹត្តិការណ៍ដាំកូនឈើព្រៃនៅថ្ងៃនេះរៀបចំឡើងបន្ទាប់ពីការដាំស្តារព្រៃធម្មជាតិ ចំនួន២៥០០០ដើម នៅខេត្តសៀមរាប កាលពីម្សិលមិញ ក្រោមអធិបតីភាព ឯកឧត្តម សៅ សុភាព រដ្ឋលេខាធិការក្រសួងបរិស្ថាន និងមានការអញ្ជើញចូលរួមពី ឯកឧត្តម ស៊ូ សិរី អភិបាលរងនៃគណៈអភិបាលខេត្តព្រះវិហារ ថ្នាក់ដឹកនាំ មន្រ្តីរាជការក្រសួងបរិស្ថាន អាជ្ញាធរមូលដ្ឋាន មន្រ្តីឧទ្យានុរក្ស ព្រះសង្ឃ និងប្រជាសហគមន៍ជាច្រើន។

រយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៩ កន្លងមកនេះ ក្រសួងបរិស្ថាន បានដាំកូនឈើព្រៃចំនួន៤០០០០ដើម ដើម្បីស្តារព្រៃឈើឡើងវិញ នៅក្នុងតំបន់ការពារធម្មជាតិ ចំនួនពីរគឺនៅឧទ្យានជាតិព្រះជ័យវរ្ម័ន-នរោត្តម ភ្នំគូលែន ខេត្តសៀមរាប និងនៅតំបន់ដែនជម្រកសត្វព្រៃបឹងពែរ ខេត្តព្រះវិហារ លើផ្ទៃដីចំនួន១៦ ហិចតា ដែលបានដកហូតពីការកាប់ទន្ទ្រានដីព្រៃដោយជនល្មើស នៅតាមតំបន់ការពារធម្មជាតិទាំងនោះ។